រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ពាក់ព័ន្ធករណីជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ដែលត្រូវបានរងរបួសជើងម្ខាង បន្ទាប់ពីត្រូវអាវុធហត្ថព្រែកព្នៅបាញ់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ត្រូវនគរបាលមូលដ្ឋានបញ្ជាក់ប្រាប់កោះសន្តិភាព នាព្រឹកថ្ងៃទី០៩ មីនា នេះថា គឺមិនមែនជាករណីប្លន់នោះទេ ប៉ុន្តែអាចជារឿងគំនុំ ។

សេចក្តីរាយការណ៍បន្តថា ការអះអាងរបស់មន្ត្រីនគរបាលមូលដ្ឋានបែបនេះ គឺបន្ទាប់ពីមានកម្មករដែលស្ថិតនៅក្នុងហេតុការណ៍នោះប្រាប់ថា គាត់បានឮជនសង្ស័យនិយាយថា «អ្នកផ្សេងនៅឱ្យស្ងៀម អញរកតែអាណាដែលមានគំនុំជាមួយអញនោះទេ» ។ ដោយឡែក បើតាមជនសង្ស័យដែលរងរបួសនោះវិញ ក៏បាននិយាយដែរថា «ខ្លួនត្រូវគេជួលមក ក្នុងតម្លៃ៨ពាន់ដុល្លារ» ។ ទាក់ទិនករណីនេះ សមត្ថកិច្ចបាននិងកំពុងបើកការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកការពិត ។

គួររំលឹកថា កាលពីវេលាម៉ោងប្រហែល០៩យប់ថ្ងៃទី០៨ មីនា មានជនសង្ស័យចំនួន៥នាក់ (ក្នុងនោះម្នាក់រងរបួស) ប្រដាប់ដោយកាំភ្លើងអាកា២ដើម បានសម្រុកដើរមកត្រង់ចំណុចលើដី (កន្លែងផ្ទុះអាវុធ) ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែព្នៅ ដែលមានតូបលក់ដូរ២កន្លែង មួយកន្លែងគឺជារបស់មន្ត្រីប៉េអឹមម្នាក់ (ប៉េអឹមបាញ់ទៅលើជនសង្ស័យម្នាក់) ។

ប្រភពបន្តថា ជនសង្ស័យ៣នាក់បានធាក់ទ្វារតូបរបស់មន្ត្រីប៉េអឹមនោះ តែត្រូវលោកបាញ់គំរាមឡើងលើ ក៏រត់ទៅអស់ ។ ក្រោយមក លោកប៉េអឹមបានចេញតាមទ្វារក្រោយមកមើល ក៏ឃើញជនសង្ស័យ២នាក់កំពុងភ្ជង់កម្មករ២នាក់នៅតូបក្បែរនោះ ទើបត្រូវលោកប៉េអឹមបាញ់ ក៏ត្រូវជនសង្ស័យម្នាក់ ហើយក្រុមកម្មករបាននាំគ្នាចេញមកចោមរោមវាយទៅលើជនសង្ស័យដែលរងរបួសនោះទ្រមខ្លួនកាន់តែខ្លាំងតែម្តង ។
ព័ត៌មានលម្អិត សូមរង់ចាំតាមដានលើទំព័រកាសែតកោះសន្តិភាព ។


ចែករំលែកព័តមាននេះ