សហរដ្ឋអាមេរិក ៖ លោក AARON CLAUSET ជាអ្នកស្រាវជ្រាវអាមេរិកមួយរូបនៃសាកលវិទ្យាល័យកូឡូរ៉ាដូ បានចេញផ្សាយក្នុងទស្សនាវដ្តីអាេមរិក SCIENCE ADVANCES នូវអត្ថបទវិភាគមួយដោយលើកជាសំណួរថា តើពេលនេះយើងកំពុងដើរឆ្ពោះទៅរកសង្គ្រាមថ្មីមួយឬ? ឬសន្តិភាពដ៏ស្ថិតស្ថេរមួយនឹងកំណត់ពីអនាគតរបស់យើង?
ការសិក្សាថ្មីនេះផ្តោតលើបណ្តាសករាជនៃជម្លោះដើម្បីវាយតម្លៃពីលទ្ធភាពនៃសង្គ្រាមពិភពលោកថ្មីមួយ ។
លោក AARON CLAUSET សរសេរថា ស្ថានភាពនៃសន្តិភាពលើពិភពលោកគឺផុយស្រួយដោយគ្រោះថ្នាក់នៃសង្គ្រាមពិភពលោកមួយពុំអាចបដិសេធឡើយ ។
លោកលើកជាសំណួរ តើជម្លោះយោធាទ្រង់ទ្រាយធំមួយអាចមានទេនាពេលបច្ចុប្បន្នជាង៧០ឆ្នាំ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ ខណៈជម្លោះជាច្រើនមានទំហំផ្សេងៗគ្នាកំពុងកើតមាន?ដើម្បីឆ្លើយតបនឹងសំណួរនេះ លោកពិនិត្យលើមូលដ្ឋាននៃបណ្តាទិន្នន័យរបស់ THE CORRELATES OF WAR ដែលមានចុះបណ្តាតួលេខនៃការខូចខាតក្នុងគ្រាសង្គ្រាមសម្រាប់ដំណាក់កាល១៨២៣មក២០០៣ ក្រៅពីបណ្តាសង្គ្រាមស៊ីវិល និងបណ្តាការវាយប្រហារភេរវកម្ម ។
អ្នកវិភាគរូបនោះបានសិក្សាលើជម្លោះរវាងរដ្ឋ និងរដ្ឋចំនួន៩៥លើក តែពុំបញ្ចូលសង្គ្រាមនៅអ៊ីរ៉ាក់ឆ្នាំ២០០៣ និងបណ្តាជម្លោះដូចជាសង្គ្រាមនៅស៊ីរី និងសង្គ្រាមនៅយេម៉ែន ដែលតាមលក្ខណៈបច្ចេកទេសជាសង្គ្រាមស៊ីវិលផងទេ ។
អ្នកសិក្សាអាមេរិករូបនេះបន្តថា ដំណាក់កាលមានរយៈពេលជាច្រើនទសវត្សគ្មានសង្គ្រាមធំពុំមែនជាបាតុភូតកម្រមួយទេ ។ ទោះបីយ៉ាងណា និន្នាការមួយអាចផ្លាស់ប្តូរដោយងាយស្រួល ទោះបីមានការខិតខំប្រឹងប្រែងទាំងឡាយដើម្បីកត់បន្ថយលទ្ធភាពនៃបណ្តាសង្គ្រាមរវាងរដ្ឋ និងរដ្ឋក៏ដោយចុះ ។ លោកធ្វើការកត់សម្គាល់ថា លទ្ធផលទាំងនេះគូសបញ្ជាក់ថា សន្តិភាពបច្ចុប្បន្នអាចស្ថិតក្នុងដំណាក់កាលយ៉ាងផុយស្រួយបំផុតដែលមនុស្សទាំងឡាយមានការព្រួយបារម្ភ ។ ទោះបីយ៉ាងណា ដំណាក់កាលយ៉ាងវែងមួយនៃសន្តិភាពក៏អាចមានយ៉ាងតិចពី១០០ទៅ១៥០ឆ្នាំ ដែលអាចចាត់ទុកជានិន្នាការមានស្ថេរភាពមួយ ។
ចំណែកលោក RAHUL OKA ដែលចូលរួមក្នុងការសិក្សានេះដែរនិយាយបន្ថែមថា និន្នាការចំពោះសន្តិភាពរយៈពេលយូរមួយអាចមិនយូរពេកទេ ៕
ចែករំលែកព័តមាននេះ