ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូទាយ​​បោកប្រាស់​ម្នាក់លក់​វត្ថុស័ក្តិ​សិទ្ធិ (គោបា​ធ្វើ​ពីសំ​រិ​ទ្ធ​) ត្រូវអស់លក្ខណ៍

29 វិនាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​៧ ខែសីហា​ ឆ្នាំ​២០២៥​ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ​តាម​រយៈ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​បន្ទាន់ តាម​(Hotline) 1296 ទើប…

ខេត្ត​សៀម​រា​ប ៖ កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​៧ ខែសីហា​ ឆ្នាំ​២០២៥​ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ​តាម​រយៈ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​បន្ទាន់ តាម​(Hotline) 1296 ទើប កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​ បាន​ចុះ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ សឹម ស៊ី​ណា​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរជាគ្រូទាយ រស់​នៅ​ភូមិ​ឫស្សី​លក ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប ដើម្បី​យក​មក​សួរនាំ​ពាក់ព័ន្ធ​ករណី​ឆបោក (​លក់​របស់​ស័ក្តិសិទ្ធិគោបា​ធ្វើ​ពីសំ​រិ​ទ្ធ​) មកសួរនាំ​ រួច​បញ្ជូន​ជនសង្ស័យ​​មក​ការិយាល័យ​ជំនាញ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​បន្ត​ការ​សួរនាំ​ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០២៥ ជនសង្ស័យ​ឈ្មោះ សឹម ស៊ី​ណា​ន ជា​គ្រូទាយ បាន​ជួប​ជន​រង​គ្រោះ​ឈ្មោះ ញ៉ សុខ​ឃី​ម ហើយ​បាន​និយាយ​ប្រាប់​ជន​រង​គ្រោះ​ថា រូបគេ​មាន​របស់ស័ក្តិ​សិទ្ធិ (​គោបា​ធ្វើ​ពី​សំ​រិ​ទ្ធិ​) ជា​របស់​ពិត បើ​លក់​បាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ បើ​ចង់បាន​ប្រគល់​ប្រាក់​ឱ្យ​រូបគេ ដើម្បី​យក​មក​ធ្វើ​ពិធី​ដាស់​ឱ្យ​ជន​រង​គ្រោះ​យក​ទៅ​កាន់​ទុក​ប្រើ​ប្រាស់​បាន​សុខ​សប្បាយ ។

ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រគល់​ប្រាក់​ឱ្យទៅ​រូបគេ​អស់​ទឹកប្រាក់​សរុប​ចំនួន​៦,០០០​ដុល្លារ​អា​មេ​
រិ​ក (​ប្រាំមួយ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) និង​ប្រាក់​រៀល​ចំនួន ១៦,០០០,០០០៛ (​ដប់​ប្រាំមួយ​លាន​រៀល​) ។ នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៥ បាន​ណាត់​ឱ្យ​ជន​រង​គ្រោះ​មក​យក តែ​ពេល​ដែល​ជន​រង​គ្រោះ​មក​យក គឺជា​របស់​ក្លែងក្លាយ ។

តាម​ការ​បំភ្លឺ​របស់​ជនសង្ស័យ​ឈ្មោះ សឹម ស៊ី​ណា​ន បាន​ឆ្លើយ​បំភ្លឺ​ថា រូប​ខ្លួន​ធ្លាប់​បាន​និយាយ​ប្រាប់​ជន​រង​គ្រោះ​ថា ខ្លួន​មាន​គោបា​ជា​របស់​ស័ក្តិ​​សិទ្ធិ ដោយ​ឱ្យ​មើល​តាម​រយៈ​រូបថត ហើយ​ខ្លួន​បាន​ទទួលស្គាល់​ថា ពិតជា​បាន​និយាយ​ឱ្យ​ជន​រង​គ្រោះ​ប្រគល់​ប្រាក់​ជា​បន្ត បន្ទាប់​សរុប​ទឹកប្រាក់​ចំនួន ៦,០០០​ដុល្លារ​អា​មេ​រិ​ក (​ប្រាំមួយ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) និង​ប្រាក់​រៀល​ចំនួន ១៦,០០០,០០០៛ (​ដប់​ប្រាំមួយ​លាន​រៀល​) ពិតប្រាកដ​មែន ។

ដោយ​ប្រាក់​ទាំង​អស់នោះ ជន​រង​គ្រោះ​បាន​វេរ​ឱ្យ​រូប​ខ្លួន​តាម​រយៈ​កុង​ធនាគារ ABA ក្រោយ​ពី​ទទួល​​ប្រាក់​ពី​ជន​រង​គ្រោះ រូប​ខ្លួន​បាន​យក​ប្រាក់​នោះ​ទៅ​សង​គេ និង​ចាយវាយ​ផ្ទាល់ខ្លួន​អស់ហើយ ចំពោះ​គោបា​ធ្វើ​ពី​សំ​រិ​ទ្ធិ​នោះ​គឺ​គ្មាន​ទេ គឺ​រូប​ខ្លួន​និយាយ​កុហក​ជន​រង​គ្រោះ ចំពោះ​រូបសំណាក​គោបា​នោះ​ ជា​រូប​ដែល​ខ្លួ​ធ្វើ​ខ្លួនឯង​មិនមែន​របស់​ពិត​ទេ​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ