ខេត្តកណ្តាល ៖ ករណីក្មេងស្ទាវបង្ហោះម៉ូតូតាមផ្លូវអួតសម្ញែងភាពឡូយមធ្យមទេ ងំបង្ហោះម៉ូតូហើយថតបង្ហោះក្នុងហ្វេសប៊ុកផ្គើនសមត្ថកិច្ចទៀត មានអីត្រូវនគរបាលស្រុកស្អាងស្រាវជ្រាវចាប់ដកហូតម៉ូតូយកមករក្សាទុក៣ខែ ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវបេតុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ។ នគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងទំនើងចំនួន២នាក់ ត្រូវបានឃាត់ខ្លួន ៖
១-ឈ្មោះ ហេង ម៉េងហួ អាយុ១៥ឆ្នាំ ជាកម្មករ មានទីលំនៅក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ជាអ្នកបើកម៉ូតូបង្ហោះ ។ ២-ឈ្មោះ វង់ រ៉ាយុ ហៅ យូ អាយុ១៥ឆ្នាំ ជាកម្មករ ទីលំនៅក្នុងភូមិ ឃុំ ជាមួយគ្នា ជាអ្នកជិះពីក្រោយ ។

ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល១AP-០៣៧៧ រក្សាទុកជាបណ្ដោះអាសន្នផងដែរ ។ នគរបាលស្រុកស្អាងបានឲ្យដឹងទៀតថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីព្រឹក ក្មេងទំនើងឈ្មោះ ហេង ម៉េងហួ បានជិះម៉ូតូខាងលើឌុបឈ្មោះ វង់ រ៉ាយុ ធ្វើសកម្មភាពបង្ហោះម៉ូតូ រួចក៏មានគណនីហ្វេសប៊ុក ឈ្មោះ DY Rothana បានថតវីដេអូពីសកម្មភាពបង្ហោះម៉ូតូនេះនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ។

នៅពេលទទួលបានព័ត៌មាននេះ ភ្លាម នគរបាលប៉ុស្តិ៍ស្អាងភ្នំសហការជាមួយប្រជាការពារឃុំ បានចុះស្រាវជ្រាវកំណត់មុខសញ្ញា។ លុះនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៥និង៣០នាទីល្ងាច សមត្ថកិច្ចបាននាំខ្លួនក្មេងទំនើងឈ្មោះ ហេង ម៉េងហួ និងឈ្មោះ វង់ រ៉ាយុ រួមទាំងម៉ូតូជាវត្ថុតាង យកមកប៉ុស្តិ៍ដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ក្មេងទំនើងទាំង២នាក់ឆ្លើយថា ពួកខ្លួនពិតជាបានបើកម៉ូតូបង្ហោះប្រាកដមែន ។

ចំពោះករណីខាងលើ សមត្ថកិច្ចបានសុំគោលការណ៍អប់រំរយៈពេល៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុកស្អាង និងឲ្យធ្វើអនាម័យជុំវិញអធិការដ្ឋាន រួចឲ្យធ្វើកិច្ចសន្យានិងឲ្យអាណាព្យាបាលធានាត្រឡប់ទៅផ្ទះវិញ ។ ចំណែកម៉ូតូត្រូវបានរក្សាទុករយៈពេល ៣ខែ ។
ចែករំលែកព័តមាននេះ