ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ឱ្យ​ដំណើរការ​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ទឹកជា​លើក​ដំបូង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានីយ​តាមដាន និង​ត្រួតពិនិត្យ​គុណភាព​ទឹក ដែល​មា​នទី​តាំងនៅ​ចំណុចប្រសព្វ​រវាង​ទន្លេមេគង្គ និង​ទន្លេសាប ស្ថិត​នៅ​លើ​ច្រាំង​ទន្លេចតុមុខ កោះ​ពេជ្រ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៦ មីនា…

រាជធានី​ភ្នំពេញ ៖ ស្ថានីយ​តាមដាន និង​ត្រួតពិនិត្យ​គុណភាព​ទឹក ដែល​មា​នទី​តាំងនៅ​ចំណុចប្រសព្វ​រវាង​ទន្លេមេគង្គ និង​ទន្លេសាប ស្ថិត​នៅ​លើ​ច្រាំង​ទន្លេចតុមុខ កោះ​ពេជ្រ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​មក ។

ស្ថានីយ​នេះ មាន​សមត្ថភាព​តាមដាន​សីតុណ្ហភាព​, ភាព​ចម្លង​អគ្គិសនី កម្រិត​ pH, កម្រិត​អុក​ស៊ី​សែន​រលាយ​ក្នុង​ទឹក​DO និង​ភាព​កក​របស់​ទឹក អា​ម៉ូ​ញាក់ (NH4) និង​COD ដែល​ឧបករណ៍​ទាំងនោះ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​លើ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កំណើន​ប្រជាសាស្ត្រ​កាន់តែ​កើនឡើង ស្រប​ពេល​ការ​ពង្រីក​ទីក្រុង​ក៏​កាន់តែ​ធំ ។ ដូច្នេះ ការ​ដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​គុណភាព​ទឹក​នា​ពេល​នេះ គឺជា​រឿង​សំខាន់​បំផុត​។

លោក​បណ្ឌិត បៃ ឈុ​ន​លី (Dr. Bai Chunli) ប្រធាន​បណ្ឌិតសភា​វិទ្យាសាស្ត្រ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ឲ្យ​ដឹង​ដែរ​ថា ស្ថានីយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ស្រាវជ្រាវ និង​បទ​ពិសោធន៍​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន សម្រាប់​ទឹក​និង​បរិស្ថាន ហើយ​ក៏​ជា​កំណត់​ត្រា​នៃ​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទឹក​ស្អាត​រវាង​ប្រទេស​ទាំង​ពីរ ។
ស្ថានីយ​នេះ​មាន​ទំហំ​៤​ម៉ែត្រ គុណ​នឹង​៥,៧០​ម៉ែត្រ ធ្វើ​ពី​បេតុង​អា​មេ គ្រោង​ដែក និង​ដំបូល​ស័ង្កសី ហើយ​បាន​ចាប់​ដំណើរការ​សាងសង់​កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​បាន​បញ្ចប់​នៅ​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០១៧ ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​មុន​ការ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​ស្ថានីយ​នេះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ និង​លោក​បណ្ឌិត បៃ ឈុ​ន​លី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​ផង​ដែរ ។

អនុស្សរណៈ​នេះ គឺ​ផ្តោត​ទៅ​លើ​ការ​ដោះស្រាយ និង​ស្តារ​ប្រព័ន្ធ​រំដោះ​ទឹក ដែល​កន្លង​មក​បាន​ជន់​លិច​ផ្នែក​ខ្លះ​ក្នុង​ទីក្រុង​នា​រដូវវស្សា និង​ការ​រៀបចំ​អាង​ប្រព្រឹត្តិកម្ម ដែល​ជា​ចំណុច​សំខាន់​ៗ​សម្រាប់​ការ​ទប់ស្កាត់​ការ​បំពុល​គុណភាព​ទឹក​, ការ​អភិរក្ស​ជីវចម្រុះ​, ការ​បន្សាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

តាម​រយៈ​អនុស្សរណៈ​នេះ ភាគី​ចិន​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​កម្ពុជា​លើ​ការ​គ្រប់គ្រង​ការ​បំពុល និង​ការ​គ្រប់គ្រង​គុណភាព​ទឹក ។

លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​មាន​ប្រសាសន៍​ថា អនុស្សរណៈ​នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ និង​ជា​ចំណុច​គន្លឹះ​ចាប់ផ្តើម​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​កម្ពុជា​-​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ