ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទ្រី ស៊ី​ថេ​ង បញ្ជាក់​​មិន​ត្រលប់​ទៅ​ធ្វើការ​ជាមួយ​អង្គការ​វិញ​ទេ តែ​សុំ​ទៅ​លេង​ឡាក់​គី ក្នុង​នាម​ជា​សាច់ញាតិ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមប្រភពពីផេកផ្លូវការរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ឌិ​ត ទីណា…

រាជធានីភ្នំពេញ ៖ តាមប្រភពពីផេកផ្លូវការរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជួប​ពិភាក្សា​ជាមួយ​លោក ទ្រី ស៊ី​ថេ​ង ដែល​ជា​ហ្ម​ថែទាំ​ដំរី ឡាក់​គី និង​ក្រុម​ហ្មដំរី​ទាំងអស់​ដែល​ជា​បុគ្គលិក​របស់​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ដោយ​មានការ​សម្របសម្រួល​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​។

ជំនួប​នេះ​មាន​គោលបំណង​សម្របសម្រួល​ឱ្យ លោក ទ្រី ស៊ី​ថេ​ង អាច​ត្រឡប់​ទៅ​ធ្វើការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដើម្បី​មើលថែ​ឡាក់​គី​វិញ ក៏​ដូច​ជា​ស្វែង​យល់​ពី​លក្ខខណ្ឌ​ការងារ​របស់​បុគ្គលិក​អង្គការ​ដែល​នៅ​ជួយ​មើល​ដំរី​ផង​ដែរ​។

លោក ទ្រី ស៊ី​ថេ​ង បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​សាវតា​នៃ​ទំនាស់​នៅ​កន្លែង​ការងារ ដែល​ជា​ហេតុ​នាំ​ឱ្យ​លោក​សម្រេចចិត្ត​លាឈប់​។ លោក​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អនុស្សាវរីយ៍​ការងារ​ជា​ច្រើន​ឆ្នាំ​នៅ​ភ្នំ​តា​ម៉ៅ ជា​ពិសេស​ការងារ​ថែទាំ​ដំរី​ឡាក់​គី​។ យ៉ាងណាមិញ លោក​បាន​បដិសេធ​មិន​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​កន្លែង​ចាស់​វិញ​ទេ ដោយ​គ្រាន់តែ​ស្នើ​សុំ​ការ​អនុញ្ញាត​ឱ្យ​លោក​អាច​ទៅ​លេង និង​ចំណាយពេល​ស្និទ្ធស្នាល​ជាមួយ​ឡាក់​គី​ម្ដងម្កាល​ប៉ុណ្ណោះ​។

បន្ទាប់​ពី​បាន​ស្តាប់​ការ​រៀបរាប់​របស់​លោក ទ្រី ស៊ី​ថេ​ង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​គាំទ្រ និង​កោតសរសើរ​ចំពោះ​ការ​លះបង់ និង​ការ​យកចិត្តទុកដាក់​របស់​លោក​ក្នុង​ការ​ថែរក្សា​ដំរី​ឡាក់​គី តាំងពី​តូច​អស់​រយៈពេល​ជាង ២៦ ឆ្នាំ​។ ឯកឧត្តម​រដ្ឋមន្ត្រី​យល់​ឃើញ​ថា បញ្ហា​នេះ​មាន​ភាព​ស្មុគស្មាញ និង​ស៊ីជម្រៅ​ជាង​អ្វី​ដែល​មើលឃើញ​ពី​ខាងក្រៅ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឧទាហរណ៍​ប្រៀបធៀប​ករណី​នេះ​ទៅ​នឹង​ប្តី​ប្រពន្ធ​ដែល​បាន​សម្រេចចិត្ត​លែងលះ​គ្នា ហើយ​កូន​ក៏​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ឪពុក​ឬ​ម្តាយ​។ ក្នុង​នាម​អាជ្ញាធរ យើង​មិន​អាច​បង្ខំ​ឱ្យ​ប្តី​ប្រពន្ធ​ទាំង​ពីរ​មក​សម្របសម្រួល​គ្នា​វិញ​ឡើយ គឺ​មាន​តែ​ព្យាយាម​ផ្សះផ្សា​តែ​ប៉ុណ្ណោះ​។

ចំពោះ​សំណើសុំ​ការ​អនុញ្ញាត​ទៅ​លេង​ឡាក់​គី ឯកឧត្តម​រដ្ឋមន្ត្រី បាន​គាំទ្រ​និង​លើកទឹកចិត្ត​ឱ្យ​លោក​ទ្រី សុ​ី​ថេ​ង ទៅ​មក​ភ្ជាប់​មនោសញ្ចេតនា​ជាមួយ​ឡាក់​គី ដូច​ឪពុក​និង​កូន​។

ក្រៅពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សាកសួរ​ទៅ​ហ្មដំរី​ផ្សេង​ៗ​ទៀត​ដែល​ជា​បុគ្គលិក​អង្គការ អំពី​លក្ខខណ្ឌ​ការងារ​ផង​ដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សន្យា​ថា នឹង​នាំ​យក​សំណើ​សំណូមពរ​របស់​លោក ទ្រី សុ​ី​ថេ​ង និង​បុគ្គលិក​ដទៃ​ទៀត ទៅ​ពិភាក្សា​ជាមួយ​តំណាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​ក្រោយ​។

មុន​នឹង​បញ្ចប់ ដោយ​យល់​ឃើញ​ថា លោក ទ្រី ស៊ី​ថេ​ង មានចិត្ត​ស្រលាញ់​ការងារ​ថែរក្សា​សត្វព្រៃ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ផ្ដាំផ្ញើ​ថា ក្រសួង​នឹង​ជួយ​គាំទ្រ​ដល់​ការងារ​ថ្មី​របស់​លោក ជា​ពិសេស​ការងារ​ដែល​ទាក់ទង​នឹង​អភិរក្ស​សត្វ​ទន្សោង នៅ​តំបន់​ប្រាំបី​មុំ ខេត្តកំពង់ស្ពឺ​ដែល​ជា​បំណងប្រាថ្នា​របស់​លោក​ផ្ទាល់​៕

គួររំលឹកថា មហាជនរំជួលចិត្ត! ដំរីឡាក់គីរត់ត្រុកៗតាមឃាត់ដំណើរអ្នកមើលថែ ដែលឈប់ពីការងារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ