ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​តៃកុង​ឡាន​ទៅ​តុលាការ​តាម​សាលក្រម ពាក់ព័ន្ធ​ករណី​ឆបោក និង​ក្លែង​ឯកសារ​យក​ឡាន​​ទំនើប​១​គ្រឿង​ទៅ​បញ្ចាំ

43 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ឧសភា ឆ្នាំ​២០២៥ នេះ បាន​ចាប់​បញ្ជូន​អ្នកបើកបរ​រថយន្ត​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆបោក​ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង​ដែល​ជនសង្ស័យ​បាន​យក​រថយន្ត​ទំនើប​មួយ​គ្រឿង​ជា​របស់​អ្នក​ដទៃ​ទៅ​ដាក់បញ្ចាំ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ឧសភា ឆ្នាំ​២០២៥ នេះ បាន​ចាប់​បញ្ជូន​អ្នកបើកបរ​រថយន្ត​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឆបោក​ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង​ដែល​ជនសង្ស័យ​បាន​យក​រថយន្ត​ទំនើប​មួយ​គ្រឿង​ជា​របស់​អ្នក​ដទៃ​ទៅ​ដាក់បញ្ចាំ ។

ជនសង្ស័យ​ឈ្មោះ ឈាង ធីតា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ត្រពាំង​យោង ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ ។

ជនជាប់ចោទ​ឈ្មោះ ឈាង ធីតា មាន​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ ពី​បទ​.​ឆបោក ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​ឯកសារ​ក្លែង​តាម​បញ្ញត្តិ​មាត្រា​៣៧៧ មាត្រា ៣៧៨ មាត្រា​៦២៦ មាត្រា​៦២៧ និង​មាត្រា​៦២៨ នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៣ ។

សាលក្រម​បាន​បង្គ​ប់​ឲ្យ​មនុស្ស​២​នាក់​ទៀត ម្នាក់​ឈ្មោះ ស៊ា​ង គឹ​ម​អ៊ី និង​ឈ្មោះ អ៊ុ​ក ប៊ុ​ន​ង៉ ជាមួយ​ជនជាប់ចោទ​ឈ្មោះ ឈាង ធីតា រួម​គ្នា​សង​ប្រាក់​ចំនួន​៤.៥០០០​ដុល្លារ​អា​មេ​រិ​ក និង​ជំងឺ​ចិត្ត​ចំនួន​៥.០០០​ដុល្លារ ឲ្យ​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ជា រតនៈ ការ​ទាមទារ​លើស​ពី​នេះ​ច្រាល​ចោល ។

បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​ឈ្មោះ ឈាង ធីតា តាម​បញ្ញត្តិ​មាត្រា​៣៥៣ នៃ​ក្រមព្រហ្មទណ្ឌ ដើម្បី​យក​ទៅ​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​នេះ ។ អង្គហេតុ​ពាក់​ពន្ធ​ការ​ចាប់ខ្លួន​តៃកុង​ឡាន​នោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ​២០២៣ ជនសង្ស័យ​និង​បក្សពួក​២​នាក់​ទៀត បាន​សម​គំ​និង​គ្នា យក​រថយន្ត​ទំនើប​មួយ​គ្រឿង​របស់​ថៅកែ​ក្លែង​ឯកសារ​ទៅ​ដាក់បញ្ចាំ​ឲ្យ​ឈ្មោះ ជា រតនៈ ខណៈ​អ្នក​ទទួល​បញ្ចាំ​មើលទៅ​ស្មាន​តែ​ឯកសារ​ត្រឹមត្រូវ ក៏​ប្រគល់​ប្រាក់​ចំនួន​៤៥០០០​ដុល្លារ​អា​មេ​រិ​ក តាម​ការ​ព្រមព្រៀង​គ្នា ។

លុះ​ពេល​បាន​ប្រាក់​ហើយ​ជនសង្ស័យ​ក៏​ចេញ​ទៅ​បាត់ ។ បន្ទាប់​មក​ជនជាប់ចោទ​បាន​ប្រាប់​ថៅកែ​ថា ខ្លួន​យក​រថយន្ត​ទៅ​បញ្ចាំ​ឲ្យ​ឈ្មោះ ជា រតនៈ ពេល​នោះ​ថៅកែ​រថយន្ត​ក៏​បាន​ប្តឹង​អ្នក​ទទួល​បញ្ចាំ ប៉ុន្តែ​ដោយ​ពិនិត្យ​លើ​ឯកសារ​ក្លែង អ្នក​ទទួល​បញ្ចាំ​បាន​ប្តឹង​តៃកុង​ឡាន​ឈ្មោះ ឈាង ធីតា សមគំនិត​ជាមួយ​ឈ្មោះ ស៊ា​ង គឹ​ម​អ៊ី និង​ឈ្មោះ អ៊ុ​ក ប៊ុ​ន​ង៉ ពី​បទ​.​ឆបោក ក្លែងបន្លំ​ឯកសារ និង​ប្រើ​ប្រាស់​ឯកសារ​ក្លែង ទៅ​តាម​ផ្លូវច្បាប់ ។ ក្រោយមក ឈ្មោះ ស៊ា​ង គឹ​ម​អ៊ី និង​ឈ្មោះ អ៊ុ​ក ប៊ុ​ន​ង៉ ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ ដើម្បី​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ