រាជធានីភ្នំពេញ ៖ យុវជនកំហូចម្នាក់ខណៈផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែក នឹកឃើញចង់រួមរ័កហើយដឹងថា ស្ត្រីម្នាក់កំពុងដេកលក់លើគ្រែក្នុងបន្ទប់ផ្ទះជួលតែម្នាក់ឯងក៏ស្រាតខោខូវប៊យរបស់ខ្លួនទុកនៅលើពាងទឹកក្បែរផ្ទះរបស់នាង នៅសល់តែខោលីអូ បន្ទាប់មកលួចគាស់ទ្វារផ្ទះលូនចូលទៅធ្វើសកម្មភាពប៉ុនប៉ងចាប់នាងរំលោភសេពសន្ថវៈ។ ដោយសារតែងងឹតមើលមិនឃើញ ទើបតែចាប់ផ្តើមរាវប៉ះចំកជើងក៏ត្រូវនាងស្រែកឆោឡោ និងធាក់មួយជើងធ្លាក់ពីលើគ្រែសន្លប់បាត់ស្មារតីហើយត្រូវបានប៉ូលិសចាប់ខ្លួនតែម្តង ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១ មករា នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ជនសង្ស័យឈ្មោះសុខ ពៅ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ដោយឡែកស្ត្រីរងគ្រោះមានអាយុ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ។
ស្ត្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល៨យប់ថ្ងៃទី១ មករានោះ នាងបានបិទទ្វារផ្ទះយ៉ាងត្រឹមត្រូវហើយក៏បានចូលដេកលង់លក់ទៅ ។ លុះដល់ម៉ោងជាង១០យប់ពេលកំពុងលង់លក់នោះ ស្រាប់តែឈ្មោះសុខ ពៅ បានគាស់ទ្វារផ្ទះខាងក្រោយចូលទៅរាវចាប់កជើងទាំង២របស់នាងជាប់ ធ្វើឱ្យនាងភ្ញាក់ពីដំណេក ហើយឃើញជននោះអត់ពាក់អាវទេ និងស្លៀកតែខោលីអូប៉ុណ្ណោះ។ ខណៈនោះនាងក៏ស្ទុះក្រោកឡើង និងបានធាក់ជននោះមួយជើងបណ្តាលឱ្យធ្លាក់ពីលើគ្រែសន្លប់ភ្លាម។ បន្ទាប់មកនាងបើកទ្វាររត់ចេញមកក្រៅផ្ទះរួចទូរស័ព្ទហៅអ្នកជិតខាងឱ្យជួយប្តឹងប៉ូលិសមកចាប់ខ្លួនយុវជននេះតែម្តង ។
ប្រជាពលរដ្ឋឱ្យដឹងថា គេមិនបានដឹងថា ជនសង្ស័យម្នាក់នេះផឹកស៊ីនៅកន្លែងណា និងតាំងពីពេលណាមកនោះទេរហូតដល់ស្រវឹងធ្លាក់ភ្នែកនឹកឃើញចង់រួមរ័ក និងបានដឹងថា នាងរងគ្រោះធ្លាប់តែដេកម្នាក់ឯងរាល់ថ្ងៃ ក៏បានដើរទៅផ្ទះស្ត្រីរូបនោះរួចលួចអើតតាមបង្អួចក៏ឃើញស្ត្រីរងគ្រោះដេកតែម្នាក់ឯងមែន ។ បន្ទាប់ពីឃើញឱកាសល្អបែបនេះ ក៏បានត្រៀមខ្លួនជាស្រេចដោយស្រាតខោខូវប៊យ និងដោះអាវទុកចោលនៅពាងទឹកខាងមុខផ្ទះស្ត្រីរងគ្រោះ រួចដើរទៅក្រោយផ្ទះធ្វើសកម្មភាពគាស់ទ្វារក្រោយចូលទៅក្នុងបន្ទប់ផ្ទះជួលក្នុងបំណងរំលោភសេពសន្ថវៈ ប៉ុន្តែសំណាងអាក្រក់គ្រាន់តែរាវចាប់ប៉ះចំកជើងស្ត្រីរូបនោះតែប៉ុណ្ណោះ ក៏ត្រូវនាងធាក់មួយជើងធ្លាក់ពីលើគ្រែសន្លប់ស្តូកស្តឹង ។ បន្ទាប់មក នាងរងគ្រោះបានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលទាំងយប់ និងរត់ចេញរួចចាក់សោពីខាងក្រៅជាប់ ហើយប្តឹងសមត្ថកិច្ចឱ្យចាប់ជននេះតែម្តង ។ ប៉ូលិសមកដល់ក៏ចាប់ខ្លួនព្រមទាំងប្រគល់ខោអាវឱ្យស្លៀកឡើងវិញទើបចាប់ជាក្រោយ ។
ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ