ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​​​វា.យ​ប្រ.ហារ​ដោយ​ដ្រូន​យ៉ាង​ខ្លាំង​ក្លា​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​បណ្ដាល​​ឱ្យ​រ.បួ.ស​មនុស្ស​បី​នាក់

9 ម៉ោង មុន

ទី​ក្រុង​កៀវ​​៖ ថ្ងៃ​នេះ អ៊ុយ​ក្រែន​ពន្លះ​រុស្ស៊ី​មួយ​អស់​ដៃ​ដោយ​បញ្ជូន​ដ្រូន​ហោះ​ងងឹត​មេឃ​ទៅ​វាយ​ប្រហារ​ទី​តាំង​ផលិត​ថាមពល និង​តំបន់​ឧស្សាហ​កម្ម​។ នេះ​បើយោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​រុស្ស៊ី​ដើម្បី​ពិពណ៌នា​អំពី​ការ​បើក​យុទ្ធ​នា​ការ​កាន់​តែ​ក្ដៅ​គគុក​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​រុស្ស៊ី​។ ​​តំបន់​សារ៉ា​តូស​ (Saratov) (ដែល​ស្ថិត​នៅ​តាម​មាត់​ទន្លេ​វ៉ុល​ហ្កា (Volga) និង​ដែល​សម្បូរ​​រោង​ចក្រ​ចម្រាញ់​ប្រេង​ឆៅ​) ​ឥឡូវ​នេះ​ឧស្សាហ៍រង​ការ​វាយ​ប្រហារ​ពី​សំណាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​។

អភិបាល​តំបន់​នេះ​បង្ហោះ​សារ​នៅ​លើ​តេឡេ​ក្រាម​ថា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​រង​ការ​ខូច​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​លើក​នេះ​។​ ក្រឡេក​ទៅ​មើល​តំបន់​គីរ៉ូស (Kirov) ​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ទី​ក្រុង​ម៉ូស្គូ​ និង​ស្ថិត​នៅ​ចម្ងាយ​១៣០០​គីឡូ​ម៉ែត្រ​ពី​អ៊ុយ​ក្រែន​ អភិបាល​តំបន់​នេះ​ លោក​អាឡិច​សាន់​ដឺ ​សូកូឡូស (Alexander Sokolov) ថ្លែង​ថា​ដ្រូន​របស់​អ៊ុយ​ក្រែន​បាន​វាយ​ប្រហារ​ទី​តាំង​មួយ​នៅ​ស្រុក​អ៊ូ​ហ្ស៊ូម​ស្គី (Urzhumsky)។

អភិបាល​នៃ​គណៈ​អភិបាល​តំបន់​រ៉ូស្តូស (Rostov), វ៉ូរ៉ូណេស (Voronezh) និង​បែល​ហ្គោរ៉ូត (Belgorod) ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​អ៊ុយ​ក្រែន​​​សុទ្ធ​តែ​​និយាយ​ដូច​ៗ​គ្នា​ថា​រង​ការ​វាយ​ប្រហារ​ពី​អ៊ុយ​ក្រែន​​​។ នៅ​បែល​ហ្គោរ៉ូត ជន​ស៊ីវិល​បី​នាក់​រង​របួស​។ នៅ​តំបន់​គ្រីមៀ​ដែល​ធ្លាប់​ជា​ទឹក​ដី​របស់​អ៊ុយ​ក្រែន​ ហើយ​ឥឡូវ​នេះ​ត្រូវ​រុស្ស៊ី​គ្រប់​គ្រង​នោះ អភិបាល​តំបន់​នេះ​ថ្លែង​ថា​អាជ្ញា​ធរ​បាន​អំពាវ​នាវ​ឱ្យ​រឹត​ត្បិត​​ការ​លក់​សាំង​។ លោក​មិន​បាន​បញ្ជាក់​​ថា​​ដោយ​សារ​​មូល​ហេតុ​អ្វី​ទេ​។ ប៉ុន្តែ​គេ​កត់​សម្គាល់​ថា​ជា​ច្រើន​ខែ​កន្លង​ទៅ​នេះ អ៊ុយ​ក្រែន​តែង​តែ​វាយ​ប្រហារ​ទី​តាំង​ផលិត​ឥន្ធនៈ​នៅ​ភាគ​និរតី​ប្រទេស​រុស្ស៊ី​ដែល​ស្ថិត​នៅកៀក​នឹង​តំបន់​គ្រី​មៀ​៕ ប្រភព៖ Reuters