ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​លែង​កា.ប់ឆៅ​ដូច​មុន​ហើយ

7 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ ដែល​ជា​រមណីយដ្ឋាន​ចំណាស់​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន ផ្សេង​ៗ​ទៀត ស្ថិត​នៅ​កៀក​នឹង​រាជធានី​ភ្នំពេញ​ធ្លាប់​ទទួល​រង​ការ​រិះគន់​ពី​ភ្ញៀវ​ទេសចរ​«​រឿង​កាប់ឆៅ គឺ​គិតថ្លៃ​ម្ហូប​កប់​ពពក​» នោះ បច្ចុប្បន្ន​បាន​ប្រែ​ប្រួល​​កិត្តិនាម​គួរ​ឱ្យ​កត់សម្គាល់ ។…

ខេត្តកណ្តាល ៖ រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ ដែល​ជា​រមណីយដ្ឋាន​ចំណាស់​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន ផ្សេង​ៗ​ទៀត ស្ថិត​នៅ​កៀក​នឹង​រាជធានី​ភ្នំពេញ​ធ្លាប់​ទទួល​រង​ការ​រិះគន់​ពី​ភ្ញៀវ​ទេសចរ​«​រឿង​កាប់ឆៅ គឺ​គិតថ្លៃ​ម្ហូប​កប់​ពពក​» នោះ បច្ចុប្បន្ន​បាន​ប្រែ​ប្រួល​​កិត្តិនាម​គួរ​ឱ្យ​កត់សម្គាល់ ។

លោក​ជួប សោភ័ណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា​ពេល​នេះ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ ប្រែប្រួល​ជាង​មុន​ទាំង​ការ​រៀបចំ​សណ្តាប់​ធ្នាប់ បរិស្ថាន អនាម័យ រួម​ទាំង​សេវាកម្ម ផ្សេង​ៗ​ទៀត ជា​ពិសេស​គឺ​តម្លៃ​ម្ហូប និង​ថ្លៃ​តូប​ជួល ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​បន្ត​ថា​៖ «​បញ្ហា​សំខាន់​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេស​ចរណ៍​រិះគន់​យ៉ាង​ចាស់ដៃ​កាលពី​ពេល​មុន​នោះ គឺ​តម្លៃ​ម្ហូបអាហារ​ថ្លៃ​ហួសហេតុ​មិន​អាច​ទទួលយក​បាន​នោះ លែង​ជា​បញ្ហា​ចោទ​ត​ទៀត​ហើយ ។ មន្ត្រី​ជំនាញ​របស់​មន្ទីរ​តែងតែ​ទៅ​ណែនាំ អប់រំ​ដល់​ក្រុម​អាជីវករ​រកស៊ី និង​ផ្តល់​សេវាកម្ម​គ្រប់​ផ្នែក​នៅ​រមណីយដ្ឋាន​ធម្ម​ជាតិ​មួយ​នេះ​ជាប់​ជា​ប្រចាំ សំខាន់​ឲ្យ​ពួក​គាត់​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់ បរិស្ថាន អនាម័យ ការ​រក្សា​សន្តិ សុខ​សុវត្ថិភាព សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាដើម »​។

លោក​ជួប សោភ័ណ បន្ថែម​ថា​៖ «​ទន្ទឹម​នោះ​យើង​ក៏​បាន​លើកយក​ហេតុផល​រួម​ទាំង​ផល​ប្រយោជន៍​ដែល​ពួក​គាត់​នឹង​ទទួល​បាន​ពី​ភ្ញៀវ​ទេសចរ​ផង​ដែរ ។ បញ្ហា​តម្លៃ​សេវា​ម្ហូប​អាហារ​ គឺជា​កត្តា​សំខាន់​បំផុត​ដែល​មន្ត្រី​ជំនាញ​ចុះ​តាមដាន និង​អប់​រំជា​បន្តបន្ទាប់​ដោយ​ប្រាប់​ពួក​គាត់​មិន​ឲ្យ​ដំឡើង​ថ្លៃ​ម្ហូបអាហារ​ហួសហេតុ ឬ​ខុស​ប្រក្រតី ឬ​ហៅ​ថា «​កាប់​ភ្ញៀវ​» នោះ​ទេ ព្រោះ​ការ​ធ្វើ​ដូច្នេះ​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ភ្ញៀវ​រាងចាល ឬ​ផល​ប៉ះពាល់​ដល់​មុខរបរ​ពួក​គាត់​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​នឹង​ប្រឈម​ផ្លូវច្បាប់​ថែម​ទៀត​» ។

លោក​ជួប សោភ័ណ​ថា ខណៈ​នេះ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​មិន​មាន​បញ្ហា​កាប់​ភ្ញៀវ​បន្ត​ទៀត​ទេ ព្រោះ​ពួក​គាត់​សុទ្ធតែ​បាន​យល់​អំពី​កត្តា​ប្រឈម​ទាំងឡាយ​ដែល​កើត​ឡើង ពី​ភាព​មិន​ប្រក្រតី​ទាំងនោះ ហើយ​លោក​រំពឹង​ថា ស្ថានភាព​នេះ​នឹង​បន្ត​ជា​រៀង​រហូត ។ ផ្តើម​ពី​នេះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ ។ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ សូម​អញ្ជើញ​ទៅ​កម្សាន្ត និង​ទទួលទាន​ហារ​នៅ​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ។

លោក​ជួប សោភ័ណ ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​កណ្តាល​ឆ្នាំ​២០១៧ មាន​ចំនួន ១.៤១៨.៦៣១​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​១.៤០៨.០១២​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ (​មាន​ចំនួន​១.២៣០.៧៣៥​នាក់​) គឺ​មាន​អត្រា​​កើនឡើង​១៤,៤០% រីឯ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១០,៦១៩​នាក់ បើ​ធៀប​ឆ្នាំ ២០១៦ (​មាន​ចំនួន​៨.២៥១​នាក់ ) គឺ​មាន​អត្រា​កើនឡើង​២៨,៦៩% ។ ភាគរយ​ច្រើន​បំផុត​នៃ​ភ្ញៀវ​ទេសចរ​សរុប​គឺ​ទៅ​ទស្សនា​រមណីយដ្ឋាន​កៀនស្វាយក្រៅ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​អំពាវនាវ​ឲ្យ​អាជីវករ​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់​ធ្នាប់ បរិស្ថាន អនាម័យ ការ​រក្សា​សន្តិសុខ​ឲ្យ​បាន​ល្អ សំខាន់​បំផុត​នោះ​គឺ​កុំ​លក់ដូរ​ម្ហូប​អាហារ​ក្នុង​តម្លៃ​មិន​ប្រក្រតី​ដែល​មិន​អាច​ទទួលយក​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​រិះគន់ ហើយ​រាង​ចាល​លែង​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​មួយ​នេះ ។

រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ​ជា​រមណីយដ្ឋាន​ចំណាស់​មួយ ហើយ​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។ រមណីយដ្ឋាន​នេះ​ចាប់កំណើត​នៅ​សម័យ​សង្គម​រាស្ត្រ​និយម ។ លុះដល់​ទស​វត្ស​៧០ រមណីយដ្ឋាន​នេះ​បាន​ក្លាយជា​រមណីយដ្ឋាន​ដ៏​ទាក់ទាញ និង​មាន​ភ្ញៀវ​ទេសចរ​ទៅ​សម្រាក​កម្សាន្ត​យ៉ាងច្រើន​បំផុត ខណៈ​ពេល​ដែល​រមណីយ​ដ្ឋាន​​ដទៃ​ទៀត​ត្រូវ​បិទ​ដោយសារ​តែ​សង្គ្រាម ។

លោកស្រី​សេង ហេង វ័យ​៤០​ឆ្នាំ និង​មាន​ទីលំនៅ​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី​ក៏​ដូច​ជា​មិត្តភក្តិ​និយម​ទៅ​លេង​រមណីយ​ដ្ឋាន​កៀនស្វាយក្រៅ ព្រោះ​មាន​អាកាសធាតុ​ល្អ អាច​ជួល​ទូក​ជិះ​កម្សាន្ត ជា​ពិសេស​ការ​រៀបចំ​កន្លែង​ចត​ឡាន និង​ទិញ​ម្ហូប​មាន​លក្ខណៈ​ងាយ​ស្រូល​ជាង​មុន​។

អ្នកស្រី​សេង ហេង និយាយ​ថា​៖ «​ពី​មុន​កន្លែង​ចត​ឡាន​ម៉ូតូ​ក៏​ពិបាក ហើយ​អ្នកលក់​ជា​ម្ចាស់​​តូប ឬ​ម្ចាស់​ភោជនីយដ្ឋាន​គឺ​កាប់ឆៅ​តែ​ម្តង បើសិនជា​យើង​មិន​បាន​សួរនាំ​តម្លៃ ឬ​តថ្លៃ​ជា​មុន ។ តែ​រយៈពេល​ប្រមាណ​៣ ឬ​៤​ឆ្នាំ​ចុង​ក្រោយ ខ្ញុំ​ពេញចិត្ត​ការ​រៀបចំ​នៅ​កៀន​ស្វាយក្រៅ ព្រោះ​មាន​ផ្សារ​សម្រាប់​យើង​ចូល​ទៅ​ទិញ​ម្ហូប​ក្នុង​តម្លៃ​សមរម្យ ហើយ​ក៏​មាន​បន្លែ​អ្នកស្រុក​ដែល​យើង​អាច​ទិញ​យក​មក​ផ្ទះ​សម្រាប់​ធ្វើ​ម្ហូប​បាន​ទៀត​ផង​។ ជា​ពិសេស​គឺ​យើង​អាច​ទិញ​ម្ហូប​បាន​គ្រប់មុខ ហើយ​ជួល​តូប​ល្មម​សម្រាប់​សមាជិក​៥​នាក់​គឺ​តម្លៃ​ត្រឹម​តែ​១​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ