រាជធានីភ្នំពេញ ៖ អតីតអ្នកប្រដាល់ជើងខ្លាំងខាងប្រើកែងរូសសាន សៅយ៉ាន់ ដែលបានបាត់មុខពីសង្វៀនប្រដាល់អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ពេលនេះបានបង្ហាញខ្លួនសាជាថ្មីម្ដងទៀតនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោប៉ុន្តែមិនមែនធ្វើជាកីឡាករដូចមុនទេគឺធ្វើជាមន្ត្រីអាជ្ញាកណ្ដាលនិងចៅក្រមនៅទីនោះ។
ជួបអ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេលថ្មីៗកន្លងមកនេះ អតីតអ្នកប្រដាល់ដែលបានក្លាយជាកីឡាករលេចធ្លោនៅក្នុងទសវត្សឆ្នាំ១៩៩០ដោយសារប្រើកែងរូសសាន សៅយ៉ាន់បានប្រាប់ថា លោកពិតជាមានចិត្តរំភើបយ៉ាងខ្លាំងដោយសារសហព័ន្ធកីឡាប្រដាល់គុនខ្មែរអនុញ្ញាតឱ្យចូលបម្រើការងារជាមន្ត្រីអាជ្ញាកណ្ដាល ចៅក្រម និងទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធទៀតផង ។ តាមពិតលោកមានក្ដីស្រមៃចង់មកបម្រើការងារនៅក្នុងសហព័ន្ធកីឡាប្រដាល់ជាយូរមកហើយ ប៉ុន្តែគ្មានឱកាសទាល់តែសោះ ទើបតែថ្មីៗកន្លងមកនេះលោកបានជួបលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរឯខេត្តបន្ទាយមានជ័យ ដោយក្ដីសន្ដោសប្រណីលោកឧត្តមសេនីយ៍បានអនុញ្ញាតឱ្យរូបលោកមកធ្វើជាមន្ត្រីអាជ្ញា និងចៅក្រមនៅសង្វៀនទូរទស្សន៍បាយ័នតែម្ដង ។
លោកប្រាប់ថា ការមកបម្រើការងារក្នុងតួនាទីជាអាជ្ញាកណ្ដាលចៅក្រមនៅសង្វៀនទូរទស្សន៍បាយ័នក្នុង១សប្ដាហ៍៣ថ្ងៃគឺថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ដោយទទួលបានប្រាក់កម្រៃក្នុង១ថ្ងៃ២០ដុល្លារ ដូច្នេះ៣ថ្ងៃបាន៦០ដុល្លារដែរ ។ លោកបានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យនៅថ្ងៃសុក្រ ហើយថ្ងៃអាទិត្យត្រូវត្រឡប់ទៅវិញពេលយប់ដើម្បីបង្ហាត់សិស្ស ។ លោកថា ចំពោះប្រាក់កម្រៃដែលលោកទទួលបានពីការងារនេះ វាមិនច្រើនហើយក៏មិនតិចដែរ អាចជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃបានខ្លះ ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺលោកសប្បាយចិត្តនឹងធ្វើការងារនេះ ដោយសារការងារនេះធ្វើឱ្យគេនឹកឃើញលោកឡើងវិញព្រោះការបាត់មុខមួយរយៈយូរយ៉ាងនេះធ្វើឱ្យអ្នកធ្លាប់
គាំទ្រលោកមួយចំនួនភ្លេចមុខលោកបាត់ទៅហើយ។
អតីតអ្នកប្រដាល់ល្បីដែលមានរហស្សនាមថា ស្ដេចកែងរូសសាន សៅយ៉ាន់ បានរៀប
រាប់ពីប្រវត្តិរបស់ខ្លួនថា លោកបានឈានជើងចូលប្រឡូកនៅក្នុងវិស័យកីឡាប្រដាល់តាំងពីឆ្នាំ១៩៩៩មកម្លេ៉ះ ពោលគឺនៅពេលលោកបញ្ចប់ការសិក្សានៅត្រឹមថ្នាក់ទី៩ ។
គ្រាន់តែឈានជើងចូលប្រឡូកនៅក្នុងពិភពកីឡាប្រដាល់បាន១ឆ្នាំ នៅឆ្នាំ២០០១លោកទទួលបានឱកាសឡើងប្រកួតដណ្ដើមពានរង្វាន់ជើងឯកទូទាំងប្រទេសនៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៣រាជធានីភ្នំពេញដោយលោកប្រកួតតំណាងឱ្យក្លិបយោធភូមិភាគទី៥ និងបានយកឈ្នះកីឡាករ នួន បូរ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិនៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមបានពានជើងឯកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ អ្វីដែលធ្វើឱ្យលោកមានឈ្មោះបោះសំឡេងខ្លាំងបំផុតនោះ នៅត្រង់លោកពូកែប្រើស្នៀតកែងរូស មិនថាគូប្រកួតខ្លាំងប៉ុនណានោះទេឱ្យតែមកជួបលោកម្ដងៗ តែងតែទទួលនូវភាពឈឺចាប់ដោយសារស្នៀតកែងរូសនេះជារឿយៗ ។ កាលជំនាន់នោះ កីឡាករប្រដាល់កម្ពុជា មិនទាន់មានឱកាសប្រកួតជាមួយកីឡាករថៃដូចសព្វថ្ងៃនេះទេ បើសិនជាមានដូចពេលនេះវិញមិនដឹងជាល្អមើលយ៉ាងណានោះទេ ព្រោះអីពួកគេសុទ្ធតែខ្លាំងៗទាំងអស់ រាល់ការប្រកួតម្ដងៗមុននឹងរកឃើញចាញ់ឈ្នះសុទ្ធតែមានរបួសរៀងខ្លួន។
សាន សៅយ៉ាន់ បន្តថា ក្រោយមកលោកបានធ្វើឱ្យនួន បូរ៉ា ខកចិត្តម្ដងទៀតនៅពេលជួបប្រកួតដណ្ដើមខ្សែក្រវាត់M150ក្នុងឆ្នាំ២០០២ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដដែលដោយលោកបានយកឈ្នះនួន បូរ៉ាដោយពិន្ទុនៅវគ្គផ្ដាច់ព្រ័ត្រ ។ ប៉ុន្តែនៅពេលលោកឡើងដល់ទម្ងន់៦០គីឡូក្រាមថ្វីដៃប្រកួតចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗរហូតដល់ឆ្នាំ២០០៤ លោកបានសម្រេចចិត្តឈប់ឡើងសង្វៀនប្រកួតចាប់ពីពេលនោះមក។
មកទល់ពេលនេះលោកមានអាយុ៣៧ឆ្នាំហើយដោយបានរៀបការប្រពន្ធនៅក្នុងឆ្នាំ២០០៤និងមានកូន៤នាក់ប្រុស៣ស្រី១។ កូនប្រុសទី២ឈ្មោះឆុង វិសាល អាយុ៩ឆ្នាំ ត្រូវបានលោកបណ្ដុះបណ្ដាលឱ្យធ្វើជាកីឡាករប្រដាល់ស្នងតំណែងលោករហូតមកទល់ពេលនេះប្រកួតបាន៥ដងហើយ ។ សព្វថ្ងៃលោកបានបើកក្លិបប្រដាល់មួយដែលមានឈ្មោះថា«សៅយ៉ាន់នាគា»មានសិស្សហ្វឹកហាត់ជាប្រចាំចំនួន១៥នាក់ និងបង្ហាត់ដោយរូបលោកផ្ទាល់តែម្ដង ។
លោកបញ្ជាក់ថា ក្លិបប្រដាល់របស់លោកទើបតែមានការទទួលស្គាល់ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្នុងឆ្នាំ២០១៧នេះប៉ុណ្ណោះ។
សព្វថ្ងៃនេះទោះបីកូនសិស្សទាំងអស់ពេលហាត់រួចត្រឡប់ទៅហូបបាយផ្ទះរបស់ពួកគេវិញមែន តែក្លិបរបស់លោកនៅមានការខ្វះខាតសម្ភារហ្វឹកហាត់មួយចំនួន ធ្វើឱ្យលោកជួបការលំបាកខ្លះៗដែរ តែដោយសារតែមានចិត្តស្រឡាញ់វិស័យកីឡាប្រដាល់ និងចង់ឱ្យក្មេងៗ
ទាំងនោះឃ្លាតឆ្ងាយពីគ្រឿងញៀន ក៏ដូចជារួមចំណែកថែរក្សាក្បាច់គុនបុរាណខ្មែរឱ្យបានគង់វង្សតទៅទៀត ទើបលោកសុខចិត្តចំណាយកម្លាំងកាយចិត្តនិងពេលវេលាបង្ហាត់ដោយមិនខ្លាចនឿយហត់ឡើយ៕
ចែករំលែកព័តមាននេះ