រាជធានីភ្នំពេញ ៖ កាលពីរាត្រីថ្ងៃសៅរ៍ទី២៩ ធ្នូ កីឡាករជើងខ្លាំង៦រូបប្រចាំពូល A បានមកប្រជែងគ្នាសាជាថ្មីនៅលើសង្វៀនបាយ័នបឹងស្នោ ដើម្បីរកជើងខ្លាំងទៅប្រកួតដណ្តើមខ្សែក្រវាត់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៣ ខាងមុខ ។ ដោយសារតែការប្រកួតឈានដល់ជុំទី៥ ជាជុំចុងក្រោយសម្រាប់ឱកាសក្តោបយកពិន្ទុបន្ថែម ទើបមហាជនបាននាំគ្នាមកទស្សនាយ៉ាងច្រើនកុះករខុសពីធម្មតា ។ ក្រោយពីប្រកួតយ៉ាងស្វិតស្វាញជាលទ្ធផលបានរកឃើញជើងខ្លាំងជាផ្លូវការក្នុងនោះ ង៉ែត រដ្ឋា និងខុម ពិសិដ្ឋ ដែលមានពិន្ទុនាំមុខក្នុងពូលនៅបន្តរក្សាបានភាពជោគជ័យដដែល ផ្ទុយពីកីឡាករជើងខ្លាំងអ៊ុំ ចំរើន បែរជាភ្លាត់ស្នៀតចាញ់កីឡាករសុខ ចិន្តា បណ្តាលឱ្យជ្រុះចេញពីការប្រកួតយកលេខ១ក្នុងពូលទាំងសោកស្តាយ ។
លោកនាងស៊ី វត្ថា ដែលជាអ្នករៀបចំកម្មវិធីប្រកួតប្រដាល់បានប្រកាសនៅចំពោះមុខអ្នកទស្សនានាពេលនោះថា ថ្ងៃនេះកីឡាករ៣រូបមាន ង៉ែត រដ្ឋា, អ៊ុំ ចំរើន និងខុម ពិសិដ្ឋ មានពិន្ទុនាំមុខក្នុងពូលដូចគ្នា ហើយត្រូវការឈ្នះបន្ថែមទៀតដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រ ។ អ្វីដែលលោកចង់បញ្ជាក់នាពេលនេះគឺលោកចង់ឱ្យកីឡាករ៣រូបទៀតមាន សេង ហៀង, នឿន សាវឌី និងសុខ ចិន្តា ដែលមិនអាចឆ្លងទៅវគ្គបន្តនោះត្រូវប្រកួតឱ្យអស់ពីសមត្ថភាព បើមិនដូច្នោះទេ លោកនឹងពិភាក្សាជាមួយសហព័ន្ធកីឡាប្រដាល់ដាក់ពិន័យ៦ខែមិនឱ្យឡើងរេញឡើយ ។
សម្រាប់គូទី១កីឡាករសេង ហៀង មកពីក្លិបផ្សារបឹងទំពុន ប្រកួតជាមួយកីឡាករង៉ែត រដ្ឋា មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។ បើនិយាយពីង៉ែត រដ្ឋា វិញមានពិន្ទុច្រើនជាងសេង ហៀង ឆ្ងាយណាស់ ព្រោះ៤ប្រកួតមុនឈ្នះ៣ដង ចាញ់១ដង ហើយលើកចុងក្រោយនេះប្រកួតជាមួយសេង ហៀង ដែលធ្លាក់ដោយស្វ័យប្រវត្តិ និងមកប្រកួតដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ទើបការយកឈ្នះលើដៃគូរបៀបនេះមិនលំបាកឡើយ ។ អីុចឹងហើយទើបការប្រកួតមកដល់ភ្លាមគេឃើញសេង ហៀង អត់បញ្ចេញស្នៀតវាយលុកដូចជុំទី៤ទេ គឺបានតែរត់ឆ្លេឆ្លាដូចក្មេង ហើយត្រូវង៉ែត រដ្ឋា វាយចូលជាប់រហូតតាំងពីដើមទឹក ត្រូវអាជ្ញាកណ្តាលរាប់៤ដងក្នុងចំណោម៥ទឹក ទើបនៅទីបំផុតសេង ហៀង ត្រូវគេបញ្ឈប់លែងឱ្យប្រកួតនៅទឹកទី៥។
សម្រាប់គូទី២ខ្លាចាស់ខុម ពិសិដ្ឋ មកពីក្លិបអូដឹមកីឡា ប្រកួតជាមួយជើងខ្លាំងនឿន សាវឌី មកពីក្លិបអេភូថងកីឡា ។ គូទី២នេះអ្នកទស្សនាភាគច្រើនលើកឡើងថា ខុម ពិសិដ្ឋ ពិតជាសំណាងជាន់លើសំណាងមែន ព្រោះមានឱកាសក្តាប់បាន១០ពិន្ទុ ហើយស្រាប់តែនៅវគ្គទី៥អាចកាច់បំបាក់នឿន សាវឌី ឱ្យដួលសន្លប់នៅទឹកទី៣យកឈ្នះបានយ៉ាងងាយស្រួល ។ ខុម ពិសិដ្ឋ តាំងពីចាប់ផ្តើមប្រកួតមកគ្មានអ្នកណាជឿថាអាចឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្របានទេ ព្រោះស្នៀតគុនចុះថយវាយមិនសូវឈ្នះ ទើបគេនឹកឃើញតែអ្នកប្រដាល់ជើងថ្មីៗទៅវិញដែលអាចឈ្នះ ។ ទោះបីជាយ៉ាងណា ការទទួលបានលទ្ធផលវិជ្ជមាននេះកំពុងតែធ្វើឱ្យខុម ពិសិដ្ឋ ផ្ទាល់ពោរពេញដោយកម្លាំងចិត្ត ហើយខិតខំបន្ថែមល្បឿនហាត់បន្តទៀតដើម្បីយកលេខ១នាពេលឆាប់ៗនេះ។
ដោយឡែកគូចុងក្រោយ សុខ ចិន្តា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ប្រកួតជាមួយជើងខ្លាំងអ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ ។ គូពិសេសចុងក្រោយនេះគ្មានអ្នកណានឹកស្មានថា អ៊ុំ ចំរើន ដែលមានពិន្ទុលោតប្រហែលកីឡាករជាងខ្លាំងឯទៀត បែរជាស៊យចាញ់សុខ ចិន្តា ឡើងបាក់មុខនិយាយលែងចេញ ។ តាមការវិភាគបើសិនជាអ៊ុំ ចំរើន ឈ្នះពិតជាបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រយ៉ាងស្រួល ដោយសារង៉ែត រដ្ឋា ក្នុងវគ្គប្រកួតជម្រុះកន្លងមកមានការវាយខុសបច្ចេកទេស ។ ដូច្នេះខុម ពិសិដ្ឋ និងង៉ែត រដ្ឋាបានឡើងទៅវគ្គផ្តាច់ព្រ័ត្ររកលេខ១ពូល A ខណៈមហាជនរង់ចាំមើលរវាងពួកគេទាំង២នាក់ តើអ្នកណាមានសំណាងបានឈ្នះ បើពួកគេកាន់តែខំហាត់បង្កើនក្បាច់គុនទ្វេដងដូចគ្នាបែបនេះនោះ ៕
ចែករំលែកព័តមាននេះ