ខេត្តត្បូងឃ្មុំ ៖ មានករណីអ្នកភូមិដើរទៅរកត្រីនៅចំណុចរណ្ដៅដីមួយកន្លែងមានទឹកជ្រៅ ក៏ធុំក្លិនស្អុយខុសពីធម្មតា លុះរកមើល ទើបដឹងថាមានសពមនុស្សម្នាក់ត្រូវបានគេកប់នៅចំណុចក្បែររណ្តៅដី ខាងលិចវត្តសមា្មធិ ក្នុងភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីថ្ងៃទី៣ កក្កដា ឆ្នាំ២០២៥ រហូតមកដល់រសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០២៥ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណសាកសពនោះនៅឡើយទេ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកភូមិម្នាក់បានដើរទៅរកត្រីនៅចំណុចរណ្ដៅដីមួយកន្លែងក៏ធុំក្លិនស្អុយ លុះរកមើល ស្រាប់តែប្រទះឃើញសាកសពមនុស្សប្រុស១នាក់មិនស្គាល់អត្តសញ្ញាណត្រូវគេកប់នៅចំណុចកើតហេតុខាងលើ រួចរាយការណ៏ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដើម្បីឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានប្រាប់បន្តឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានព្រមទាំងលោកអធិការនគរបាលស្រុកពញាក្រែកសហការជាមួយមន្ត្រីជំនាញ ចុះទៅកន្លែងកើតហេតុ និងយកខ្សែឡោមព័ទ្ធទីតាំងកើតហេតុ ដើម្បីការពារកុំឱ្យប្រជាពលរដ្ឋដើរឆ្លងកាត់ អាចធ្វើឲ្យពិបាកក្នុងការតាមដានរកភស្តុតាងនានា។
គ្រូពេទ្យកោសល្យវិច្ច័យនិងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោកសូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការពិនិត្យសពជនរងគ្រោះ ។ ជាលទ្ធផលនៃការពិនិត្យស្រាវជ្រាវលើសាកសព បានបញ្ជាក់ថា សពជនរងគ្រោះមានសភាពស្អុយរលួយ និងស្លាប់ប្រហែល៧ថ្ងៃកន្លងមកហើយ ។ ពិនិត្យលើអវៈយវៈដៃទាំងសងខាងនិងជើងទាំងសងខាងមានស្លាកស្នាមជាំ និងបាក់ក សង្ស័យជាករណីឃាតកម្ម ។ តាមការពិនិត្យលើភិនភាគសាកសពជនរងគ្រោះអាចជាជនជាតិចិន មានអាយុប្រហែល៣៤ឆ្នាំ។
បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា សូម្បីតែលិង្គរបស់សាកសពជនរងគ្រោះ ក៏ត្រូវបានគេកាត់ដាច់បាត់ ហើយមិនដឹងថាតើមានការពាក់ព័ន្ធទៅនឹងករណីអ្វីបានជាក្រុមឃាតករ ទើបត្រូវគេសម្លាប់ ដោយមានភាពសាហាវយ៉ាងដូច្នេះ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបង្កើតគណៈកម្មាធិការ ដើម្បីកប់សព នៅបរិវេណមុខវត្តសមាធិ ក្នុងភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ករណីនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការជាមួយកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែកបន្តធ្វើការស្រាវ គិតរហូតមកដល់រសៀលថ្ងៃទី ៤ កក្កដា សពនោះនៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ៕









ចែករំលែកព័តមាននេះ