ប៉ូលិសឥណ្ឌារាយការណ៍កាលពីថ្ងៃទី១៣ មករា ពីការចាប់ខ្លួនបុរស៦នាក់ នៅភាគខាងជើងឥណ្ឌាដែលពួកគេជាប់សង្ស័យថា ចូលរួមក្នុងការចាប់រំលោភបូកលើនារីម្នាក់ដែលឡើងជិតរថយន្តបឺស១គ្រឿងដែលរឿងនេះកើតមានមិនដល់១ខែផងក្រោយរឿងចាប់រំលោភដូចគ្នានោះលើនិស្សិតស្ត្រីឥណ្ឌាម្នាក់ដែលញុំាងឱ្យមានការផ្ទុះកំហឹងនិងបាតុកម្មដោយក្តៅក្រហាយនានានៅឥណ្ឌា ។
ប៉ូលិសគូសបញ្ជាក់ថា បុរស៦នាក់ត្រូវចាប់ខ្លួនព្រោះពួកគេជាប់សង្ស័យថា ចាប់រំលោភនារីអាយុ២៩ឆ្នាំម្នាក់បណ្តាក់គ្នាម្តងម្នាក់ក្រោយពីចាប់បង្ខំនាងទៅកាន់កន្លែងស្ងាត់មួយនាពេលយប់ថ្ងៃទី១១ មករា ។ នារីរងគ្រោះបានឡើងជិះលើរថយន្តបឺសមួយគ្រឿងនាថ្ងៃទី១១ មករា នោះទៅកាន់ផ្ទះគ្រួសារខាងប្តីស្ថិតនៅរដ្ឋបញ្ចាបភាគខាងជើងឥណ្ឌា ។ ពេលនោះរូបនាងត្រូវគេចាប់ហើយដឹកតាមម៉ូតូទៅកាន់ផ្ទះមួយស្ថិតនៅជិតទីក្រុងអម្រិតសា ។
ក្រោយការចាប់ពង្រត់នារីនោះត្រូវចាប់រំលោភយ៉ាងសាហាវព្រៃផ្សៃដោយបុរសដល់ទៅ៧នាក់ពេញ១យប់ ។ បន្ទាប់មកពួកនេះបានយកនាងមកដាក់ចោលតាមផ្លូវជិតភូមិរបស់គ្រួសារស្វាមីនាងដែលនៅទីនោះនាងបានរៀបរាប់ពីការចាប់រំលោភនាងប្រាប់ដល់បណ្តាបងថ្លៃស្រី ។
រឿងចាប់រំលោភថ្មីនេះធ្វើឱ្យគនឹកឃើញភ្លាមដល់រឿងចាប់រំលោភបូកលើនិស្សិតស្រីអាយុ២៣ឆ្នាំម្នាក់ ដែលឡើងជិះរថយន្តបឺសជាមួយបុរសជាសង្សារក្រោយចេញពីរោងកុន កាលពីថ្ងៃទី១៦ ធ្នូ នៅក្រុងញូវដែល្លី ។ បុរស៦នាក់ស្ថិតលើរថយន្តនេះរួមទាំងអ្នកបើកផងបានចាប់រំលោភនាងហើយវាយនាងទៀតមុនពេលទម្លាក់ចេញពីរថយន្តជាមួយសង្សារនាងដែលត្រូវគេវាយយ៉ាងដំណំដែរ ។ បញ្ជូនទៅព្យាបាលនៅសិង្ហបុរីនិស្សិតស្ត្រីរូបនេះក្រោយមកបានស្លាប់ ៕
ចែករំលែកព័តមាននេះ