ស្ពៃក្ដោបបូកគោជាដំណាំមួយប្រភេទ ដែលមានតំលៃថ្លៃជាងស្ពៃដទៃទៀត ហើយប្រជាជនកម្ពុជាមិនសូវនិយមដាំ និងនិយម បរិភោគប៉ុន្មានទេ ដោយសារវាមានតំលៃថ្លៃ ហើយពិបាកដាំ ។ ដំណាំនេះត្រូវការអាកាសធាតុត្រជាក់ជាងដំណាំស្ពៃឯទៀត ។ ស្ពៃក្ដោបបូកគោ មានដើមកំណើតនៅប្រទេសចិន ។ ស្ពៃនេះដំបូងមានដាំច្រើននៅប្រទេសចិនភាគខាងជើង បន្ទាប់មកសាយភាយទៅកូរ៉េនៅសតវត្សទី១៣ និងអាស៊ីអាគ្នេយ៍នៅសតវត្សទី១៥ ។
– ផលប្រយោជន៍ ៖ ស្ពៃក្ដោបបូកគោសំបូរដោយជីវជាតិជាច្រើន ដូចជា ជាតិសរសៃ កាល់ស្យូម វីតា មីនអា វីតាមីនសេ ជាតិដែក ប្រូតេអ៊ីន។ល។ គេប្រើវាធ្វើជាម្ហូបអាហារ ដូចជា ស្ងោរ ឆា និងអាចបរិភោគស្រស់ធ្វើជាអន្លក់ទឹកគ្រឿង ។ល។
– លក្ខណៈទូទៅ ៖ ស្ពៃក្ដោបបូកគោ ជាដំណាំយកស្លឹក ។ ស្លឹករបស់វាមានពណ៌បៃតងភ្លាវក្ដោបត្រង់ ឡើងលើស្លឹកជ្រួញៗ ហើយផុយ ។
– ការដុះលូតលាស់ ៖ គ្រាប់ស្ពៃបូកគោដុះក្នុងរយៈពេល៣ទៅ៥ថ្ងៃ ក្រោយពីដាំនៅសីតុណ្ហភាពពី២០ទៅ ២៥អង្សាសេ ។ ក្រោយពីដាំអស់រយៈពេល ៥០ទៅ១០០ថ្ងៃ ស្ពៃអាចប្រមូលផលបាន ។ នៅដំណាក់កាលក្ដោបដំបូង ស្លឹកមានចំនួន ១២ទៅ១៣សន្លឹក ដល់ដំណាក់កាលគ្រាប់ ជិតទុំ ស្ពៃមានស្លឹកក្ដោបចំនួន២៤ទៅ២៥ សន្លឹក ។
– លក្ខណៈអាកាសធាតុ ៖ ស្ពៃក្ដោបបូកគោលូតលាស់ល្អនៅ អាកាសធាតុត្រជាក់បង្គួរ ជាពិសេសសីតុណ្ហ ភាពដែលសមស្របសំរាប់វា គឺពី១២ទៅ២២ អង្សាសេ ។ ចំណែកដីដែលល្អសំរាប់ដាំ គឺដី ដែលសំបូរដោយជីជាតិសរីរាង្គ ដីឥដ្ឋមានជី ជាតិ ជាពិសេសដីដែលគ្មានជាតិជូរ និងប្រៃ។
– ការដាំ និងបន្ដពូជ ៖ ស្ពៃក្ដោបបូកគោ បន្ដពូជដោយគ្រាប់ ។ មុនដាំ គ្រាប់គួរត្រាំទឹកក្ដៅឧណ្ឌៗ រយៈពេល ២៥នាទី ដើម្បីជួយបង្កើននូវដំណុះគ្រាប់ឱ្យឆាប់ដុះ ។ ចំពោះការដាំផ្ទាល់ដោយមិនដក ស្ទូង គ្រាប់ត្រូវដាំក្នុងរណ្ដៅ ហើយរោយដី ស្ដើងៗ គ្របពីលើគ្រាប់ បន្ទាប់មកយកចំបើង គ្របពីលើ១សាទៀត ។ នៅពេលដែលស្ពៃ ដុះចេញស្លឹកច្បាស់លាស់ចំនួន២ទៅ៣ យើង ដកវាចេញខ្លះដោយរក្សាទុកតែមួយដើម ក្នុងមួយរណ្ដៅ និងរក្សាចំងាយពី៣ទៅ៥តឹក ពីរុក្ខជាតិមួយទៅមួយ ។
ចំពោះការសាបគ្រាប់ ហើយដកកូនស្ទូង មានការនិយមចូលចិត្ដជាងការដាំគ្រាប់ផ្ទាល់ ព្រោះរយៈពេលលូតលាស់ខ្លី ហើយដំណាំវា អាចដុះស្រុះគ្នា និងរឹងមាំល្អ ។ ក្រោយពីសាបហើយ ត្រូវកប់គ្រាប់ដោយដី ឬជីកំប៉ុស្ដ ស្ដើងៗ បន្ទាប់មក គ្របចំបើងពីលើ ហើយស្រោចទឹកឱ្យជោក ។ ក្រោយពីសាបគ្រាប់ បានរយៈពេល៣ទៅ៤អាទិត្យ កូនស្ពៃមាន ស្លឹកពី៥ទៅ៨ យើងអាចដកវាយកទៅស្ទូង នៅថ្នាលបាន ។ ពេលវេលាស្ទូងកូន គួរស្ទូងនៅពេលល្ងាច ត្រជាក់ ដើម្បីកុំឱ្យអន់ដើមនៅពេលត្រូវកំដៅ ថ្ងៃ ។ ការស្ទូងត្រូវទុកចន្លោះរង៥តឹក និង ចន្លោះជួរ៣តឹក ។ រងដាំត្រូវឱ្យមានទទឹង ១,៥ម៉ែត្រ និងបណ្ដោយទៅតាមស្ថានភាព ដី ។
– ការប្រមូលផល ៖ ស្ពៃក្ដោបបូកគោអាចប្រមូលផលបានក្នុង រយៈពេលពី៥០ទៅ១០០ថ្ងៃ បន្ទាប់ពីថ្ងៃដាំ ទៅតាមប្រភេទពូជ ៕ (ដកស្រង់ចេញពីទស្សនាវដ្តីកសិកររបស់អង្គការសេដាក)
ចែករំលែកព័តមាននេះ