ទីក្រុងញូយ៉ក៖ កាលពីយប់មិញនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាមេរិកបានបោះឆ្នោតជំទាស់នឹងសេចក្ដីព្រាងច្បាប់របស់ក្រុមប្រឹក្សានេះដែលស្នើទី១-ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ និងជាអចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សា និងទី២-ស្នើឱ្យអ៊ីស្រាអែលលុបចោលទាំងស្រុងនូវការរឹតត្បិតការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលតំបន់បិទខ្ទប់។
នៅក្នុងការបោះឆ្នោតនោះ សេចក្ដីសម្រេចទទួលបានសំឡេងគាំទ្រ១៤ប្រទេសនៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស។ មានន័យថាមានតែអាមេរិកមួយប៉ុណ្ណោះដែលបោះឆ្នោតជំទាស់។ ប៉ុន្តែនេះជាការជំទាស់ដែលមានប្រសិទ្ធភាពព្រោះអាមេរិកជាសមាជិកអចិន្ត្រៃយ៍ដែលមានសិទ្ធិវេតូ។ រយៈពេលជិត២ឆ្នាំចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ផ្ទុះឡើងរហូតមកដល់ពេលនេះ អាមេរិកបានបោះឆ្នោតខ្ទាស់មិនឱ្យចេញសេចក្ដីសម្រេចរួចចំនួន៦ដង។
មុនពេលបោះឆ្នោត ដាណឺម៉ាកបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាគ្រោះទុរភិក្សកំពុងកើតមានមែននៅហ្កាហ្សា។ ទន្ទឹមនឹងនោះ អ៊ីស្រាអែលពង្រីកប្រតិបត្តិការសឹករបស់ខ្លួនបន្ថែមទៀតនៅទីក្រុងហ្កាហ្សា ជាហេតុធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីនរងគ្រោះកាន់តែខ្លាំង។ ជាលទ្ធផលដោយសារស្ថានភាពអាក្រក់នេះហើយ, ដោយសារវិបត្តិមនុស្សធម៌នេះហើយ និងដោយសារបរាជ័យរបស់មនុស្សនេះហើយដែលតម្រូវឱ្យយើង (ក្រុមប្រឹក្សាសន្តិសុខ) ត្រូវតែធ្វើម៉្យាង។
ជានិច្ចកាល អាមេរិកចេញមុខការពារអ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ។ ប៉ុន្តែកាលពីសប្ដាហ៍មុន ជាករណីដ៏កម្រមួយដែលអាមេរិកគាំទ្រសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខដែលប្រកាសថ្កោលទោសការវាយប្រហារទៅលើអគារស្នាក់នៅរបស់មេដឹកនាំក្រុមហាម៉ាស់នៅប្រទេសកាតា។ ថ្វីដ្បិតនេះជាស្នាដៃរបស់អ៊ីស្រាអែល ប៉ុន្តែនៅក្នុងអត្ថបទនោះមិនបានបញ្ចេញឈ្មោះប្រទេសអ៊ីស្រាអែលទេ។
នោះជាការបង្ហាញជំហរប្រាប់ទៅសហគមន៍អន្តរជាតិថារដ្ឋាភិបាលរបស់លោកត្រាំមិនគាំទ្រការវាយប្រហារនោះទេ។ ប៉ុន្តែកន្លងផុតទៅត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ វ៉ាស៊ីនតោនចាប់ផ្ដើមងាកមកគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនយ៉ាងពេញទំហឹងដដែល។ ជាក់ស្ដែងការបោះឆ្នោតកាលពីយប់មិញជាការបង្ហាញថាអាមេរិកនៅតែជាអ្នកការពារអ៊ីស្រាអែលនៅលើសមរភូមិការទូត។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិថ្លែងថាក្រុមហាម៉ាស់ទៅវិញទេដែលជាអ្នកត្រូវតែទទួលខុសត្រូវចំពោះការដុតបញ្ឆេះភ្លើងសង្គ្រាមនៅហ្កាហ្សា។ អាមេរិកថាអ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌចរចាដើម្បីបញ្ចប់សង្គ្រាមទៅហើយ។ ប៉ុន្តែហាម៉ាស់នៅតែបន្តច្រានចោលសំណើនោះម្ដងជាពីរដង។ សង្គ្រាមនេះអាចបញ្ចប់នៅថ្ងៃនេះក៏បានដែរ។ សំខាន់ឱ្យតែក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង និងទម្លាក់អាវុធចុះ។ នេះបើតាមប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ