ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុជប៉ុន​ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្តលើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា ការ​មក​ដល់​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជប៉ុន​ជា​បន្តបន្ទាប់ កំពុង​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ចិត្ត​របស់​វិនិយោគិន​ជប៉ុន​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា ស្រប​ពេល​វិស័យ​មួយ​នេះ​កំពុង​រីក​ចម្រើន ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា ការ​មក​ដល់​នៃ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជប៉ុន​ជា​បន្តបន្ទាប់ កំពុង​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ចិត្ត​របស់​វិនិយោគិន​ជប៉ុន​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា ស្រប​ពេល​វិស័យ​មួយ​នេះ​កំពុង​រីក​ចម្រើន ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ ជេ​កស៍ ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​) ម​.​ក កាលពី​ថ្ងៃ​ទី​១៩ មីនា នៅ​ស្ថានទូត​ជប៉ុន លោក​ជំទាវ អ៊ុ​ក ម៉ា​លី ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា វត្តមាន​របស់​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​ជប៉ុន​លើ​កា​រវិ​វត្ត​នៃ​ប្រតិបត្តិការ​ធនាគារ និង​ហិរញ្ញវត្ថុ ស្រប​ពេល​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ប្រមាណ​៦,៩% អតិផរណា​ជា​មធ្យម​២,១% និង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ត​រីក​ចម្រើន​ទាំង​ទំហំ និង​វិសាលភាព ប្រកបដោយ​សុវត្ថិភាព និង​បរិ​យា​ប័ន្ន ។

លោក​ជំទាវ​ថ្លែង​ថា ៖« គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ កម្ពុជា​មាន​ធនាគារពាណិជ្ជ​ចំនួន​៣៩, ធនាគារ​ឯកទេស​ចំនួន​១៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧៩ ។ ដោយឡែក ក្រុមហ៊ុន​ភតិសន្យា​មាន​ចំនួន​១១ ហើយ​ថ្ងៃនេះ (​ថ្ងៃ​ទី​១៩​មីនា​)​បាន​បង្កើត​ថែម​ថ្មី​មួយទៀត សរុប​ទាំងអស់​ចំនួន​១២ ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ​កាន់តែ​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ » ។
នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ ជេ​កស៍ ហ្វា​យ​នែ​ន​(​ខេ​ម​បូ​ឌា​) បាន​ឲ្យ​ដឹង​ដែរ​ថា ការ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ជា​បន្ដបន្ទាប់ ជា​កត្តា​ដ៏​ចាំបាច់​បំផុត​ក្នុង​បរិយាកាស​វិនិយោគ​អាជីវកម្ម ។

ថ្លែងប្រាប់​កោះសន្ដិភាព លោក MASAHIRO ARAYAMA នាយក​គ្រប់គ្រង​រូប​នេះ បាន​លើក​ឡើង​ថា ៖« បច្ចុប្បន្ន តម្រូវការ​ទីផ្សារ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ពិសេស​ការ​ទិញ​ម៉ូតូ​កំពុង​តែ​ទទួល​បានការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​បំផុត ខណៈ​ផលិតផល​ដទៃ​ទៀត ដូច​ជា សម្ភារ​ផ្ទះបាយ ម៉ាស៊ីន​កសិកម្ម និង​យានយន្ដ ជាដើម​កំពុង​មាន​សន្ទុះ​ខ្លាំង ដែល​នេះ​សបញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​តែ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង​។ ដោយ​មើលឃើញ​ដូច្នេះ យើង​ពិតជា​រីករាយ និង​ពេញចិត្ត​ក្នុង​ការ​សហការ​ជាមួយ​ពួក​គេ » ។

លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​នេះ យើង​បាន​វិនិយោគ​២,៥​លាន​ដុល្លារ​ដើម្បី​បើក​ដំណើរការ ដោយ​ផ្ដល់​សេវា​បង់​រំលស់​ម៉ូតូ ហើយ​នៅ​ថ្ងៃ​ខាង​មុខ យើង​នឹង​ពង្រីក​បន្ថែម​ទៀត​ដូច​ជា បង់​រំលស់​សម្ភារ​ផ្ទះបាយ​, ម៉ាស៊ីន​កសិកម្ម​, រថយន្ដ និង​គ្រប់​សេវា​ហិរញ្ញវត្ថុ​ទាំងអស់ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​បំណង​បំពេញ​នូវ​ក្ដី​សុបិន​របស់​ពួក​គេ ដើម្បី​ទទួល​បាន​ជីវិត​កាន់តែ​ប្រសើរ​ឡើង » ។
ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ ជេ​កស៍ ហ្វា​យ​នែ​ន​(​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​JACCS ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ជប៉ុន និង​ទទួល​បាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជា​ផ្លូវការ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ខែមករា ដើមឆ្នាំ​នេះ ។

ក្រុមហ៊ុន​នេះ​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​មក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជា​បន្តបន្ទាប់​ដូច​ជា ប្រទេស​វៀតណាម​នៅ​ឆ្នាំ​២០១០, ឥណ្ឌូ​ណេ​ស៊ីក្នុង​ឆ្នាំ​២០១២, ហ្វ៊ី​លី​ពី​ន​ក្នុង​ឆ្នាំ​២០១៦ ហើយ​កម្ពុជា​ជា​ប្រទេស​ទី​៤​ដែល​ក្រុម​ហ៊​៊ុ​ន​នេះ​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស ។
លោក Yasuyoshi ITAGAKI អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​JACCS បាន​លើក​ឡើង​ថា ការ​ឈាន​ជើង​មក​ទីផ្សារ​កម្ពុ​ជានា​ពេល​នេះ ក្នុង​គោលបំណង​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច ក៏​ដូច​ជា​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនុកចិត្ត ។

លោក​ថ្លែង​ថា ៖« ជំនឿ​ទុកចិត្ត​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អ្វី​ៗ​ទាំងអស់ ។ យើង​មាន​ឧត្តមគតិ​បម្រើ​ដល់​ការ​បង្កើត​អនាគត​ប្រកបដោយ​ក្តី​សង្ឃឹម និង​កសាង​សង្គម​មួយ​ដែល​សម្បូរ​បែប ហើយ​យើង​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​បង្កើត​អនាគត​ដែល​មាន​ក្ដី​សង្ឃឹម​សម្រាប់​ប្រជាជន​កម្ពុជា » ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច ជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ល្អ​ប្រសើរ គួប​ផ្សំ​នឹង​ស្ថិរភាព​នយោបាយ និង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI) កើន​ឡើងជា​បន្ដបន្ទាប់ ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន ជប៉ុន​បាន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ធ្វើការ និង​រស់នៅ​រយៈពេល​វែង​របស់​ពួក​គេ​នៅ​កម្ពុជា » ។
គិត​ត្រឹម​ឆ្នាំ​២០១៧ ប្រាក់​បញ្ញើ​អតិថិជន​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ដល់​៨៥% នៃ​ផ​.​ស​.​ស ហើយ​ឥណទាន​បាន​កើនឡើង​ដល់​៨០%​នៃ​ផ​.​ស​.​ស ពោល​គឺ​មាន​កំណើន​២៥,១១% និង​១៩,៨៦% រៀង​គ្នា​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ការ​រីក​ចម្រើន និង​អភិវឌ្ឍន៍​ទាំងនេះ អាស្រ័យ​ដោយ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ