រថយន្តភ្លើងមួយខ្សែពីឈៀងម៉ៃ-បាងកក បានបុកជាមួយរថយន្តធុនតូចមួយគ្រឿងបណ្តាលឱ្យខូចខាតយ៉ាងដំណំ បង្កឱ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវរថភ្លើងនៅក្នុងស្រុកសារា៉ពីខេត្តឈៀងមៃ៉ កាលពីល្ងាចថ្ងៃទី១៥ មករា កន្លងមក ។
ក្រោយពេលកើតហេតុអាជ្ញាធរ និងក្រុមជួយសង្គ្រោះបានឆ្ពោះទៅចំណុចគ្រោះថ្នាក់ក៏ប្រទះឃើញរថភ្លើងឈប់ចតនៅស្ងៀមដោយនៅផ្នែកខាងមុខ មានរថយន្តធុនតូចម៉ាកតូយ៉ូតា ពណ៌បៃតងរងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នករងរបួសត្រូវបានអ្នកស្រុកនៅក្បែរកន្លែងកើតហេតុបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ។ ជនរងគ្រោះឈ្មោះ នីកន ភុតធីម៉ា រស់នៅខេត្តឡាំពូន ជាអ្នកបើកបររួមដំណើរដោយចៅប្រុស អាយុ៤ឆ្នាំ និងចៅស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់ ។
តាមការសាកសួរពីសាក្សី ដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុលោកនីកន បានបើករថយន្តមកទទួលចៅទាំងពីរនាក់ពេលចេញពីរៀននៅសាលាមួយក្នុងក្រុងឈៀងម៉ៃ ដើម្បីធ្វើដំណើរទៅលំនៅឋានក្នុងខេត្តឡាពូនដោយបើករថយន្តលើផ្លូវស្របគ្នានឹងផ្លូវរថភ្លើង ។ ស្របពេលជាមួយគ្នានោះ លោក នីកន ក៏បានបើករថយន្តឆ្លងផ្លូវរថភ្លើងទៅទិសខាងកើត ក៏ស្រាប់់តែរថភ្លើងក៏មកដល់បុកពេញទំហឹង និងអូសរថយន្តនៅលើផ្លូវរថភ្លើងចម្ងាយ២០០ម៉ែត្រទើបឈប់។ នៅក្នុងពេលកើតហេតុក៏មានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាច្រើននាក់បាននាំគ្នាប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅខេត្តឈៀងម៉ៃ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលដំបូងបានឱ្យដឹងថា អាការរបស់អ្នករបួសទាំង៣នាក់ នៅមានសភាពធ្ងន់ធ្ងរ ចំណែកការស៊ើបអង្កេតក៏ត្រូវរង់ចាំអ្នករងរបួសរៀបរាប់ពីមូលហេតុ ទើបដំណើរការបាន ។គួរបញ្ជាក់ថា ផ្លូវរថភ្លើងចាត់ទុកជាផ្លូវអាទិភាពមួយដែលសម្រាប់តែរថភ្លើង ហើយរថភ្លើងក៏មិនអាចគេចឱ្យខុសពីគន្លងផ្លូវដែលមានតែមួយបានដែរ ។ ដូច្នេះករណីនេះត្រូវបន្ទោសទៅលើភាគីរថយន្តដែលបើកបរគ្មានការប្រុងប្រយ័ត្ន ទើបក្លាយជាគ្រោះថ្នាក់បែបនេះ ៕
ចែករំលែកព័តមាននេះ