ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ខណៈពួកគេសុទ្ធតែជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ទិញពីគេចំនួន ១០០ដងរួចមកហើយ ម្តងៗ៥០ម៉ឺនរៀល យកមកលក់បន្ត ។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង០៩និង៤០នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ៖
ទី១-ឈ្មោះ ថាំ មិនា(ហៅក្តី) ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិត មានទីលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទី២-ឈ្មោះ ផាត កុសល់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
និងទី៣-ឈ្មោះ នួន កុសល (ហៅបុត្រ) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូត វត្ថុតាងចាប់យករួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៤ កញ្ចប់ (តូច៣ ធំ១) ទំងន់៧,៥៩ ក្រាម ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ។
និងម៉ូតូ០១គ្រឿង ម៉ាកSuzuki viva ពណ៌ខ្មៅគ្មានស្លាកលេខ ។
សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលគគីរ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះ ផាត កុសល់ កំពុងជិះម៉ូតូ០១គ្រឿងម៉ាក Suzuki Viva ពណ៌ខ្មៅ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចធ្វើការឃាត់សួរនាំ និងឆែកឆេររកឃើញម្សៅ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០១កញ្ចប់តូច រួចកម្លាំងសមត្ថកិច្ចបានសួរនាំ ភ្លាមៗនោះ ឈ្មោះ ផាត កុសល បានសារភាពថា ខ្លួនទើបតែទិញពីឈ្មោះ ថាំ មីនា (ក្តី) ក្នុងតម្លៃបួនម៉ឺនរៀល ក្រោយពីបានចម្លើយសារភាពរបស់ ឈ្មោះ ផាត កុសល កម្លាំងសមត្ថកិច្ចយើង ក៏បានបន្តទៅឃាត់ឃាត់ខ្លួន ឈ្មោះ ថាំ មីនា (ក្តី) និង ឈ្មោះ នួន កុសល(បុត្រ) នៅក្នុងរោងចាំឈូកក្បែរមាត់បឹង ហើយត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្សយ័សារធាតុញៀន ចំនួន៣កញ្ចប់(តូច២ ធំ១) បន្ថែមទៀត ។ ក្រោយត្រួតពិនិត្យរួច កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងយកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីសួរនាំបន្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ផាត កុសល បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច ដែលសមត្ថកិច្ចរកឃើញ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួន បានទិញពីឈ្មោះ ថាំ មីនា(ក្តី) ភេទប្រុសតំលៃ៤០០០០រៀល(បួនម៉ឺនរៀល) និង ធ្លាប់យកថ្នាំញៀនពី ឈ្មោះ ថាំ មីនា(ក្តី) ទៅលក់ឱ្យគេចំនួន៥០ដងមកហើយក្នុងម្តងៗ ២០,០០០រៀល (ពីរម៉ីនរៀល) ទៅ ៥០០០០រៀល (ប្រាំម៉ឺនរៀល) ។ ចំណែក ឈ្មោះ ថាំ មីនា បានសារភាពថា ថ្នាំញៀនចំនួន០៣កញ្ចប់ (តូច០២ ធំ០១) ដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែន គឺខ្លួនបានទិញពីឈ្មោះ ធុយ (មិនស្គាល់នាមត្រកូល) ភេទប្រុស អាយុប្រហែល៣២ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតំលៃ ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ១កញ្ចប់ធំ ហើយកន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ធុយ បានចំនួន១០០ដងមកហើយ ក្នុងម្តងៗ ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ដើម្បីយកមកលក់បន្ត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញស្រុកកៀនស្វាយ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ