ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! រក​ឃើញ​ករណី​ជំងឺផ្តាសាយបក្សី លើ​កុមា​រា​អាយុ​៥​ឆ្នាំ នៅ​ខេត្តកំពត ខណៈ​កំពុង​សង្គ្រោះ​បន្ទាន់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កុមា​រា​អាយុ​០៥​ឆ្នាំ ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ ហាស់​៥ អ៊ិ​ន​១ (H5N1) ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ កុមា​រា​អាយុ​០៥​ឆ្នាំ ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ ហាស់​៥ អ៊ិ​ន​១ (H5N1) ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា អ្នកជំងឺ​ផ្តាសាយ​បក្សី​ខាងលើ មាន​ទីលំនៅ​ក្នុងភូមិ​កម្មករ ឃុំ​សំឡាញ ស្រុក​អង្គរ​ជ័យ ខេត្តកំពត មាន​រោគ​សញ្ញា គ្រុនក្តៅ ក្អក ហត់ និង ពិបាក​ដកដង្ហើម គឺជា​ករណី​ទី​១២ សម្រាប់​ឆ្នាំ​២០២៥ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ឯកសារ​នោះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន អ្នកជំងឺ​កំពុង ស្ថិត​ក្រោម​ការ​ខិតខំ​ព្យាយាម​ជួយ​សង្គ្រោះ ដោយ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​។ តាម​ការ​សាកសួរ​បង្ហាញ​ថា នៅផ្ទះ​អ្នកជំងឺ មាន​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​ប្រហែល ៤០​ក្បាល ព្រមទាំង​មាន​មាន់​ឈឺ និង​ងាប់​ចំនួន០២​ក្បាល កុមា​រា​ចូល​ចិត្ត​លេង​ជាមួយ​កូន​មាន់​ជា​រៀងរាល់ថ្ងៃ ​។

ជាមួយ​គ្នា​នេះ ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​សហការ ជាមួយ​ក្រុមការងារ ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម លើ​ការ​កើតឡើង​នូវ​ជំងឺផ្តាសាយបក្សី និង​ធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេកទេស ស្វែងរក ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​ស្វែងរក​ករណី​សង្ស័យ​និង​អ្នក​ប៉ះពាល់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​ក្នុង សហគមន៍ ព្រមទាំង​ចែក​ជូន​ឱសថ​តា​មី​ហ្លូ (Tamiflu) ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែល​កើតហេតុ​ខាងលើ​ ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រសួងសុខាភិបាល ក្រើនរំលឹក​សា​ជា​ថ្មី​ម្តងទៀត ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជា​និច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំរាមកំហែង​ដល់ សុខភាព​ប្រជាពលរដ្ឋ ហើយ​ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់​ក្នុង​អំឡុង​១៤​ថ្ងៃមុន​ថ្ងៃ​ចាប់ផ្តើម មាន​រោគ​សញ្ញា សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជា​បន្ទាន់ ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ជាយថាហេតុ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ