ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​កំពុង​ជះ​ឥទ្ធិពល​ជា​វិ​ជ្ជមាន​ដល់​វិស័យ​អាកាសចរណ៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា គឺជា​មជ្ឈមណ្ឌល​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ខែមីនា ឆ្នាំ​២០១៧ ក្រោម​ការ​ផ្តល់​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ។…

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា គឺជា​មជ្ឈមណ្ឌល​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ខែមីនា ឆ្នាំ​២០១៧ ក្រោម​ការ​ផ្តល់​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ។ មជ្ឈមណ្ឌល​នេះ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​តាំងពី​ឆ្នាំ​២០១៦ ដើម្បី​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា និង​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ធនធានមនុស្ស និង​កំពុង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​អាកាសចរណ៍​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ពិធី​បំពាក់​មេដាយ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា កន្លង​មក លោក ចុង យុន​ហ្គី​ល (Jeong Yun Gil) ប្រធាន​តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ក​យ​កា ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ថា គម្រោង​បង្កើត​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​នៅ​កម្ពុជា មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ប្រទេស​កម្ពុជា ឲ្យ​ទទួល​បាន​នូវ​ចំណេះដឹង​និង​បច្ចេកវិទ្យា​ចាំបាច់​ដើម្បី​កែ​លម្អ​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ខ្លួន ដោយ​លើកកម្ពស់​វិស័យ​គន្លឹះ​ដែល​ពាក់ព័ន្ធ​ដូច​ជា ទេសចរណ៍ និង​ការ​ដឹក​ជញ្ជូន ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១២-២០១៨ ។

លោក ចុង យុន​ហ្គី​ល បាន​បន្ថែម​ទៀត​ថា ៖« ក​យ​កា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ម៉ៅ ហាវ​ណ្ណា​ល់ និង​សមាជិក សមាជិកា​របស់​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ដែល​តែងតែ​គាំទ្រ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ហើយ​ថែម​ទាំង​ផ្តល់​ឱកាស​ឲ្យ​ភាគី​កូរ៉េ​ទទួល​បាន​មេដាយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា » ។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​នេះ បន្ត​ផ្តល់​ការ​បណ្តុះបណ្តាល​និង​អប់រំ​ផ្នែក​អាកាសចរណ៍ និង​បាន​កាត់​បន្ថយ​ចំណាយ​របស់​យើង​សម្រាប់​ការ​បណ្តុះបណ្តាល​នៅ​ក្រៅប្រទេស ។ លោក​ថ្លែង​ថា ៖«​មជ្ឈមណ្ឌល​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ជាតិ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិស័យ​អាកាសចរណ៍​កំពុង​រីក​ចម្រើន ដែល​ត្រូវ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដោយសារ​តែ​វិស័យ​ទេសចរណ៍ និង​ការ​ពង្រីក​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សកម្មភាព​អន្តរ​កម្ម » ។

លោក​រដ្ឋលេខាធិការ​ក៏​បាន​សម្តែង​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ក​យ​កា​និង​អ្នក​ជំនាញការ​កូរ៉េ​ខាងត្បូង និង​គ្រូបង្រៀន​កម្ពុជា ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល និង​រៀបចំ​តែងការ​មុខ​វិជ្ជា​បង្រៀន​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ទាំងនេះ និង​បាន​សម្រេច​តាម​ផែនការ​ដែល​បាន​រៀបចំ​ទុក​ផង​ដែរ ។
កម្មវិធី​បណ្តុះបណ្តាល​នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា ត្រូវ​បាន​គ្របដណ្តប់​នៅ​ក្នុង​វិសាលភាព​នៃ​មុខ​វិជ្ជា​ជា​ច្រើន ។ នៅ​ឆ្នាំ​២០១៧ មជ្ឈមណ្ឌល​នេះ​បាន​រៀបចំ​វគ្គ​សិក្សា​ចំនួន​១៥​វគ្គ​រួច​មក​ហើយ ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៦១​នាក់ ។ ដោយឡែក ឆ្នាំ​ថ្មី​នេះ នឹង​មាន​ជំនាញ​ថ្មី​ៗ​ជា​ច្រើន​ទៀត​ដើម្បី​ពង្រីក​ជំនាញ​របស់​វិស័យ​អាកាសចរណ៍ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា ។

មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា ថ្មី​ៗ​នេះ​បាន​ធ្វើការ​ផ្សព្វផ្សាយ​វគ្គ​បណ្តុះបណ្តាល​ចំនួន​២៦​វគ្គ សម្រាប់​ឆ្នាំ​២០១៨ ។ មក​ដល់​ត្រឹម​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​នេះ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​បាន​រៀបចំ និង​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ចំនួន​៧​វគ្គ​រួច​មក​ហើយ​។ ថ្ងៃនេះ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ចំនួន​៣​វគ្គ​គឺ «​កិច្ចការរដ្ឋបាល និង​ការ​គ្រប់គ្រង​ធនធានមនុស្ស​និង​ការ​អភិវឌ្ឍ ក្នុង​វគ្គ បណ្តុះបណ្តាល​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​», «​វគ្គ​បណ្តុះបណ្តាល​តម្រង់​ទិស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​» និង «​វគ្គ​បណ្តុះបណ្តាល ICAO ០៥១ ការ​ត្រួតពិនិត្យ​ចរាចរ​ផ្លូវអាកាស​ជា​មូលដ្ឋាន » ។

រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​បាន​ក្លាយជា​សសរ​ស្ដម​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ ។ យោង​តាម​របាយការណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ​២០១៧ ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​មាន​ទឹកប្រាក់​សរុប​ជាង ៣.៦៣៨​លាន​ដុល្លារ ស្មើនឹង​ប្រមាណ​១៣,៣%​នៃ​ចំណូល​ជាតិ​សរុប ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ អ្នកដំណើរ​ដែល​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ មាន​ចំនួន​សរុប​៨,៨​លាន​នាក់ ក្នុង​នោះ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ និង​ខេត្តសៀមរាប បាន​ទទួល​ស្វាគមន៍​អ្នកដំណើរ​៤,២​លាន​នាក់​ដូច​គ្នា ខណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ មាន​កំណើន​អ្នកដំណើរ​ឆ្លងកាត់​៣​ដង ឬ​ស្មើនឹង​៣៣៨.០០០​នាក់ ។ ជាមួយនឹង​អាកាសយានដ្ឋាន​ទាំង​៣ បាន​បម្រើ​ដល់​ប្រទេស​គោលដៅ​ជាង​៥៥​នៅ​ជុំវិញ​ពិភពលោក ដោយ​បាន​ស្វាគមន៍​ជើងហោះហើរ​ប្រមាណ​៧០០​ជើង​ក្នុង​១​ស​ប្ដា​ហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ