ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ទម្លាយ​ថា ម៉​ន ព្រហ្ម​ម៉ា​ញក្លា​ហាន បើ​ឈ្នះ​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ល្បី​ឈ្មោះ​ ​ពិតជាល្បី​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៤ ខែមីនា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៤ ខែមីនា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​កីឡាករ​ថៃ ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​មិនធម្មតា​គឺជា​សមាស​ភាព​​ត្រូវ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​កម្ពុជា ម៉​ន ព្រហ្ម​ម៉ា​ញ ដែល​ទើប​ឡើង​កូដ​ក្នុងស្រុក​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។ នេះ​ជា​ការ​ប្រកួត​យ៉ាង​កម្រ​ ខណៈ​ដែល​មានការ​ទម្លាយ​ថា ម៉​ន ព្រហ្ម​ម៉ា​ញ ក្លាហាន​ទទួលយក​ការ​ប្រកួត​នោះ ដើម្បី​ឱ្យ​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​របស់​ខ្លួន​កម្រើក​ឡើង​វិញ ស្របគ្នា​ដែល​ខាង​អ្នក​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា បើ​ខាង​កម្ពុជា​បាន​ទទួល​ជ័យជម្នះ គឺ​ពិតជា​ល្បី​ម្ដងទៀត​ជាក់​ជា​មិន​ខាន​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​ល្ងាច​នៅ​ព្រែក​កំ​ពិស​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់​ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង​ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។

កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ឈ្មោះ ផា ថា​ណា ដែល​កីឡាករ​រូប​នេះ ក្រៅពី​ជា​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​មាន​ថ្វីដៃ​បំបាក់​កីឡាករ​បរទេស និង​កីឡាករ​ថៃ​ដូច​គ្នា​រាប់​មិន​អស់​ផង​ដែរ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ​កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​ជម្រុះ​ចាញ់​ធ្លាក់​ៗ ដែល​ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​១៦​នាក់​យក​៨​នាក់ស​ប្ដា​ហ៍​២ ទើប​កាន់តែ​មានការ​ចាប់អារម្មណ៍​ទ្វេ​ដង​ពី​អ្នក​ទស្សនា​ភាគច្រើន ដែល​សុទ្ធសឹងតែ​ជា​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ។ វត្តមាន​កីឡាករទាំង​កម្ពុជា និង​ថៃ​ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​យក​អ្នក​ខ្លាំង​ទៅ​ប្រកួត​យក​ជើងឯក ពិត​ជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ចាប់អារម្មណ៍ ។ លោក​អះអាង​ថា បើ​ទោះ
ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មានការ​ចាប់អារម្មណ៍​រួច​ជា​ស្រេច ក៏​ប៉ុស្តិ៍​លេខ​៥​នៅ​តែ​បាន​បញ្ចូល​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗនៅ​ក្នុង​ការ​ប្រកួត​នោះ ដើម្បី​ឱ្យ​រឹតតែ​ទាក់ទាញ​។

វត្តមាន​របស់​សមាសភាព​គូ​អន្តរជាតិ ក៏​ត្រូវ​បាន​សម្រាំង​យ៉ាង​ពិសេស​ផង​ដែរ​ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍​នៅ​ពេល​កីឡាករ​ប្រកួត​គ្នា ។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ​លោកជឿជាក់​ខ្លាំង​លើ​កីឡាករ ម៉​ន ព្រហ្ម​ម៉ា​ញ ដោយសារ​តែ​កីឡាករ​រូប​នេះ​ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់ ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់ មក​ពី​ប្រទេស​ថៃ ។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ ផា​ថា​ណា មាន​តែ​ព្រហ្ម​ម៉ា​ញ ម្នាក់​ប៉ុណ្ណោះ ដែល​លោក​សម្លឹង​ឃើញ​ថា​មានបទពិសោធន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឱ្យ​ប្រកួត​ជាមួយ​បាន ជា​ពិសេស​គឺ​អ្នក​ទាំង​ពីរ​មាន​ប្រភេទ​ទម្ងន់​ត្រូវ​គ្នា ។ លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​សមាសភាព​របស់​កីឡាករ​កម្ពុ​ជាមួយ​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន ។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​ព្រហ្ម​ម៉ា​ញ និង​ម្ចាស់​ខ្សែក្រវាត់​ថៃ លោក​ជឿជាក់​ថា​នឹង​កក្រើក​ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ថា​ខ្លាំង​មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា​វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក​តាំងពី​មុន​ផ្គូផ្គង ។ បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ ក៏​លោក​នៅ​តែ​ប្រកាស​លើកទឹកចិត្ត​ចំពោះ​ម៉​ន ព្រហ្ម​ម៉ា​ញ ថា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​តតាំង និង​មាន​សង្ឃឹម​ឈ្នះ​ច្រើន ពោល​គឺ​ល្អ​ជាង​ការ​ផ្គូផ្គង​ដាក់​កីឡាករ​កម្ពុជា​ផ្សេង​ឱ្យ​ជំនួស ។ ជំនួប​រវាង​ពួក​គេ​លោក​នៅ​តែ​ថា​មិនមែន​ជា​រឿង​ចៃដន្យ និង​មិនមែន​ជា​រឿង​ធម្មតា ដោយសារ​មានការ​ព្រាង​ទុក​ពី​សំណាក់​រូប​លោក​ដែល​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​តែ​ម្ដង ។

សម្រាប់​ការ​ប្រកួត​៤​នាក់​ជា​លក្ខណៈ​មិត្តភាព​ដែល​ជា​ការ​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​នៅ​ស​ប្ដា​ហ៍​ទី​២​ក្នុង​វគ្គ​១៦​នាក់​យក​៨​នាក់​នេះ​វិញ លោក​សេង ក​ដិ​កា ថា នឹង​មាន​វត្តមាន​សុទ្ធសឹងតែ​ជា​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​បញ្ជាក់​ថា ការ​ប្រកួត​លើក​នេះ​ក៏​មិន​ខុស​ពី​រូបមន្ត​ដែល​ធ្លាប់​បាន​ធ្វើ​នោះ​ទេ គឺ​អ្នក​ឈ្នះ​បាន​ឡើង​វគ្គ​បន្ត ហើយ​សម្រាប់​អ្នក​ចាញ់​គឺ​ធ្លាក់​ហាលអាវ ។ លោក​អះអាង​ថា ការ​ប្រកួត​របស់​លោក គឺ​មិន​មាន​អ្នក​ឈ្នះ​ក្នុង​វគ្គ​ណា​មួយ​មិន​ឈ្នះ​ដោយ​ការ​ប្រឹងប្រែង​នោះ​ទេ ។ លោក​ថា ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ​សុទ្ធតែ​ទាម​ទារ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ត្រៀមខ្លួន​ខុស​ពី​ការ​ប្រកួត​តាម​របៀប​សន្សំ​ពិន្ទុ ដោយសារ​តែ​អ្នក​មិន​ខំប្រឹង​ប្រែង គឺ​ដឹង​តែ​ធ្លាក់​ហើយ​បាត់​ឱកាស ដែល​តម្រូវ​ឱ្យ​អ្នក​មានមុខ​ឡើង​ប្រកួត​ត្រូវ​តែ​ប្រកួត​ប្ដូរ មិន​ខ្វល់​ពី​គ្រោះថ្នាក់ និង​លាក់​ថ្វីដៃ ពោល​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​តែ​ឈ្នះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ