ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រើសអើង​ពី​ក្រុម​គ្រួសារ​ពិតជា​បង្ក​បញ្ហា​ដល់​ការ​បង្កើត​ក្រុមបាល់ទាត់​នារី​មែនឬ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ស្រឡាញ់​កីឡាបាល់ទាត់ នារី​វ័យក្មេង​មួយ​ចំនួន​សុខ​ចិត្ត​​បោះបង់​ចោលការ​សិក្សា​មក​ហាត់​កីឡា​មួយ​នេះតាម​ក្លិប​ឬ​អង្គការ​នានា​រហូត​ក្លាយ​ជា​កីឡាការិនី​ប្រចាំ​ក្លិប​ឬ​អង្គការ​នោះ​និង​មានឱកាស​តំណាងឱ្យ​កម្ពុជា​ចេញ​ប្រកួត​ទាំង​ក្នុងស្រុក​និង​ក្រៅស្រុក​ទទួល​បាន​ទាំង​ថវិកា​និង​កេរ្ដិ៍ឈ្មោះ​ហើយអ្នកខ្លះ​ក្លាយជា​អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ក្លិប​បាល់ទាត់​នារី​ទៀត​ផង ។ ទោះបី​យ៉ាងណា ការ​ចូល​លេង​បាល់ទាត់របស់​នារី​វ័យក្មេង​ទាំងនោះ​ភាគច្រើន​ហាក់មិន​ទទួល​​បានការ​គាំទ្រ​ពី​សំណាក់​ក្រុម​គ្រួសារឡើយ ជា​ពិសេស​ឪពុក​ម្ដាយ​របស់​ពួក​គេ​តែ​ម្ដងដោយសារ​តែ​ពួក​គាត់​យល់​ឃើញ​ថា នារី​លេងបាល់ទាត់​មិន​មាន​អនាគត​ល្អ​នោះ​ទេ​ទើបធ្វើ​ឱ្យ​ការ​បង្កើត​ក្រុមបាល់ទាត់​នារី​ជួប​ការលំបាក​យ៉ាង​ខ្លាំង ។…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ស្រឡាញ់​កីឡាបាល់ទាត់ នារី​វ័យក្មេង​មួយ​ចំនួន​សុខ​ចិត្ត​​បោះបង់​ចោលការ​សិក្សា​មក​ហាត់​កីឡា​មួយ​នេះតាម​ក្លិប​ឬ​អង្គការ​នានា​រហូត​ក្លាយ​ជា​កីឡាការិនី​ប្រចាំ​ក្លិប​ឬ​អង្គការ​នោះ​និង​មានឱកាស​តំណាងឱ្យ​កម្ពុជា​ចេញ​ប្រកួត​ទាំង​ក្នុងស្រុក​និង​ក្រៅស្រុក​ទទួល​បាន​ទាំង​ថវិកា​និង​កេរ្ដិ៍ឈ្មោះ​ហើយអ្នកខ្លះ​ក្លាយជា​អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ក្លិប​បាល់ទាត់​នារី​ទៀត​ផង ។

ទោះបី​យ៉ាងណា ការ​ចូល​លេង​បាល់ទាត់របស់​នារី​វ័យក្មេង​ទាំងនោះ​ភាគច្រើន​ហាក់មិន​ទទួល​​បានការ​គាំទ្រ​ពី​សំណាក់​ក្រុម​គ្រួសារឡើយ ជា​ពិសេស​ឪពុក​ម្ដាយ​របស់​ពួក​គេ​តែ​ម្ដងដោយសារ​តែ​ពួក​គាត់​យល់​ឃើញ​ថា នារី​លេងបាល់ទាត់​មិន​មាន​អនាគត​ល្អ​នោះ​ទេ​ទើបធ្វើ​ឱ្យ​ការ​បង្កើត​ក្រុមបាល់ទាត់​នារី​ជួប​ការលំបាក​យ៉ាង​ខ្លាំង ។ តើ​ការ​យល់​ឃើញ​របស់​ឪពុក​ម្ដាយ​កីឡាការិនី​បែប​នេះ​ពិតជា​ត្រឹមត្រូវ​ឬ​យ៉ាងណា?

ជួប​អ្នក​សារព័ត៌មាន​កោះសន្តិភាព កញ្ញា​ស៊ុន ដា​ឡែ​ន អាយុ​២៦​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ក្រុម
បាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន ប្រាប់​ថា សព្វថ្ងៃនេះ​មិនមែន​តែ​រូប​នាង​ទេ​ដែល​ស្រឡាញ់​ចូល​ចិត្ត​បាល់ទាត់ គឺ​នៅ​មាន​ក្មេង​ស្រី​ជា​ច្រើន​នាក់​ទៀត​ដែល​ស្រឡាញ់​ចូល​ចិត្ត​ដូច​រូប​នាង​ដែរ​។ ប៉ុន្តែ​ដោយសារ​តែ​ពេលវេលា​មិន​អំណោយផល​ម្យ៉ាង​ដោយសារ​តែ​មាន​ភាព​រើសអើង​នៅ​ក្នុង​ក្រុមគ្រួសារ ជា​ពិសេស​ឪពុក​ម្ដាយ​របស់​ពួក​នាង​ច្រើនតែ​គិត​ថា ការ​ចាប់​​យក​អាជីព​ជា​កីឡាការិនី​បាល់ទាត់​គឺ​គ្មាន​អនាគត​ល្អ​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ដែរ កញ្ញា ស៊ុន ដា​ឡែ​ន បាន​ប្រាប់​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ថា នារី​លេង​បាល់ទាត់​គ្មាន​អ្វី​អាក្រក់​នោះ​ទេ ផ្ទុយទៅ​វិញ​ឱ្យ​តែ​នារី​នោះ​ព្យាយាម​គង់​តែ​មាន​ផលល្អ​ទៅ​ថ្ងៃក្រោយ​ទេ ។ ជាក់ស្ដែង រូប​នាងតែ​ម្ដង​គឺ​ស្រឡាញ់​ចូល​ចិត្ត​កីឡា​បាល់​ទាត់​តាំងពី​នៅ​តូច​ៗ​ម្ល៉េះ ឱ្យ​តែ​មានកម្ម​វិធី​ប្រកួត​តាម​សាលា​ម្ដង​ៗ​នាង​គឺជា​មនុស្ស​ទី​១​ហើយ​ដែល​បាន​ទៅ​ដល់ទី​លាន​ប្រកួត​មុនគេ ។ កញ្ញា​ថា គ្រាន់តែ​ប្រឡង​ធ្លាក់​បាក់​ឌុ​ប​នៅ​ឆ្នាំ​២០១២​ភ្លាម នាង​បាន​សម្រេចចិត្ត​ចូល​ហាត់​បាល់ទាត់​តាំងពី​ពេល​នោះ​មក ។ រហូត​ដល់​ឆ្នាំ​២០១៥ នាង​បាន​ចូល​លេង​នៅ​ក្នុង​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ហើយ​ក្រុម​របស់​នាង​បាន​ឈ្នះ​ពាន​RSN​ជា​លើក​ដំបូង ក្នុង​ចំណោម៤​ក្រុម​ដែល​ចូលរួម​ប្រកួត​ប្រជែង ។ កាល​នាងនៅ​លេង​គឺ​ស្ថិត​ក្នុង​តំណែង​ខ្សែប្រយុទ្ធ និង​បម្រើ​-​ប្រយុទ្ធ ។

ក្រោយមក ដោយសារ​តែ​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​នមើលឃើញ​រូប​នាង​មានការ​យល់​ដឹង​ច្រើនពី​បច្ចេកទេស​លេង​បាល់​ព្រមទាំង​មានការតស៊ូ​ព្យាយាម​នៅ​ក្នុង​អាជីព​មួយ​នេះ​ទៀត​ផងនោះ គេ​ក៏​សម្រេច​ជ្រើសរើស​យក​នាង​ឱ្យបម្រើ​ការ​នៅ​ក្នុង​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​នរហូត​ដល់​សព្វ​ថ្ងៃនេះ​ក្នុង​ឋានៈ​ជា​អ្នកគ្រប់គ្រង​កីឡាបាល់​ទាត់​នារី​។

កញ្ញា ស៊ុន ដា​ឡែ​ន បាន​ប្រាប់​ទៀត​ថា ការ​លេង​បាល់ទាត់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ផលប្រយោជន៍​ផ្នែក​សុខភាព​ប៉ុណ្ណោះ​នោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​យើង​មាន​ភាព​សប្បាយរីករាយ បំបាត់​ភាព​ស្ត្រេ​ស ហើយ​បាន​ស្គាល់មិត្តភក្ដិ​ច្រើន​ទៀត​ផង ។ កញ្ញា​ថា នៅ​ក្នុងក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​សព្វថ្ងៃ​មាន​ក្រុមបាល់ទាត់​នារី​តែ​១​ក្រុម​ប៉ុណ្ណោះ​ដែល​កំពុងហ្វឹកហាត់​ជា​ប្រចាំ​រៀង​រាល់​ល្ងាច និង​បាន​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​បាល់ទាត់នារី​ប្រចាំឆ្នាំ​២០១៧​កន្លង​ទៅ​នេះ​ជាមួយ៧​ក្រុម​ផ្សេង​ទៀត ប៉ុ​ន្ត​សំណាង​អាក្រក់​​ក្រុមនាង​បាន​ធ្លាក់​តាំងពី​វគ្គ​ជម្រុះ​មក​ម្ល៉េះ ។ មកដល់​ពេល​នេះ​នៅ​សល់​តែ​ក្រុម​ខ្លាំង​ៗ​ចំនួន​៤ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​ខ្វែង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​ដែល​មាន​ដូច​ជា​ក្រុម​ខេត្តកំពង់ស្ពឺ​លេខ​១​ពូ​ល​B​ប្រកួត​ជាមួយ​ក្រុម​ខេត្ត​កំពង់ធំ​លេខ​២​ពូ​ល​A និង​ក្រុម​ខេត្តស្វាយរៀង​លេខ​២​ពូ​ល​B ប្រកួត​ជាមួយ​ក្រុម​ខេត្ត​បាត់ដំបង​លេខ​១​ពូ​ល​A​។

លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បាន​និង​កំពុងយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​ឱ្យវិស័យ​កីឡាបាល់ទាត់​កម្ពុជា​មាន​ការ​រី​ក​ចម្រើនដូច​ប្រទេស​ជិតខាង តាម​រយៈ​ការ​បណ្ដុះ​កីឡាករថ្នាល​គ្រប់​កម្រិត ក្នុង​នោះ​​​ក៏​មាន​បាល់ទាត់​នារី​ផង​ដែរ​នោះ ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​នារី​ឱ្យ​ចូល​ហ្វឹក​ហាត់​បាល់ទាត់​នេះ​ជួប​ការ​លំបាក​ខ្លាំង​ណាស់​មិន​ដូច​បុរស​នោះ​ទេ ដោយ​សារ​តែ​មានការ​រើសអើង និង​ជំទាស់ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ