ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណេះដឹង​​ភាសា​ជា​កត្តា​កំណត់​ភាព​ជោគជ័យ​របស់​សិក្ខាកាម​មែនឬ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វគ្គ​បណ្ដុះបណ្ដាល​នីមួយ​ៗ​បើ​ចង់ឱ្យ​សិក្ខាកាម​ងាយ​យល់​ងាយ​ចាប់​បាន​នូវ​អ្វើ​ដែល​គ្រូឧទ្ទេស​បាន​ណែនាំ​គឺ​អាស្រ័យ​ទៅ​លើ​ចំណេះដឹង​ខាង​ភាសា​របស់​សិក្ខាកាម និង​អ្នកបកប្រែ​ប៉ុណ្ណោះ ។ បើ​សិក្ខាកាម​ចេះ​ភាសាបរទេស​ឬ​អ្នកបកប្រែ​បក​ឱ្យ​ចំ​អត្ថន័យ​ដែលគ្រូ​បាន​ប្រាប់​នឹង​ធ្វើ​ឱ្យ​សិក្ខាកាម​ងាយ​យល់​ងាយចាប់​បាន​នូវ​ខ្លឹមសារ​មេរៀន​ដែល​គ្រូ​ផ្ដល់​ឱ្យក្នុង​វគ្គ​បណ្ដុះបណ្ដាល​មិន​ខាន ។ លោក Rick Powers​គ្រូឧទ្ទេស​ជនជាតិ​អា​មេ​រិ​កមក​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ វគ្គ​បណ្ដុះបណ្ដាល​នីមួយ​ៗ​បើ​ចង់ឱ្យ​សិក្ខាកាម​ងាយ​យល់​ងាយ​ចាប់​បាន​នូវ​អ្វើ​ដែល​គ្រូឧទ្ទេស​បាន​ណែនាំ​គឺ​អាស្រ័យ​ទៅ​លើ​ចំណេះដឹង​ខាង​ភាសា​របស់​សិក្ខាកាម និង​អ្នកបកប្រែ​ប៉ុណ្ណោះ ។ បើ​សិក្ខាកាម​ចេះ​ភាសាបរទេស​ឬ​អ្នកបកប្រែ​បក​ឱ្យ​ចំ​អត្ថន័យ​ដែលគ្រូ​បាន​ប្រាប់​នឹង​ធ្វើ​ឱ្យ​សិក្ខាកាម​ងាយ​យល់​ងាយចាប់​បាន​នូវ​ខ្លឹមសារ​មេរៀន​ដែល​គ្រូ​ផ្ដល់​ឱ្យក្នុង​វគ្គ​បណ្ដុះបណ្ដាល​មិន​ខាន ។

លោក Rick Powers​គ្រូឧទ្ទេស​ជនជាតិ​អា​មេ​រិ​កមក​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ហែល​ទឹក​កម្រិត​មធ្យម​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ មីនា ដែល​មាន​សិក្ខា​កាម​ចូលរួម​ចំនួន​២៩​នាក់​។

លោក Rick Powers បាន​លើក​ឡើង​ទៀត​ថា លោក​ធ្លាប់​ឆ្លងកាត់​ធ្វើ​ជា​គ្រូឧទ្ទេស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ថែម​ទាំង​ធ្លាប់​ធ្វើដំណើរ​ទៅ​ធ្វើការ​បណ្ដុះបណ្ដាល​នៅ​ពាសពេញ​ពិភពលោក​ទៀត​ផង ។ លោក​ក៏​បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​ព្យាយាម និង​ខិតខំ​សិក្សា​ដោយ​យកចិត្តទុកដាក់ និង​ត្រូវ​ហ៊ាន​សួរ​នូវ​អ្វី​ដែល​យើង​មិន​យល់ ។ លោក​ថា ការ​មិន​យល់​ហើយ​ហ៊ាន​សួរ​មិនមែន​ជា​ភាព​ល្ងង់ខ្លៅ​នោះ​ទេ មាន​តែ​អ្នក​មិន​យល់​ហើយ​មិន​ហ៊ាន​សួរ​ទើប​ជា​អ្នក​ល្ងង់ខ្លៅ​ពិតប្រាកដ ។ លោក​មក​ទី​នេះពិត​ជា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​ជាមួយ​ប្រជាជន​នៅ​ក្នុង​តំបន់​អាស៊ី​តែ​ម្ដង ព្រោះ​លោក​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​បង្ហាត់​គ្រូ​ហែល​ទឹក​នៅ​ប្រទេស​ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី និង​សិង្ហ​បូ​រី ហើយ​សម្រាប់​ប្រទេស​កម្ពុជា នេះ​គឺជា​លើក​ទី​២​ហើយ ។ លោក​គិត​ថា អនុ​ស្សាវរីយ៍​របស់​លោក​ជាមួយ​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​ពិតជា​មាន​ច្រើន​មែនទែន​។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បានឱ្យ​ដឹង​ថា វគ្គ​បណ្ដុះ
បណ្ដាល​គ្រូ​ហែល​ទឹក​កម្រិត​មធ្យម​នេះ​មាន​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ មីនា​ក្រោម​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​បាន​អញ្ជើញ​គ្រូឧទ្ទេស​គឺ​លោក​Rick Powers​ជា​ជនជាតិ​អា​មេ​រិ​កមក​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ តាម​ការ​ស្នើ​សុំ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ។ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ហែល​ទឹក​កម្រិត​មធ្យម​នេះ​ធ្លាប់​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៤​រួច​ម្ដង​មក​ហើយ​។

នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​មាន​គម្រោង​រៀបចំ​ធ្វើ​យ៉ាងតិច​ឱ្យ​បាន​២​ដង​ក្នុង​១​ឆ្នាំ ។ ចំណែក​សិក្ខាកាម​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពេល​នេះ​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​កម្រិត​២​រួច​ម្ដង​មក​ហើយ ។ នេះ​គឺជា​វគ្គ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​មុន ដូច្នេះ​លោក​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ទៅ​នឹង​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន​ពី​គ្រូឧទ្ទេស​ដ៏​មានបទពិសោធន៍​មក​ពី​សហរដ្ឋអាមេរិក​រូប​នេះ​មិន​ខាន​។

លោក ហែម ចាន់​លី អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​លើក​ឡើង​ថា ចាប់​តាំងពី​ឆ្នាំ​២០១៧​រហូត​មក​ទល់​ពេល​នេះ សហព័ន្ធ​បាន​ខិតខំ​បង្កើត​ឱ្យ​មាន​សកម្មភាព​ហែល​ទឹកជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ដោយ​ផ្ដើម​ចេញពី​តំបន់​ដែល​មាន​ប្រភព​ទឹក ។

ហើយ​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កីឡាហែលទឹក​កាន់តែ​មាន​ភាព​រីក​ចម្រើន ឱ្យ​មាន​អ្នកចូលរួម​កាន់តែ​ច្រើន លោក​មាន​គម្រោង​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​Open Water​ឱ្យ​បាន​ច្រើន​ដង​ក្នុង​១​ឆ្នាំ ជា​ពិសេស​តំបន់​ដែល​មាន​ប្រភព​ទឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​លោក​ក៏​បាន​ក្រើនរំលឹក​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​រៀន​បង្កើត​កម្មវិធី​ប្រកួត​ដោយ​ខ្លួនឯង និង​ខិតខំ​រៀន​ភាសា​អង់គ្លេស​ឱ្យ​កាន់តែ​ស្ទាត់​ថែម​ទៀត ងាយស្រួល​ថ្ងៃក្រោយ​ពេល​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គ្រូ​បរទេស យើង​មិនបាច់​ប្រើប្រាស់​អ្នកបកប្រែ​ទៀត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ