រាជធានីភ្នំពេញ ៖ បុរសពាណិជ្ជករម្នាក់អះអាងថា រូបគាត់ត្រូវចោរលួចវាយកញ្ចក់ឡានប្រមូលយកលុយអាមេរិកជាង១៤ម៉ឺនដុល្លារ និងលុយខ្មែរ៥៥លានរៀលទៅបាត់ គ្មាននរណាបានប្រទះឃើញឡើយ ខណៈគាត់ចតរថយន្តនៅ មុខអគារវិមានពាណិជ្ជកម្មកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី១ ធ្នូ ២០១០ ។
សមត្ថកិច្ចប៉ូលិសបានបង្ហាញឥរិយាបថមិនសូវជឿលើករណីនេះទេ ខណៈបុរសពាណិជ្ជកររូបនោះចូលទៅដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់វត្តភ្នំ… ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់បានដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយអំពីករណីដែលចោរវាយកំទេចកញ្ចក់រថយន្តប្រមូលយកលុយច្រើនសន្ធឹកសន្ធាប់ខាងលើ ។ បុរសម្នាក់នេះឈ្មោះគួច គង់ឡេង អាយុ៥៦ឆ្នាំ មុខរបរលក់គ្រឿងចក្រកសិកម្ម ស្នាក់នៅផ្ទះលេខ២១៧៨ ផ្លូវលេខ៧២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោកគួច គង់ឡេង បាននិយាយថា កាលពីរសៀលម៉ោង១ថ្ងៃ ទី១ ធ្នូ ២០១០ រូបគាត់បានចាកចេញពីផ្ទះដោយជិះរថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២L.៨២២៨ និងយកលុយជាប់ខ្លួនជាង៣ម៉ឺនដុល្លារទៅជាមួយផង…បន្ទាប់មករូបគាត់បានទៅបើកលុយពីធនាគារអេស៊ីលីដាជាង១១ម៉ឺនដុល្លារទៀត សរុបទាំងអស់ជាង១៤ម៉ឺនដុល្លារ រួចហើយធ្វើដំណើរទៅឈប់សំចតនៅមុខអគារវិមានកាណាឌីយ៉ា កែងផ្លូវព្រះមុនីវង្ស និងផ្លូវលេខ១១០ស្ថិតក្នុងសង្កាត់វត្តភ្នំ ដោយចូលទៅក្នុងអគារ ដើម្បីពិភាក្សាការងារ ។
លុះពេលចេញមកវិញ ស្រាប់តែភ្ញាក់ខ្លួនក្រញាង ខណៈឃើញកញ្ចក់ទ្វារក្រោយចំហៀងបែកខ្ទេចខ្ទីហើយបាត់កាបូបប្រាក់ពីក្នុងឡាន… រូបគាត់តក់ស្លុតស្ទើរទន់ជង្គង់ ខិតខំម្នីម្នាទៅកាន់ប៉ុសិ៍្តប៉ូលិសសង្កាត់វត្តភ្នំ ដើម្បីដាក់ពាក្យបណ្តឹង។ មន្ត្រីប៉ូលិសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈឃើញពាក្យបណ្តឹង ហើយសឹងតែមិនគួរឱ្យជឿ… ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បុរសរងគ្រោះបានដាក់ពាក្យបណ្តឹងរួចទៅហើយ ចង់ឬមិនចង់សមត្ថកិច្ចត្រូវតែស៊ើបអង្កេត និងចាត់ការរឿងនេះ ៕
ចែករំលែកព័តមាននេះ