រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក ។
ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានជាប់ជាប្រចាំតាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង សម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និងរួមចំណែកម្ខាង ដល់ការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល និងម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។
សម្តេចបវរធិបតីបានលើកឡើងថា ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្រប ដណ្តប់សុខភាពជាសកល ខណៈដែលផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់ គោលដៅច្បាស់លាស់ចំនួន ៣៖ ទី១-ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប ទី២-សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០ភាគរយ និង ទី៣-កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើការថែទាំសុខភាព។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីបានលើកឡើងថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកប ដោយគុណភាព និងសុវត្ថិភាព។
សម្តេចបវរធិបតីបានលើកឡើងថាក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និងជំនាញវិជ្ជាជីវៈអមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។
សម្ដេចបវរធិបតីបានបញ្ជាក់ថា «ក្រសួង-ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំង ឡាយ ដែលបង្កឱ្យមានជំងឺមហារីក។ ខ្ញុំក៏សូមអំពាវនាវដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ, សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ»។
លើសពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកសាជាថ្មីដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និងរបបបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាពឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ