ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វី គ្រឿងសមុទ្រវៀតណាម ត្រូវបានអាមេរិក ហាមមិនអោយនាំចូលចាប់ពីឆ្នាំ២០២៦តទៅ?

2 ម៉ោង មុន

វៀតណាម ៖ វៀតណាម កំពុង​ស្នើ​សុំ​ដោយ​ទទូ​ទ​ឲ្យ​សហរដ្ឋអាមេរិក​ពិចារណា​ឡើង​វិញ​នូវ​ការ​សម្រេចចិត្ត​ដែល​អាច​នាំ​ទៅ​ដល់​ការ​ហាមឃាត់​ការ​នាំ​ចូល​អាហារ​សមុទ្រ​របស់​វៀតណាម​មួយ​ចំនួន ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​ចាប់ពី​ឆ្នាំ​២០២៦ ដែល​នឹង​ជះ​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​វៀតណាម ស្រប​ពេល​ដែល​វា​បាន​រង​ផល​ប៉ះពាល់​ស្រាប់​ទៅ​ហើយ បន្ទាប់​ពី​អា​មេ​រិ​ក​កំណត់​អត្រាពន្ធគយ​២០% លើ​ទំនិញ​របស់​វៀតណាម ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​៧…

វៀតណាម ៖ វៀតណាម កំពុង​ស្នើ​សុំ​ដោយ​ទទូ​ទ​ឲ្យ​សហរដ្ឋអាមេរិក​ពិចារណា​ឡើង​វិញ​នូវ​ការ​សម្រេចចិត្ត​ដែល​អាច​នាំ​ទៅ​ដល់​ការ​ហាមឃាត់​ការ​នាំ​ចូល​អាហារ​សមុទ្រ​របស់​វៀតណាម​មួយ​ចំនួន ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​ចាប់ពី​ឆ្នាំ​២០២៦ ដែល​នឹង​ជះ​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​វៀតណាម ស្រប​ពេល​ដែល​វា​បាន​រង​ផល​ប៉ះពាល់​ស្រាប់​ទៅ​ហើយ បន្ទាប់​ពី​អា​មេ​រិ​ក​កំណត់​អត្រាពន្ធគយ​២០% លើ​ទំនិញ​របស់​វៀតណាម ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥​មក ។

នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន ទៅ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក ដើម្បី​ស្នើ​សុំ «​ការ​ពិចារណា​ឡើង​វិញ​» នូវ​សេចក្តី​សម្រេចចិត្ត កាលពី​ខែសីហា​ដោយ​រដ្ឋបាល​មហាសមុទ្រ និង​បរិយាកាស​ជាតិ​អា​មេ​រិ​ក ហៅ​កាត់​ថា (NOAA) នៃ​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ដែល​បាន​កំណត់​ថា វិធីសាស្ត្រ​នេសាទ​របស់​វៀតណាម​មួយ​ចំនួន​ដែល​បង្ក​ហានិភ័យ​ដល់​ថនិកសត្វ​សមុទ្រ ដោយ​យោង​តាម​ច្បាប់​ការពារ​ថនិកសត្វ​សមុទ្រ​សហរដ្ឋអាមេរិក (MMPA)​។

យោង​តាម​ទិន្នន័យ​គយ​របស់​វៀតណាម សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​អាហារ​សមុទ្រ​ដ៏​ធំ​បំផុត​មួយ​របស់​វៀតណាម ដោយ​ការ​នាំ​ចេញ ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៥ បាន​កើនឡើង ៦.៩% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែល​មាន​តម្លៃ​ដល់​ទៅ​១២០០​លាន​ដុល្លារ ដែល​ស្មើនឹង​១៧.៣ ភាគរយ​នៃ​ការ​នាំ​ចេញ​អាហារ​សមុទ្រ​សរុប​របស់​វៀតណាម ។

គួរ​កត់​សម្គាល់ថា កាលពី​ខែសីហា រដ្ឋបាល​មហាសមុទ្រ និង​បរិយាកាស​ជាតិ បាន​ជូនដំណឹង​ទៅ​ក្រសួងកសិកម្ម​វៀតណាម​ថា វៀតណាម​នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​នាំ​ចេញ​ត្រី និង​គ្រឿង​សមុទ្រ​សរុប​១២​ប្រភេទ ទៅ​កាន់​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦» ។

ការ​ហាមឃាត់​របស់​អា​មេ​រិ​ក​ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម អះអាង​ថា នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អាហារ​សមុទ្រ​ដ៏​សំខាន់​របស់​វៀតណាម រួម​មាន ត្រី​ធូ​ណា ត្រី​៤​ប្រភេទ​ផ្សេង​ទៀត រួម​ទាំង ក្ដាម និង​មឹក ផង​ដែរ ។

លោក​សង្ឃឹមថា អា​មេ​រិ​ក​នឹង​ដក​បំរាម​នេះ​ចេញ ដើម្បី​បញ្ជៀ​សការ​រាំងស្ទះ​ធ្ងន់ធ្ងរ​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការពារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​វៀតណាម​រាប់រយ​ពាន់​នាក់ ដែល​ជា​អ្នកនេសាទ និង​កម្មករ​ក្នុង​វិស័យ​នេសាទ​» ។

សហរដ្ឋអាមេរិក​ដែល​ជាទី​ផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​វៀតណាម បាន​ដាក់​ពន្ធ​២០ ភាគរយ​លើ​ការ​នាំ​ចេញ​របស់​វៀតណាម ចាប់ពី​ថ្ងៃ​ទី​៨ ខែសីហា ខណៈ​ការ​ដឹក​ជញ្ជូន​បន្ត​តាម​រយៈ​វៀតណាម​ពី​ប្រទេស​ទី​បី ប្រឈម​នឹង​ពន្ធ​៤០​ភាគរយ ។

យោង​តាម​ទិន្នន័យ​គយ​វៀតណាម ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​ខែសីហា​បាន​ធ្លាក់​ចុះ​២​ភាគរយ បើ​ធៀប​នឹង​ខែកក្កដា មក​នៅ​ត្រឹម​១៣.៩ ពាន់​លាន​ដុល្លារ​។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៧ គណៈកម្មការ​អឺរ៉ុប​ក៏​បាន​ចេញ «​ប័ណ្ណ​លឿង​» ទៅ​កាន់​វៀតណាម បន្ទាប់​ពី​ចោទប្រកាន់​ថា វៀតណាម​មិន​បាន​គ្របគ្រង​ឱ្យ​បាន​ដិត​ដល់​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ ដែល​នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​អាហារ​សមុទ្រ​របស់​វៀតណាម​ទៅ​កាន់​សហភាព​អឺរ៉ុប ។

បញ្ហា​ខាងលើ​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល ដល់​ការ​រក​ឃើញ​សារធាតុ​ហាមឃាត់ កម្រិត​បា​រ៉​ត និង​គុណភាព​គ្រឿង​វៀតណាម​នៅឡើយ​នោះ​ទេ​៕

កែសម្រួលដោយ