ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ប៉ៃលិន អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ថៃ បន្ត​ស្នាក់​នៅ​និង​ធ្វើការ​ក្នុង​ប្រទេស​វិញ ដើម្បី​សុវត្ថិភាព

1 នាទី មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កាលពី​ថ្ងៃ​ទី​១៧…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​បងប្អូន​ប្រជា​ពលករ​ខ្មែរ ដែល​បន្ត​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ចំនួន​១៦០​នាក់ ទោះបីជា​នៅ​តាម​ព្រំដែន ត្រង់​តំបន់​មួយ​ចំនួន កំពុង​តែ​មាន​ភាព​តានតឹង​ដាក់​គ្នា​រវាង​យោធា​ថៃ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដោយ ដែល​ការ​ជួប​សំណេះសំណាល​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រសាសន៍​របស់​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ដោយ​នាំ​មក​នូវ​ក្ដី​នឹករលឹក និង​សេចក្ដី​ស្រលាញ់ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ត្រឡប់​មក ពី​ប្រទេស​ថៃ ក្នុង​គ្រា​ដែល​មានការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព និង​អាជ្ញាធរ​ថៃ មក​លើ​ទឹកដី​កម្ពុជា​ថា សម្តេច​ទាំង​ពីរ តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​កាលទេសៈ ដោយ​មិន​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​ជូន​នោះ​ឡើយ ។

លោក​ជំទាវ​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលករ​ខ្មែរ ដែល​ទើបតែ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ថា សូម​ឱ្យ​បងប្អូន​បន្ដ​មក​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​របស់​យើង​វិញ ព្រោះ​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា ក៏​មាន​តម្រូវការ​ជ្រើសរើស​បុគ្គលិក ធ្វើការ​ជា​ច្រើន​ផ្នែក​ផង​ដែរ ក្នុង​ពេល​ដែល​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ មិន​ទាន់​ដោះស្រាយ​រួចរាល់ ។

លោក​ជំទាវ​បញ្ជាក់​ទៀត​ថា បើសិនជា​បងប្អូន​ធ្វើ​ចំណាកស្រុក​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ​នោះ វា​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះ​ឡើយ ក៏​អាច​នឹង​ជួប​បញ្ហា​ប្រឈម​ជាមួយ​ពួក​ជ្រុលនិយម​ថៃ អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ​។ ដូច្នេះ យើង​ត្រូវ​រួបរួមសាមគ្គី​គ្នា ក្នុង​ស្មារតី​ជាតិខ្មែរ​តែ​មួយ ដោយ​ងាក​មក​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ប្រទេស​របស់​យើង គឺ​ប្រើប្រាស់​ផលិតផល​របស់​យើង រួម​គ្នា​ពង្រឹង​ខឿន​ការពារ​ជាតិ និង​ខឿនសេដ្ឋកិច្ច​ជាតិ ក្រោម​ការ​ដឹកនាំ ដ៏​ឈ្លាសវៃ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង ។

លោក​ជំទាវ​អភិបាលខេត្ត បាន​រំលឹក​ផង​ដែរ​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា តែងតែបាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​បងប្អូន​ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ ដោយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង មានការ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​ជាង​៧​ម៉ឺន​នាក់ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​អន្តរាគមន៍ ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​ត្រូវ​ត្រឡប់​មក​វិញ ដើម្បី​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ​។ តាម​រយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​មួយ​ចំនួន ជាមួយ​គ្នា​នេះ សមាគម​ធនាគារ​នៅ​កម្ពុជា និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ពិនិត្យ​មើល​ពី​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ​វិញ ចំពោះ​អ្នក​ដែល​មាន​ជាប់ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​តាម​លទ្ធភាព ឬ ក្នុង​មួយ​រយៈពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ។

បើ​តាម​របាយការណ៍​របស់​លោក ភី ឡង​ឌី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា​៖ គិត​មក​ដល់​ត្រឹម​ដើមខែ​កញ្ញា ឆ្នាំ​២០២៥​នេះ នៅ​ខេត្ត​ប៉ៃលិន មាន​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ មាន​ចំនួន ១៥០២​នាក់ និង​ជួយ​រក​ការងារ​ធ្វើ​បាន​ចំនួន​៧៥៩​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ