ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុង សុខលាភ ពី​អត្ត​ព​លិ​ក​ធម្មតា​ក្លាយជា​អ្នកដឹកនាំ​មួយ​រូប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​តស៊ូ​ព្យាយាម​អំណត់អត់ធន់​នៅ​ក្នុង​ការងារ​អ្វីមួយ រមែង​ទទួល​បានជោគជ័យ​នៅ​ក្នុង​ថ្ងៃ​ណាមួយ​មិន​ខាន ។ ជាក់ស្ដែងកីឡាការិនី​ជន​ពិការ សុង សុខលាភ កាលពី​១០​ឆ្នាំ​មុន​គ្រាន់តែ​ជា​អត្ត​ព​លិ​ក​ជន​ពិការ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​ខាង​ផ្នែកកីឡា…

រាជធានី​ភ្នំពេញ ៖ ការ​តស៊ូ​ព្យាយាម​អំណត់អត់ធន់​នៅ​ក្នុង​ការងារ​អ្វីមួយ រមែង​ទទួល​បានជោគជ័យ​នៅ​ក្នុង​ថ្ងៃ​ណាមួយ​មិន​ខាន ។ ជាក់ស្ដែងកីឡាការិនី​ជន​ពិការ សុង សុខលាភ កាលពី​១០​ឆ្នាំ​មុន​គ្រាន់តែ​ជា​អត្ត​ព​លិ​ក​ជន​ពិការ​ធម្មតា​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​ខាង​ផ្នែកកីឡា ក៏​ដូច​ជា​ភាសាបរទេស​ទៀត​ផង​នោះធ្វើ​ឱ្យ​កីឡាការិនី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​សម្របសម្រួល​លើ​ប្រភេទ​កីឡាអត្តពលកម្ម​នៅក្នុង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កីឡាការិនីសុង សុខលាភ បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​ខ្លួន​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ថា អ្នកស្រី​មាន​បងប្អូន​៤​នាក់​ប្រុស​២​នាក់​ស្រី​២​នាក់ អ្នកស្រី​ជា​កូន​ទី​២​នៅ​ក្នុង​គ្រួសារ ។ អ្នកស្រី​បាន​កំព្រាឪពុក​ម្ដាយ​តាំងពី​នៅ​តូច​ម៉្លេះ ដោយ​សារ​តែ​អ្នក​មានគុណ​ទាំង​ពីរ​ចែកផ្លូវ​គ្នា​ធ្វើ​ឱ្យ​អ្នកស្រី​ត្រូវ​មក​រស់នៅ​ជាមួយ​ជីដូន​តាំងពី​អាយុ​៣​ឆ្នាំ ។ ពាក់​ព័ន្ធ​នឹង​ពិការ​ភាព​អ្នកស្រី សុង សុខលាភ ថា​បាន​កើត​មាន​ឡើង​តាំងពី​អ្នកស្រី​អាយុ​៣​ឆ្នាំ​ដោយ​សារ​តែ​ជំងឺ​គ្រុនក្ដៅ បណ្ដាល​ឱ្យ​ស្ពឹក​ជើង​ខាងឆ្វេង​ដើរ​លែង​រួច​តាំងពី​ពេល​នោះ​មក ។ លុះដល់​ឆ្នាំ​១៩៩៦ អ្នកស្រី​ទទួល​បានការ​ព្យាបាល​ពី​គ្រូពេទ្យ​បារាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ទម្រាំ​ជា​សះស្បើយ​ប៉ុន្តែ​មិន​អាច​ធ្វើ​ដំណើរ​បាន​ល្អ​ដូច​គេឯង​ទេ​។

អ្នកស្រី​សុង សុខលាភ រៀបរាប់​បន្ត​ថា តាម​ពិត​អ្នកស្រី​មានស្រុក​កំណើត​នៅ​ស្រុក​ចំការ​លើ ខេត្តកំពង់ចាម និង​បាន​មក​រស់នៅ​រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​២០០៩ នៅ​ពេល​អ្នក​ស្រី​បញ្ចប់​ការ​សិក្សា​ថ្នាក់បាក់ឌុប ។ សព្វថ្ងៃ​អ្នកស្រី​មាន​អាយុ​២៨​ឆ្នាំ បាន​រៀប​ការ​នៅ​ក្នុង​ឆ្នាំ​២០១១​និង​មានកូន​ប្រុស​១​ម្នាក់ ។ ស្វាមី​អ្នកស្រី​ឈ្មោះ​គង់ សា​រ៉េ​ត អាយុ​៣៦​ឆ្នាំ​ជា​គ្រូ​បណ្ដុះបណ្ដាល​ព្យាបាល​ផ្នែក​ចលនា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​អ្នកស្រី​បាន​ចូល​បម្រើ​ការងារ​ជា​អ្នក​ស្ម័គ្រចិត្ត​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ជន​ពិការ​តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ មុន​ពេល​អ្នកស្រី​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ហិរញ្ញ​វត្ថុ ។

អ្នកស្រី​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ជន​ពិការ​រយៈពេល​៣​ឆ្នាំ​ទទួល​បន្ទុក​ជា​អ្នក​សម្របសម្រួល​មូលនិធិ​ចាប់តាំងពី​ឆ្នាំ​២០១២​ដល់​២០១៥ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​មិន​អាច​បំភ្លេច​បាន​នោះ គឺ​នៅ​ពេល​អ្នកស្រី​ចាប់​យក​អាជីព​ជា​អ្នក​លេង​​កីឡា​ហែលទឹក​រយៈពេល​២​ឆ្នាំ​ពី​ឆ្នាំ​២០១៤​ដល់​២០១៦ ។ ការ​ចាប់​យក​អាជីព​ជា​កីឡាការិនី​ហែល​ទឹក​រយៈពេល​២​ឆ្នាំ​នេះ បើ​ទោះជា​មិន​មានការ​រីក​ចម្រើន​ក៏​ពិតមែន ប៉ុន្តែ​យ៉ាង​ហោច​​ណាស់​ក៏​អាច​ធ្វើ​ឱ្យ​ជីវិត​អ្នកស្រី​ប​បាន​ភ្លក់​រសជាតិ​ជា​អ្នកកីឡា​និង​មានចិត្ត​ស្រឡាញ់​វិស័យ​កីឡា​តាំងពី​ពេល​នោះ​មក ។ ដោយសារ​តែ​វ័យ​កាន់តែ​ច្រើន ការងារ​ក៏​មមាញឹក​នៅ​ក្នុង​ស្ថាប័ន​កីឡា​ជន​ពិការ​ទៀត​ផង​នោះ អ្នកស្រី​ក៏​សម្រេចចិត្ត​លាឈប់​ពី​អា​ជីព​ជា​កីឡាការិនី​ហែល​ទឹក បន្ទាប់​ពី​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​សម្របសម្រួល​លើ​ប្រភេទ​កីឡា​អត្តពលកម្ម​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ។

អ្នកស្រី​សុង សុខលាភ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នកស្រី​ធ្លាប់​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ជា​គ្រូបង្វឹក​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ច្រើន​វគ្គ ហើយ​ថ្មី​ៗ​ទើបតែ​ទទួល​បាន​លិខិតបញ្ជាក់​ការ​សិក្សា​ជា​គ្រូ​បណ្ដុះបណ្ដាល​កម្រិត​អន្តរជាតិ​បន្ថែម​ទៀត​។

ជាមួយនឹង​បទ​ពិសោធន៍​ដ៏​ច្រើន​ដែល​អ្នកស្រី​មាន អ្នកស្រី​ត្រូវ​បាន​អគ្គលេខាធិកា​រណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ជ្រើសរើស​ជា​អ្នកដឹកនាំ​ប្រតិភូ​កីឡា​ទៅ​ចូលរួម​ប្រកួត​ស្ទើរតែ​គ្រប់​ព្រឹត្តិ​ការណ៍​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​ជា​ញឹក​ញាប់​ទៀត​ផង ។

គួរ​បញ្ជាក់​ថា អ្នកស្រី​សុង សុខលាភ ត្រូវ​បាន​គេ​ចាត់ទុកជា​បុគ្គល​ឆ្នើម​មួយ​រូប​ដែល​បាន​ខិតខំ​តស៊ូ​ព្យាយាម​យ៉ាង​លំបាក​តាំងពី​កុមារភាព រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ