អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ក្នុងស្រុក​ទឹកផុស


ខេត្តកំពង់ឆ្នាំង ៖ លោក កែវ ពៅ អនុប្រធាន​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បាន​លើក​ឡើង​ថា មួក​សុវត្ថិភាព​មួយ​ជួយ​ជីវិត​បាន​ម្នាក់​ដូច្នេះ​អ្នកបើកបរ​ម៉ូតូ​ទាំងអស់​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​គ្រប់ពេលវេលា​ទោះ​ទៅ​ទី​ជិត​ក៏​ដោយ ព្រោះ​ថាបើ​យើង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ចៃដន្យ​មួក​សុវត្ថិភាព​អាច​ជួយ​យើង​មិន​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។

លោក កែវ ពៅ បាន​ថ្លែង​បែប​នេះ​ក្នុង​ពេល​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ និង​ចែក​មួក​សុវត្ថិភាព​ចំនួន​៥០​មួក​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ទឹកផុស​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។

លោក​បាន​បញ្ជាក់​ថា ថ្ងៃនេះ​ជា​លើក​ទី​៩​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៨​ដែល​អនុ​គណៈកម្មការ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ខេត្ត​បាន​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​តាម​ស្រុក​ក្នុង​ខេត្ត​ដោយ​បូក​ទាំង​ថ្ងៃនេះ​ផង​ក្រុមការងារ​យើង​បាន​ចែក​មួក​សុ​វត្តិភាព​ដល់​ប្រជាពលរដ្ឋ​ជាង​៨០០​មួក​ហើយ ។

ដោយឡែក​នៅ​ថ្ងៃនេះ​ក្រុមការងារ​យើង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ស្រុក​ទឹកផុស ធ្វើការ​ត្រួតពិនិត្យ​ការ​ធ្វើ​ចរាចរ ណ៍​លើ​ដងផ្លូវ ចំពោះ​អ្នក​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវច្បាប់ បន្ទាប់​មក​ក្រុមការងារ​នឹង​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ផ្លា​ក​សញ្ញា​ចរាចរណ៍ បើ​ប្រជាពលរដ្ឋ​ម្នាក់​ឆ្លើយ​ត្រូវ​២​សំណួរ​ក្នុង​ចំណោម​៣​សំណួរ​ក្រុមការងារ​នឹង​ផ្តល់​ជូន​មួក​សុវត្ថិភាព​ឱ្យ​គាត់​មួយ ។ ចំណែក​អ្នកឆ្លើយ​មិន​ត្រូវ​ទាំង​៣​សំណួរ​គឺ​ក្រុមការងារ​ផ្តល់​ជូន​តែ​សៀវភៅ និង​ឯកសារ​ច្បាប់​ចរាចរណ៍​ឱ្យ​យក​ទៅ​រៀនសូត្រ​បន្ត​តែ​ប៉ុណ្ណោះ ។

ក្នុង​នាម​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​លោក កែវ ពៅ បាន​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ទាំងអស់​គ្នា​ទើប​អាច​កាត់​បន្ថយ​បាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើតឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​នេះ​បាន ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ