ទីក្រុងវ៉ាសូវី៖ ថ្ងៃនេះ អង្គការណាតូ និងប្រទេសប៉ូឡូញធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដោយប្រើប្រាស់កងទ័ពបីម៉ឺននាក់ និងយុទ្ធោបករណ៍ជាច្រើនគ្រឿង។ សមយុទ្ធយោធានេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីទើបតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដូចគ្នាកាលពីប៉ុន្មានថ្ងៃមុន ដែលរុស្ស៊ីហៅថាហ្សាត់ប៉ាត់ឆ្នាំ២០២៥ (Zapad 2025)។ ដូចនេះ ដើម្បីកុំឱ្យចាញ់ប្រៀបគ្នា ណាតូក៏បានបង្ហាញសាច់ដុំត្រឡប់ទៅវិញ។
សមយុទ្ធនេះក៏ធ្វើឡើងបន្ទាប់ពីករណីដ្រូនរបស់រុស្ស៊ីរាប់សិបគ្រឿងហោះចូលដែនអាកាសប៉ូឡូញដែលជាសមាជិកអង្គការណាតូ។ នៅក្នុងសមយុទ្ធយោធានេះ កងទ័ពជើងគោកប៉ូឡូញបានបញ្ជូនរថក្រោះ, យន្តហោះចម្បាំង និងជើងទម្រងបាញ់មីស៊ីលសរុបជាង៦រយគ្រឿង។ លំហាត់សមយុទ្ធយោធាដែលមានឈ្មោះថា «ច្រកទ្វារដែក» រៀបចំឡើងនៅទីលានហ្វឹកហ្វឺនយោធាចម្ងាយមួយរយគីឡូម៉ែត្រពីតំបន់ស៊ូវ៉ាល់គី (Suwalki) ដែលជាច្រកចង្អៀតក្បែរតំបន់កាលីនីនក្រាត (ប្រទេសរុស្ស៊ី)។
ប្រភពខ្លះបង្ហើបឱ្យដឹងថាសមយុទ្ធយោធានេះធ្វើឡើងដើម្បីបង្ហាញការរួបរួមសាមគ្គីគ្នានៅក្នុងអង្គការណាតូនៅពេលអង្គការនេះកំពុងមានភាពតានតឹងជាមួយរុស្ស៊ីដោយសារតែរុស្ស៊ីហ៊ានប៉ះពាល់កូនចៅរបស់ខ្លួន។ កាលពីសប្ដាហ៍មុន ប៉ូឡូញអះអាងថាដ្រូនរបស់រុស្ស៊ី១៩គ្រឿងហោះចូលដែនអាកាសរបស់ខ្លួន។ នៅពេលនោះ រុស្ស៊ីកំពុងជាប់ដៃវាយប្រហារអ៊ុយក្រែនយ៉ាងពេញទំហឹង។ ទោះបីរុស្ស៊ីបកស្រាយថានោះជាការហោះច្រឡំ ប៉ុន្តែប៉ូឡូញអះអាងថានេះជាចេតនារបស់រុស្ស៊ី៕
ចែករំលែកព័តមាននេះ