របាយការណ៍មួយរបស់ធនាគារពិភពលោកបានបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន១២ ដែលនឹងរងគ្រោះធ្ងន់ធ្ងរដោយសារការឡើងកម្ពស់ទឹកជំនន់ ដែលអាចនឹងធ្វើអោយបាត់បង់ដីនិងបង្ខំអោយមនុស្សជាច្រើនលាននាក់ ត្រូវទៅរស់នៅកន្លែងផ្សេង ។
ការសិក្សាស្រាវជ្រាវដែលចេញផ្សាយកាលពីថ្ងៃទី១២ មីនា បានបង្ហាញថា ប្រទេសចំនួន១២ដែលរងផលប៉ះពាល់ខ្លាំង រួមមានប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ប្រ៊ុយណេ វៀតណាម ឡាវ ថៃ ភូមា ហ្វីលីពីន កូរ៉េខាងជើង កូរ៉េខាងត្បូង និងប៉ាពួ ញូវ ហ្គីណេ។
ការស្រាវជ្រាវនោះនិយាយថា ទឹកសមុទ្រអាចនឹងឡើងយ៉ាងហោចណាស់មួយម៉ែត្រ នៅក្នុងសតវត្សរ៍នេះ។ការឡើងរបស់ទឹកសមុទ្រនឹងធ្វើអោយលិចដីបាត់៧៤០០០គីឡូម៉ែត្រការ៉េ នៅក្នុងប្រទេសទាំង១២ ។ ប៉ុន្តែរបាយការណ៍នោះ មិនបង្ហាញថាតើកម្ពុជានឹងបាត់បង់ដីប៉ុន្មាននោះទេ ។ មនុស្សចំនួន៣៧លាននាក់ នឹងបាត់បង់ទីជម្រកដោយសារការឡើងកម្ពស់ ទឹកសមុទ្រកម្ពស់មួយម៉ែត្រ។ ចំនួននេះ នឹងឡើងដល់៦០លាននាក់ បើទឹកសមុទ្រឡើងកម្ពស់ពីរម៉ែត្រហើយឡើងដល់៩០លាននាក់ បើទឹកសមុទ្រឡើងកម្ពស់បីម៉ែត្រ ។
របាយការណ៍នោះអោយដឹឹងថា ចិននិងឥណ្ឌូនេស៊ីនឹងរងគ្រោះជាងគេ ។ ប្រជាជនចិននៅតំបន់សមុទ្រចំនួនជាង២៣លាននាក់ នឹងអាចរងគ្រោះថ្នាក់ ដោយសារការឡើងកម្ពស់ទឹកសមុទ្រ ។ ចំណែកប្រជាជនឥណ្ឌូនេស៊ីចំនួនប្រមាណ២,៨លាននាក់ នឹងបាត់បង់ទីជម្រក។ ចំណែកប្រជាជនវៀតណាមចំនួនប្រហែល១១ភាគរយនឹងអាចរងផលប៉ះពាល់ ។ ប៉ុន្តែរបាយការណ៍មិនបានប្រាប់ថា ប្រជាជនកម្ពុជាប៉ុន្មាននាក់ ឬក៏ផ្ទៃដីកម្ពុជាប៉ុន្មាន នឹងបាត់បង់ដោយសារការឡើងកម្ពុជាទឹកសមុទ្រនេះឡើយ ។
ចែករំលែកព័តមាននេះ