រាជធានីភ្នំពេញ ៖ នៅក្នុងពិភពប្រដាល់គេកត់សម្គាល់ថា មានអ្នកប្រដាល់ច្រើនរូប ដែលត្រូវគេឃើញចូលប្រដាល់តគ្នាជាត្រកូលតែម្ដងខ្លះតពីឪពុកដល់កូន ខ្លះពីបងដល់ប្អូន និងខ្លះទៀតជាខ្សែរយៈរាប់បញ្ចូលតាំងពីសាច់ញាតិនិងអ្នកភូមិផងរបងជាមួយក៏មាន ។
អ្នកប្រដាល់ទាំងនោះបានទាំងសាងកេរ្តិ៍ឈ្មោះនៅក្នុងភិភពប្រដាល់រហូតដល់ល្បីល្បាញខ្លាំងនោះផង បើទោះជាអ្នកខ្លះក៏បានក្លាយជាកីឡាករដែលមានជីវភាពល្អប្រសើរក្រោយមានកេរ្តិ៍ឈ្មោះបោះសំឡេង ខ្លះទៀតក៏បានត្រឹមតែចិញ្ចឹមជីវិតទាំង
លំបាកហើយលទ្ធផលចុងក្រោយក៏រត់ទៅធ្វើការដោយប្រើកម្លាំងវិញដដែល។
យោងតាមការបញ្ជាក់ អ្នកប្រដាល់បន្តពីឪពុកទៅកូន ពីបងទៅប្អូនទាំងនោះភាគច្រើន
គឺចូលប្រដាល់តាមគ្នាមិនមែនជាចំណូលចិត្តនោះទេ ប៉ុន្តែជាការចង់ល្បីតាមគ្នា និងចង់បានលុយពីការឡើងរេញយកលំនាំតាមគ្នាប៉ុណ្ណោះ។ ត្រកូលអ្នកប្រដាល់ទាំងនោះតាមការកត់សម្គាល់គឺពេលសាច់ញាតិរបស់ខ្លួនណាម្នាក់ទទួលបានជោគជ័យ ក៏ស្ម័គ្រចិត្តចូលប្រឡូកដែរ ហើយក្នុងចំណោមអ្នកមានចំណូលចិត្តចូលប្រដាល់ជាលក្ខណៈគ្រួសារបែបនេះ គឺមិនមែនជាអ្នកមានជីវភាពធូរធារនោះទេ ទើបការចូលប្រឡូកគេអាចនិយាយបានថាគឺដើម្បីតែលុយ និងចង់ឱ្យមានកេរ្តិ៍ឈ្មោះតែមួយមុខប៉ុណ្ណោះ ។
កីឡាករដែលត្រូវគេឃើញចូលប្រដាល់ជាលក្ខណៈគ្រួសារ ហើយទទួលបានជោគជ័យទាំងនោះអ្នកខ្លះក៏បន្តធ្វើជាគ្រូបង្វឹកនៅពេលប្រដាល់លែងកើតព្រោះតែស្រឡាញ់ និងខ្លះឈប់ដាច់តែម្ដង ដោយសារតែការប្រឡូកការប្រដាល់មិនអាចធ្វើឱ្យពួកគេធូរធារ ។ នៅក្នុងពិភពប្រដាល់គឺស្ទើរតែអាចនិយាយបានថា សំបូរអ្នកប្រដាល់ដែលមានលក្ខណៈជាត្រកូលតែម្ដង ដោយក្នុងត្រកូលខ្លះក៏បានល្បីឈ្មោះតាំងពីឪពុកដល់កូន និងខ្លះតាំងពីបងដល់ប្អូននោះផង ។ ប៉ុន្តែគេអាចនិយាយជារួមបានថា មានភាគតិចណាស់ដែលក្រោយការប្រដាល់អាចធ្វើឱ្យគេឈប់ក្រដូចអ្វីដែលធ្លាប់ចង់បាន ។
យ៉ាងណាមិញ គេវិភាគឃើញថា អ្នកប្រដាល់ជាត្រកូលមានឱកាសច្រើនជាងអ្នកប្រដាល់ដោយគ្មានបក្សពួក ដោយសារតែកីឡាករប្រដាល់ទាំងនោះច្រើនមានសំណាងត្រូវគេផ្គូផ្គងឱ្យប្រកួតលើរេញ ទោះបីហ្វឹកហាត់បានតិចតួចនៅឡើយ ឬប្រកួតមិនសូវល្អ១០០ភាគរយក៏ដោយ ។ នៅក្នុងពិភពប្រដាល់មានការរិះគន់យ៉ាងខ្លាំងជុំវិញកីឡាករល្បីឈ្មោះដោយមានខ្សែទាំងនេះ ដោយគេអះអាងថា បើចង់ប្រដាល់មិនមានខ្សែរយៈ ឬមិនមានឪពុក ឬបងប្រុសជាកីឡាករដែលមានឈ្មោះបោះសំឡេងទេ គឺពិតជាពិបាកល្បីឈ្មោះ ដោយសារតែប្រឹងហ្វឹកហាត់កម្រិតណា ក៏មិនងាយនឹងបានឡើងរេញ ជាពិសេសសម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិ ។
ក្រុមអ្នកវិភាគបន្តថា ស្ថានភាពចូលប្រដាល់ជាលក្ខណៈគ្រួសារបែបនេះបានជួយឱ្យធនធានអ្នកប្រដាល់មានការឈានឡើងផងដែរ ប៉ុន្តែក៏នឹងមានកីឡាករដែលគ្មានឈាមជ័រក្នុងគ្រួសារអ្នកប្រដាល់ចង់បន្តការតស៊ូនោះដែរ បន្ទាប់ពីមានដំណឹងថា កីឡាករស្រករថ្មីទាំងនោះប្រឹងប្រែងហ្វឹកហាត់ណាស់ដែរ ប៉ុន្តែសម្រាប់ការផ្គូផ្គងគឺមានតែកីឡាករដែលមានឈាមជ័រជាអ្នកប្រដាល់ ឬមានឪពុកជាគ្រូបង្វឹក និងជាគណៈកម្មការផ្សេងៗ។
អ្នករៀបចំកម្មវិធីប្រដាល់ច្រើននាក់បានអះអាងថា កីឡាករមុនការផ្គូរផ្គង គឺបណ្ដាស្ថានីយទូរទស្សន៍យោងតែលើការផ្ដល់ដំណឹងឱ្យពីគ្រូបង្វឹកប៉ុណ្ណោះ ដូច្នេះហើយទើបទាំងកីឡាករថ្មី និងកីឡាករចាស់ដែលមានឈ្មោះផ្គូផ្គងឡើងរេញគឺគ្រូបង្វឹកជាអ្នកចាត់ចែងជាធំ។
លោក ញាណ សុធី អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានអះអាងថា លោកមិនដឹងជុំវិញអំពើពុករលួយនៅក្នុងក្លិបប្រដាល់នីមួយៗ ថាដាក់តែកីឡាករបក្សពួកឱ្យបានឡើងរេញនោះទេ ប៉ុន្តែជាបទពិសោធន៍បណ្ដាប៉ុស្ដិ៍ទូរទស្សន៍មិនស្គាល់កីឡាករច្រើនជាងគ្រូបង្វឹកនោះទេ ទើបកីឡាករណាដែលខាងគ្រូបង្វឹកផ្ដល់ឱ្យត្រូវតែជ្រើសយកមកពិចារណា ។ ប៉ុន្តែបើឈានដល់ច្រានចោលកីឡាករនេះកីឡាករនោះ គឺមិនអាចនោះទេ ដោយសារតែខាងប៉ុស្ដិ៍របស់លោកក៏ត្រូវពឹងអាស្រ័យតែលើម្ចាស់ក្លិប ដោយគ្រាន់តែមានសិទ្ធិត្រឹមពិចារណា ឬពន្យារពេលជ្រើសយកកីឡាករដែលខ្វះសមត្ថភាពឱ្យឡើងរេញតាមការស្នើសុំប៉ុណ្ណោះ ។
លោកថា កីឡាករដែលចូលប្រកួតហើយមានលក្ខណៈជាត្រកូលគ្រួសារគឺមានច្រើនក្រុម ដោយក្រុមទាំងនោះមួយចំនួននៅតែបន្តការប្រកួតទាំងបងទាំងប្អូន ប៉ុន្តែក្រុមខ្លះក៏បោះបង់សង្វៀនទៅហើយ។
លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំប៉ុស្ដិ៍លេខ៥ បានអះអាងថា សម្រាប់ប៉ុស្ដិ៍របស់លោក គឺលោកយល់ថាអ្នកប្រដាល់ដែលមានលក្ខណៈជាគ្រួសារហាក់មានឆន្ទៈចង់ប្រកួត និងបន្តការប្រកួតបានល្អជាងកីឡាករដែលមិនមានសាច់ញាតិជាអ្នកប្រដាល់ ទើបលោកចូលចិត្តយកអ្នកប្រដាល់ទាំងនោះឱ្យមកប្រកួត ហើយបើនិយាយពីការឡើង
រេញវិញគឺទោះជាកីឡាករជើងថ្មីក៏មានថ្វីដៃល្អដែរ ដោយសារតែគេជាសាច់ញាតិរបស់អ្នកប្រដាល់ស្រាប់ច្រើនតែមានដុងពីកំណើត មានការជំរុញ និងមានការបង្វឹកខ្លួនបានម៉ត់ចត់ជាងកីឡាករដែលនៅក្រៅក្លិប ។
លោកទទួលស្គាល់ស្ថានភាពអ្នកប្រដាល់បែងចែកមិនដាច់ពីរឿងបក្សពួក និងខ្សែរយៈ ប៉ុន្តែបើកីឡាករមិនមានខ្នងបង្អែកមានសមត្ថភាពប្រកួតបានល្អ ក៏បណ្ដាប៉ុស្ដិ៍យកមកលើកស្ទួយនោះដែរ ប៉ុន្តែមកពីឡើងរេញបានតែមួយប្រាវច្រើនតែធ្លាក់ដៃវិញព្រោះមិនសូវបានហាត់ និងខ្វះការជំរុញខុសពីកីឡាករមានឪពុកមានបងជាអ្នកប្រដាល់ ទើបកីឡាករដែលមានលក្ខណៈជាអ្នកប្រដាល់តត្រកូលហាក់មានកម្រិតល្អជាង។
យោងតាមការស្រាវជ្រាវអ្នកប្រដាល់ជាលក្ខណៈគ្រួសារតកូនចៅទាំងនោះរួមមាន៖
+ ត្រកូលភូថង ៖ លោក អេ ភូថង មិនត្រឹមតែបានប្រឡូកការប្រដាល់ព្រោះតែចង់បានលុយកាលពីក្មេង ហើយទទួលបានជោគជ័យប៉ុណ្ណោះទេ សូម្បីតែប្អូនរបស់លោកគឺអូត ភូថង និងកូនប្រុសស្រីទាំង៣របស់លោកក៏ក្លាយជាអ្នកប្រដាល់ទាំងអស់ផងដែរ ។
ដោយឡែកភរិយារបស់លោកមិនមែនជាអ្នកប្រដាល់នោះទេ ប៉ុន្តែក្រោយការរួមរស់ជាមួយលោកជាស្វាមីក៏ចេះក្បាច់គុនប្រដាល់ហើយប្រែក្លាយខ្លួនជាគ្រូបង្វឹក ជាអាជ្ញាកណ្ដាល ជាចៅក្រមផ្ដល់ពិន្ទុនៅសង្វៀនទូរទស្សន៍បាយ័ន។
+ ត្រកូលនួន ៖ ដ្បិតថាបានបាត់មុខ ប៉ុន្តែលោក នួន ភិរម្យ និងប្អូនប្រុសនួន ភារ័ក្ស ក៏ធ្លាប់អង្រួនសង្វៀនប្រដាល់ឱ្យមានការចាប់អារម្មណ៍ផងដែរ ។ មកទល់ពេលនេះ កូនប្រុសរបស់លោក នួន ភារម្យ កំពុងត្រូវបានបណ្ដុះឱ្យក្លាយជាអ្នកប្រដាល់ ខណៈដែលភរិយារបស់លោកក៏ក្លាយជាគ្រូបង្វឹក និងជាចៅក្រមផ្ដល់ពិន្ទុមិនចាញ់ស្វាមីឡើយ។
+ ត្រកូលឃីម ៖ កីឡាករត្រកូលនេះ រួមមានទាំងឪពុកបន្តដល់កូន២នាក់ គឺឃីម ឌីម៉ា(ឃុន ឌីម៉ា) និងឃីម បូរ៉ា ។ អ្នកទាំងពីរបានស្នងតំណែងឪពុកហើយបានវិវត្តក្លាយខ្លួនជាកីឡាករល្បីឈ្មោះយ៉ាងខ្លាំងនាពេលចុងក្រោយ។
+ ត្រកូលបឺត ៖ កីឡាករក្នុងត្រកូលនេះ ក៏ល្បីកក្រើកសង្វៀនណាស់ដែរ ជាពិសេសកីឡាករបឺត ខាំ, បឺត សង្ឃឹម និងបឺត សំខាន់ ។
មកទល់ពេលនេះ អ្នកទាំងបីបានក្លាយជាគ្រូបង្វឹក និងជាអ្នកបើកក្លិប ដោយនៅសល់តែបឺត សង្ឃឹមប៉ុណ្ណោះ ជាប្អូនបន្ដការប្រកួតស្នងតំណែងបងប្រុស ហើយកេរ្តិ៍ឈ្មោះក៏កំពុងលូតខ្លាំងគួរសមផងដែរ។
+ ត្រកូលម៉ន ៖ នៅក្នុងត្រកូលនេះអាចនិយាយបានថា អ្នកប្រដាល់ជាពូជតែម្ដង ដោយសារតែលោក ម៉ាង ម៉ន ក្រោយពីឈប់ប្រដាល់ក៏បានបើកក្លិបហើយបណ្ដុះកូនៗទាំងអស់របស់លោកឱ្យក្លាយជាអ្នកប្រដាល់ ដែលរួមមាន កីឡាករ ម៉ន សាម៉េត, ម៉ន ព្រហ្មម៉ាញ និងម៉ន វិរៈ ជាដើម ហើយសុទ្ធតែនៅប្រដាល់ និងមានកេរ្តិ៍ឈ្មោះល្បីខ្លាំងក្លា។
+ ត្រកូលឡៅ ៖ បើទោះជាឡៅ ស៊ីណាត ជាបងបានសម្រេចចិត្តលាឈប់ពីសង្វៀន
ប្រដាល់ក៏កីឡាករ ឡៅ ចន្ទ្រា និងឡៅ ចិត្ត្រា ជាប្អូនកំពុងជាប់កំណត់ត្រាជាកីឡាករដែលមានសមត្ថភាពខ្លាំងទាំងផ្នែកប្រដាល់សេរី និងសាកល ហើយថ្វីដៃនិងកេរ្តិ៍ឈ្មោះរបស់ពួកគេគឺកាន់តែល្បីខ្លាំង។
+ ត្រកូលយុគ ៖ ពីរនាក់បងប្អូន យុគ យក្សគីល និងយុគ យក្សផ្លែ បានបន្តតំណែងជាអ្នកប្រដាល់បន្តពីឪពុក ហើយបើទោះជាក្រោយពីយុគ យក្សគីល បញ្ចប់ការប្រដាល់ ហើយយុគ យក្សផ្លែ ក៏ចាប់ផ្ដើមធ្លាក់ដៃ ក៏ត្រកូលមួយនេះនៅតែមានអ្នកចងចាំពីថ្វីដៃដែលធ្លាប់រំលេចឡើងនៅលើសង្វៀនផងដែរ។
+ ត្រកូលឡុង ៖ ឡុង សុវណ្ណឌឿន និងឡុង សុវណ្ណពៅ ក៏ជាកីឡាករពីរនាក់បងប្អូនដែលនៅតែល្បីមិនធម្មតាមកទល់នឹងពេលនេះ ដ្បិតថាអ្នកទាំងពីរមិនទាន់រកឃើញអ្នកស្នងតំណែងបន្តសម្រាប់ត្រកូលខ្លួនក្ដី។
+ ត្រកូលឈិន ៖ កីឡាករ ឈិន ក្វាន់ង៉ុយ ដែលបន្តតំណែងពីឪពុកឈិន ក្វាន់ចៃ នៅតែមានឈ្មោះជាកីឡាករល្អម្នាក់ ថ្វីដ្បិតតែរយៈពេលចុងក្រោយគេរាងធ្លាក់ដៃជាងមុនបន្តិចក្ដី។
+ ត្រកូលឯម ៖ ក្រុមត្រកូលនេះក៏មិនធម្មតាផងដែរ ជាពិសេសឯម វុត្ថា, ឯម វិចិត្រ និងឯម ខ្លឹមខ្មៅ ជាដើម សុទ្ធតែបានល្បីឈ្មោះនៅក្នុងពិភពប្រដាល់បើទោះជាត្រកូលរបស់ពួកគេកាន់តែមានវ័យជ្រេ ហើយឈប់ប្រដាល់ស្ទើរអស់ទៅហើយក្ដី។
+ ត្រកូលសែន ៖ ពីរនាក់បងប្អូនសែន រ៉ាឌី និងសែន រ៉ាដេត ក៏ជាកីឡាករស្នងត្រកូលគ្រួសារមួយដែលបានល្បីឈ្មោះក្រោយសម្រេចចិត្តឡើងប្រដាល់លេងៗផងដែរ ។ មកទល់ពេលនេះ អ្នកទាំងពីរនៅតែល្បីសម្រាប់ការប្រដាល់ បើទោះជាសែន រ៉ាឌី កាន់តែរយាលពីការប្រដាល់ក្រោយបើកហាងបុកល្ហុងក៏ដោយ។
ក្រៅពីត្រកូលអ្នកប្រដាល់ដែលបានរៀបរាប់ខាងលើ ត្រកូលអ្នកប្រដាល់ផ្សេងទៀតក៏មានឈ្មោះបោះសំឡេងផងដែរ ដោយគ្រាន់តែកីឡាករខ្លះដ្បិតថាបានប្រើត្រកូលតែមួយ ប៉ុន្តែពួកគេគ្រាន់តែប្រើត្រកូលរបស់គ្រូបង្វឹកប្រចាំក្លិប មិនមែនជាបងប្អូនគ្នា និងចូលប្រឡូកបានតិចតួចក៏បាត់មុខ ឬលាឈប់ទាំងស្រុងទៅហើយទើបមិនត្រូវបានជ្រើសរើសយកមកលាតត្រដាងប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ