ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ប្តេជ្ញា​ការពារ​អធិបតេយ្យភាព​ជាតិ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ពី​សំណាក់​កងទ័ព​ថៃ

14 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ទន្ទឹម​នឹង​ដៃ​ម្ខាង​ការពារ​អធិប តេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​យ៉ាង​ប្តូរផ្តាច់​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ពី​សំណាក់​កងទ័ព​ថៃ ដៃ​ម្ខាង​ទៀត​របស់​ថ្នាក់ដឹកនាំ​យើងខិតខំ​ដោះស្រាយ​ជួយ​សម្រួលការ​លំបាក​ជូន​គ្រួសារ​វីរ​យុទ្ធ​ជន​នៅ​ជួរ​មុខ និង​ជនភៀសសឹក​ដែល​ទទួល​រង​ផល​ប៉ះពាល់​។ ឯកឧត្តម ប៉ែន…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា ទន្ទឹម​នឹង​ដៃ​ម្ខាង​ការពារ​អធិប តេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​យ៉ាង​ប្តូរផ្តាច់​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ពី​សំណាក់​កងទ័ព​ថៃ ដៃ​ម្ខាង​ទៀត​របស់​ថ្នាក់ដឹកនាំ​យើងខិតខំ​ដោះស្រាយ​ជួយ​សម្រួលការ​លំបាក​ជូន​គ្រួសារ​វីរ​យុទ្ធ​ជន​នៅ​ជួរ​មុខ និង​ជនភៀសសឹក​ដែល​ទទួល​រង​ផល​ប៉ះពាល់​។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាច​រដ្ឋាភិបាល​បាន​ថ្លែង នៅ​ក្នុង​ស​ន្និសី​ទ​សារ​ព័ត៌​មាន​ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៦​ តាម​រយៈ​ការ​អំពាវនាវ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ទាប់​ពី​មាន​សេចក្តីណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បាន​សម្រេច​លើកលែង​ការ​ប្រាក់​សរុប​១០,៦​លាន​ដុល្លារ​អាម៉េរិក​ សម្រាប់​គ្រួសារ​ជនភៀសសឹក​ដើម្បី​ជួយ​ពួក​គេ​ឱ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ក្នុងអំឡុងពេល​ភៀស​សឹក និង​បាន​លុប​ចោល​បំណុល​(​ទាំង​ប្រាក់​ដើម​និង​ការ​ប្រាក់​) ចំនួន​ប្រមាណ​ជា​១​លាន​ដុល្លារ​អាម៉េរិក សម្រាប់​យោធិន​ជួរ​មុខ យោធិន​រង​របួស និង​គ្រួសារ​របស់​យោធិន​ពលី ដើម្បី​ជា​ការ​ដឹងគុណ​ចំពោះ​ការ​លះបង់​ផង និង​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ពួក​គេ​ក្នុង​ពេល​បាត់បង់​ចំណូល​ផង​ ។

ទន្ទឹម​នឹង​នោះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​ក្នុង​ទំហំ​ទឹកប្រាក់ ប្រមាណ ៥០០​លាន​ដុល្លារ​អាម៉េរិក ដើម្បី​សម្រាល​សំពាធ​ហិរញ្ញវត្ថុ​ជូន​ដល់​ជនភៀសសឹក និង​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ផ្សេង​ៗ​ទៀត​។ បន្ថែម​ពីលើ​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​រៃ​អង្គាស​ថវិកា​តាម​រយៈ​កម្មវិធី​សប្បុរសធម៌​របស់​សមាគម​និង​គ្រឹះស្ថាន​សមាជិក ដោយ​ទទួល​ថវិកា​ចំនួន ៣៤​ម៉ឺន​ដុល្លារ​អាម៉េរិក ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​នានា​ជា​ច្រើន​ទៀត​ដើម្បី​បរិច្ចាគ​ជូន​កងទ័ព​ជួរ​មុខ និង​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​ក្នុង​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​។

ឯកឧត្តមបាន​លើក​ឡើង​ថា ​ក្រៅពី​ការ​ចូលរួម​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ជាមួយ​រាជរដ្ឋា ភិបាល ដូច​បាន​លើក​ឡើង​ខាង​ដើម ក៏​មាន​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ សមាគម​ឧកញ៉ា​កម្ពុជា សភាពាណិជ្ជកម្ម​កម្ពុជា សប្បុរសជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​ចូលរួម​យ៉ាង​សកម្ម​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ​ភៀស​សឹក​ក៏​ដូច​ជា​គ្រួសារ​វីរ​កងទ័ព​ជួរ​មុខ​ក្នុង​ទឹកចិត្ត​សាមគ្គី​ជួយ​គ្នា​យ៉ាង​ទូលំទូលាយ​បំផុត​។

អ្នកនាំពាក្យ​បាន​បន្ថែម​ថា ​ក្រឡេក​មក​មើល​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​ៗ​របស់​ជាតិ​វិញ រាប់​តាំងពី​មន្ត្រី​សង្ឃ អង្គ​ព្រះមហាក្សត្រ សម្តេចព្រះ​មហាក្សត្រី សម្តេច​ប្រធាន​ព្រឹទ្ធសភា សម្តេច​ប្រធានរដ្ឋសភា សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត​ដែល​ជា​ជំទាវ​ទី​១​របស់​កម្ពុជា បាន​និមន្ត យាង និង​អញ្ជើញ​ចុះ​សួរសុខទុក្ខ​យោធិន​រង​របួស​ដែល​សម្រាក​​នៅ​មន្ទីរពេទ្យ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​យោធិន​ពលី បំផុស​និង​រៀបចំ​កញ្ចប់​អំណោយ​និង​ចែក​អំណោយ​ដល់​វីរ​កងទ័ព​ជួរ​មុខ​និង​ជនភៀសសឹក​យ៉ាង​សកម្ម​បំផុត​។ ក្រៅពី​នោះ សេនាធិការ​របស់​រាជរដ្ឋាភិបាល​ទាំងអស់​ក៏​បាន​សស្រាក់សស្រាំ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមរភូមិ​មុខ​និង​ជនភៀសសឹក​យ៉ាង​មមាញឹក​បំផុត​ផង​ដែរ​។

នៅ​ក្នុង​សារ​ជូន​ជនរួមជាតិ​ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់​ថា «​ក្នុង​គ្រា​ដ៏​លំបាក​ដែល​ប្រទេស​ជាតិ​យើង​បាន​ទទួល​រង​នូវ​សង្គ្រាម​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ខ្ញុំ​ពិតជា​បានឃើញ​ច្បាស់​នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​រឹង​មាំ​រវាង​ខ្មែរ​និង​ខ្មែរ ក៏​ដូច​ជា​បានឃើញ​ច្បាស់​នូវ​ការ​ឈឺចាប់​របស់​ជាតិ​យើង និង​របស់​ប្រជាជន​យើង ហើយ​ជា​ការ​ឈឺចាប់​មួយ​ដែល​បាន​បំផុស​នូវ​ទឹកចិត្ត​ស្នេហា​ជាតិ​ដ៏​ស្មោះត្រង់ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត​របស់​ប្រជាជន​នៅ​គ្រប់​ទិស​ទី​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​យើង​ឱ្យ​បាន​រឹង​មាំ​»​។

ក្នុង​សារ​កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់​ថា «​ខ្ញុំព្រះករុណា ខ្ញុំ ពិតជា​មាន​សេចក្តី​រំភើប​ឥត​ឧបមា​ដែល​បានឃើញ​ការ​ចូលរួម​ដ៏​ផុលផុស​របស់​បងប្អូន​ជនរួមជាតិ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​ប្រទេស ទាំង​ក្រៅប្រទេស ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ទាំង​ខាង​សម្ភារៈ និង​ស្មារតី​ដល់​វីរ​យុទ្ធ​ជន​នៅ​សមរភូមិ​មុខ និង​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ដែល​កំពុង​រស់នៅ​យ៉ាង​លំបាក​នៅ​តាម​ជម្រក​សុវត្ថិភាព​នានា​។ នេះ​ជា​ស្មារតី​សាមគ្គី ឯកភាព​ជាតិ និង​ជា​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ដ៏​រឹង​មាំ​»​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជូន​ជនរួមជាតិ​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ជា​ពិសេស​ក្នុង​គ្រា​ដ៏​លំបាក​បំផុត​។ ទីណា​ពលរដ្ឋ​មានទុក្ខ មានមុខ​សម្តេច​តេ​ជោ​-​ធិ​បតី និង​មន្ត្រី​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ចាំ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​និច្ច​។ ការ​តស៊ូ លះបង់ ដើម្បី​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​សេចក្តីស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ការ​ស្វះ​ស្វែងរក​សន្តិភាព​ពេញលេញ និង​ការ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​បាន​រីក​លូតលាស់​ដូច​សព្វថ្ងៃ គឺជា​សក្ខីភាព​ប្រវត្តិសាស្ត្រ​ដែល​បញ្ជាក់​ច្បាស់​ពី​រឿង​នេះ​។

បច្ចុប្បន្ន នៅ​ពេល​ប្រទេស​ជាតិ​និង​ពលរដ្ឋ​ភៀស​សឹក​យើង​ជួប​ការ​លំបាក សក្ខីភាព​ប្រវត្តិសាស្ត្រ​នេះ​ក៏​បាន​បង្ហាញ​ឡើង​សារ​ជា​ថ្មី​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​របស់​យើង​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​តស៊ូ​ពុះពារ​ដើម្បី​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី តាម​រយៈ​មធ្យោបាយ​សន្តិវិធី​ដោយ​ផ្អែក​លើ​អនុសញ្ញា សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ និង​ដោយ​មិន​ទទួលយក​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​កម្លាំង​ដើម្បី​ចូល​កាន់កាប់​ទឹកដី​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជូន​ជា​ថ្មី​ឡើង​វិញ​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possi​detis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​។ នេះ​ជា​ជំហរ​ដែល​មិន​អាច​ធ្វើ​សម្បទាន​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ