រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានទម្លាយថា សម្តេចមិនអនុ ញ្ញាតឲ្យក្រុមហ៊ុនមួយធ្វើការវិនិយោគដោយបង្កើតរោងចក្របារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានោះទេ ទោះបីជាផលិតសម្រាប់ការនាំចេញទៅក្រៅប្រទេសក្តី ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»នៅសណ្ឋាគារសូហ្វីលតែលភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា ការជក់បារីប្រើប្រាស់វេប (Vape) តាមរយៈការផ្សព្វផ្សាយព័ត៌មាន មានសិស្សសាលាប្រើប្រាស់ Vape (បារីអគ្គិសនី)ច្រើន ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវគ្រប់គ្រងឱ្យជាប់ចំពោះការប្រើប្រាស់បារីអគ្គិសនី ។
សម្តេចបវរធិបតីក៏បានប្រាប់ក្មួយៗជាសិស្សសាលាថា កុំហ៊ឺហា និងកុំគិតថាឡូយ ដោយការជក់បារីអគ្គិសនី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រវិញ ។ សម្តេចបវរធិបតីមានប្រសាសន៍ថា «ក្មេងៗរបស់យើង សូមឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន សូមពិនិត្យមើលអាហ្នឹង (បារីអគ្គិសនី) ជាពិសេស ក្មេងសិស្សសាលាជក់ Vape ច្រើន មិនចាំបាច់ហ៊ឺហា ជក់ Vape ទេ ហ៊ឺហាប្រឡងយកលេខមួយ ដូចសិស្សពូកែនៅខេត្តមួយនោះ ល្បីខាងនឹងល្អវិញ» ។
ពាក់ព័ន្ធបារីអគ្គិសនីនេះដែរ សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីបានដឹងថា រដ្ឋមន្ត្រីប្រទេសមួយបានមកទាក់ទងជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីសួរនាំពីគោលការណ៍ដើម្បីមកផលិតបារីអគ្គិសនីនៅកម្ពុជា ។ សម្តេចបានប្រកាសច្រានចោលនូវសំណើប្រទេសមួយ ក្នុងការចង់បើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា។
សម្ដេចបវរធីបតីនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា «ថ្ងៃមុនមានប្រទេសមួយនោះ មានក្រុមហ៊ុន ជាវិស័យឯកជនរបស់គាត់ រហូតដល់រដ្ឋមន្ដ្រីរបស់គាត់ មកនិយាយជាមួយ លោកជំទាវ ចម និម្មល សួរពីគោលការណ៍ដើម្បីមកផលិត បារីអគ្គិសនី នៅកម្ពុជា ខ្ញុំថាមិនបាច់ទេ! ទោះបី ផលិតសម្រាប់នាំចេញក៏អត់ចាំបាច់ដែរ! យើងមានជំរើសរាប់ពាន់មុខដើម្បីវិនិយោគ ដើម្បីផលិត អីចឹងអត់ មានបារី អត់មានក្រុមហ៊ុនផលិតបារីអគ្គិសនីនៅកម្ពុជា ក៏យើងមិនក្រដែរ» ។
ពាក់ព័ន្ធទៅនឹងការវិនិយោគវិញ សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីកម្ពុជាក៏បានស្វាគមន៍រាល់ ការវិនិយោគផ្សេងៗក្រៅពីបារីអគ្គិសនី៕
ចែករំលែកព័តមាននេះ