រាជធានីភ្នំពេញ ៖ សម្រាប់ដំណើរទស្សនកិច្ចការងារ និងផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាពេលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ការទូតសភារបស់កម្ពុជា សំដៅដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដែលនឹងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។
ដូចជាការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃ ទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សមាជិកព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងថ្នាក់ដឹកនាំមកពីក្រសួង/ស្ថាប័ននានា ។
ក្នុងអំឡុងទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន ឯកឧត្តម ប្រាបូរ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធានព្រឹទ្ធសភា និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា ។
ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្តេចតេជោ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមាន ១) ជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន និង ២) ផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជា វិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីនិងប្រចាំអាស៊ានថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ី ។
ដោយឡែកក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ប្រធាន ព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រ ឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វីណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ ។
ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា មន្ត្រីរដ្ឋាភិបាល អង្គទូត និស្សិត និងសង្គមស៊ីវិលទីម័រឡេស្តេ ។
គួរកត់សម្គាល់ផងដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជំរុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភាផងដែរ ៕


ចែករំលែកព័តមាននេះ