ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ក្រឡាច់​ផ្លូវដែក ដួល​ស្រប​ពេល​រថយន្ត​ដឹក​ទឹក​សុទ្ធ​ទៅ​ដល់កិន​ស្លា.ប់

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សិស្ស​ស្រី​ម្នាក់ បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​បេតុង​វត្ត​តាំ​កង​សាង ពេល​មេឃ​កំពុង​ភ្លៀង ហើយ​ផ្លូវ​នោះ ក៏​មាន​ផ្លូវដែក នៅ​ចំ​កណ្ដាល​ទៀត​ផង លុះ​ពេល​កង់​មុខ​ម៉ូតូ​របស់​នាង​កិន​ចំ​ផ្លូវដែក​ខាងលើ បណ្ដាល​ឲ្យ​រអិល​ក្រឡាច់​ដួល​ខ្ទាត​នាង​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត…

រាជធានី​ភ្នំពេញ ៖ សិស្ស​ស្រី​ម្នាក់ បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​បេតុង​វត្ត​តាំ​កង​សាង ពេល​មេឃ​កំពុង​ភ្លៀង ហើយ​ផ្លូវ​នោះ ក៏​មាន​ផ្លូវដែក នៅ​ចំ​កណ្ដាល​ទៀត​ផង លុះ​ពេល​កង់​មុខ​ម៉ូតូ​របស់​នាង​កិន​ចំ​ផ្លូវដែក​ខាងលើ បណ្ដាល​ឲ្យ​រអិល​ក្រឡាច់​ដួល​ខ្ទាត​នាង​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត ស្រប​ពេល​នោះ ក៏​មាន​រថយន្ត​ដឹក​ទឹក​សុទ្ធ​១​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា ក្នុង​ល្បឿន​លឿន​ទៅ​ដល់​កិន បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។ បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​បើក​រត់គេច ហើយ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញ​តាម​ទាន់ ប៉ុន្តែ​អ្នកបើកបរ​បាន​ចុះ​រត់​បាត់​នៅ​សល់​តែ​ព្រូ​ម្នាក់​ប៉ុណ្ណោះ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​សួរនាំ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​លេខ​១០៥K(​ផ្លូវ​វត្ត​តាំង​កសាង​) ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​គី​ម មួយ អាយុ​១៩​ឆ្នាំ ជា​សិស្សសាលា​ពុទ្ធិ​សាស្ត្រ ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ដោយឡែក​រថយន្ត​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ព​ណ៍​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2G-5664 ជា​រថយន្ត​ដឹក​ទឹក​សុទ្ធ​ម៉ាក «​ពេញ​ធិ​ក​» ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ នៅ​សល់​ព្រូ​ត្រូវ​នគរបាល​ឃាត់ខ្លួន ។

អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាង​ហុងដា​ស្កូ​ប​ពី​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1JH-3661 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១០៥K ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈនោះ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង​ទៀត​ផង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​កង់​មុខ​ម៉ូតូ​បាន​កិន​លើ​ផ្លូវដែក​ដែល​សង់​បង្កប់​កណ្ដាលផ្លូវ​បេតុង​នោះ បណ្ដាល​ឲ្យ​រអិល​ក្រឡាច់​ដួល​ខ្ទាត​នាង​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត ។

អ្នក​ភូមិ​បាន​និយាយ​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​រថយន្ត​ដឹក​ទឹក​សុទ្ធ​១​គ្រឿង ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​កិន បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។ បន្ទាប់​មក​រថយន្ត​នោះ​បាន​បើក​រត់គេច ហើយ​ត្រូវ​បាន​នគរបាល​និង​ប្រជាពលរដ្ឋ​ដេញ​តាម រហូត​ដល់​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ អ្នកបើកបរ​ក៏​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ចោល​រថយន្ត​និង​ព្រូ​ម្នាក់ ហើយ​ត្រូវ​នគរបាល​ឃាត់ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​ម៉ូតូ​និង​រថយន្ត ព្រមទាំង​ព្រូ​ទៅ​កាន់​ការិយាល័យ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា កាលពី​អតីត​ផ្លូវ​បេតុង​លេខ​១០៥K(​ផ្លូវ​វត្ត​តាំង​កសាង​) នេះ​ពុំ​មាន​ផ្លូវដែក​នៅ​ចំ​កណ្ដាល​ដូច​ជា​ពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ស្រាប់តែ​មាន​ក្រុមហ៊ុន​មួយ​សាងសង់​ផ្លូវដែក​បៅ​ចំ​កណ្ដាល ដើម្បី​ឲ្យ​រថភ្លើង​ដឹក​ភ្ញៀវ​ចេញ​-​ចូល អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ កាលនោះ​ក៏​មានការ​រិះគន់​ពី​សំណាក់​មហាជន​ទូទៅ​ផង​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នោះ​នៅ​តែ​ជំនះ​សាងសង់​ផ្លូវដែក​នេះ​រហូត​ទាល់តែ​រួចរាល់ ប៉ុន្តែ​ក្រោយ​សាងសង់​រួច​ដំណើរការ​បាន​តែ​មួយ​រយៈពេល​ប៉ុណ្ណោះ ក៏​ឈប់​ដំណើរការ​ទៅ​វិញ ។

ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា ប៉ុន្តែ​ផ្លូវដែក​នេះ​នៅ​តែ​ស្ថិត​នៅ​កណ្ដាលផ្លូវ​បេតុង​នោះ​ដដែល មិន​ត្រូវ​បាន​គេ​គាស់​ចេញ​វិញ​នោះ​ទេ ហើយ​ចាប់តាំងពី​សាងសង់​ផ្លូវដែក​នោះ​រួច​រហូត​មក​មាន​គ្រោះថ្នាក់​ដួល​ម៉ូតូ​ជា​ហូរហែ​ជា​ពិសេស​ពេល​ភ្លៀង ។ ពេល​នេះ​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ​ជា​ពិសេស​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​ផ្លូវដែក​ខាងលើ​មេត្តា​គាស់​ដក​យក​ផ្លូវដែក​នេះ​ចេញពី​ផ្លូវ​បេតុង​ខាងលើ​នេះ​វិញ​ទៅ ឬ​ក៏​ចាក់​បេតុង​លុប​ពីលើ​ឲ្យ​ជិត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​បែប​នេះ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ