ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាកណ្ដាល​ត្រូវ​មាន​បេះដូង​យុត្តិធម៌ និង​ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ច្បាស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អាជ្ញាកណ្ដាល ចៅក្រម ជា​មន្ត្រី​វិនិច្ឆ័យ​យុត្តិធម៌​ឱ្យ​បច្ចេកទេស​កីឡា​កា​រ៉ា​តេ ដូច្នេះ​ជាដំបូង​យើង​ត្រូវ​មាន​បេះដូង​យុត្តិធម៌…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អាជ្ញាកណ្ដាល ចៅក្រម ជា​មន្ត្រី​វិនិច្ឆ័យ​យុត្តិធម៌​ឱ្យ​បច្ចេកទេស​កីឡា​កា​រ៉ា​តេ ដូច្នេះ​ជាដំបូង​យើង​ត្រូវ​មាន​បេះដូង​យុត្តិធម៌ និង​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ថា​ជា​អ្នក​ណា​សិន ។ លោក​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ច្បាប់​ប្រកួត​កា​រ៉ា​តេ​របស់​សហព័ន្ធ​ពិភពលោក​២០១៨ នៅ​ទីស្នាក់ការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ដែល​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​២៥​កុម្ភៈ ដោយ​មាន​សិក្ខាកាម​ចូលរួម​សរុប​៧៣​នាក់​ក្នុង​នោះ​ស្ត្រី​១៨​នាក់ ។ វាគ្មិន​សំខាន់​ដែល​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​ឱកាស​នោះ​គឺ​លោក Shihan Lim ជា​មន្ត្រី​ជំនាញ​បច្ចេកទេស​អាជ្ញាកណ្ដាល​របស់​សហព័ន្ធ​កា​រ៉ា​តេ​ពិភពលោក​(WKF)។

លោក វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​បន្ត​ថា យើង​ត្រូវ​ដឹង​ខ្លួនឯង​ជា​គ្រូ​ឱ្យ​ប្រាកដជា​គ្រូ ត្រូវ​ប្រើ​​ជំនាញ​ឥរិយា​បទ​ជា​គ្រូ ប៉ុន្តែ​បើសិនជា​មក​ធ្វើ​ជា​អាជ្ញាកណ្ដាល ត្រូវ​ផ្លាស់​ប្ដូរ​មុខមាត់​ឥរិយា​បទ​របស់​យើង​ទាញ​ទៅ​រក​ជំនាញ​ក្នុង​ការ​ទទួល​ខុស​ត្រូវជា​អាជ្ញាកណ្ដាល​វិញ ដោយ​ត្រូវ​បែងចែក​ឱ្យ​ដាច់​កុំឱ្យ​មានការ​ជំពាក់ជំពិន ។ បើកាលណា​ធ្វើ​ជា​អាជ្ញាកណ្ដាល​បែរជា​មាន​អារម្មណ៍​នៅ​តែ​ជា​គ្រូ ការ​កាត់ក្ដី​គ្មាន​ភាព​យុត្តិធម៌​នោះ​ទេ ហើយ​វា​នាំ​ឱ្យ​មាន​ទំនាស់​ផ្នែក​អត្ថប្រយោជន៍​មិន​ខាន​ឡើយ ដោយសារ​តែ​យើង​នៅ​មាន​ភាព​ច្របូក​ច្របល់​គ្នា​រវាង​អាជ្ញាកណ្ដាល ចៅក្រម និង​គ្រូ​។

លោក​បាន​សង្កត់ធ្ងន់​ថា យើង​ត្រូវ​តែ​ស្គាល់​ឱ្យ​បាន​ច្បាស់​ថា​អ្វី​ទៅ​ជា​គ្រូ បាន​ន័យ​ថា គ្រូ​គឺជា​អ្នក​ការពារ និង​ស្វែងរក​ភាព​យុត្តិធម៌ ការ​វិនិច្ឆ័យ​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​និង​ស្របច្បាប់ ។ គ្រូបង្វឹក​និង​កីឡាករ​គឺជា​អ្នក​អនុវត្ត​បទបញ្ជា​ការ​ប្រកួត​ហើយ​គ្រូ​មាន​តួនាទី​២​គឺ​អនុវត្ត​ផង និង​ការពារ​ផង បើសិនជា​អាជ្ញាកណ្ដាល​ធ្វើ​ខុស​មាន​តែ​គ្រូ​ប៉ុណ្ណោះ​ជា​អ្នក​ចេញ​មុខ​ការ​ពារ​។

លោក​ក៏​បាន​លើក​ឡើង​អំពី​តួនាទី​អាជ្ញាកណ្ដាល​វិញ​ម្ដង​ថា អាជ្ញាកណ្ដាល​មាន​តួនាទី​បង្កើត​បទបញ្ជា​ការ​ប្រកួត គឺ​អាជ្ញាកណ្ដាល​ដែល​មាន​កម្រិត​ខ្ពស់ អាជ្ញាកណ្ដាល​ពិភព​លោក ប៉ុន្តែ​បើ​ទោះជា​យើង​មិន​មាន​លទ្ធភាព​បង្កើត​បទបញ្ជា​បាន​មែន តែ​យើង​ក៏​មាន​តួនាទី​បង្កើត​បទបញ្ជា​ប្រកួត​បាន​ដែរ ។ ឧទាហរណ៍​នៅ​ប្រទេស​យើង​គឺ​តែង​មាន​ភាព​ខុស​ប្លែក​តិចតួច ដូច​ជា​អ្នក​ដែល​មក​ប្រកួត​យឺត​១៥​នាទី​ដែល​ច្បាប់​បាន​កំណត់​ឱ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​យោង​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​ដូច​ជា​ការ​ស្ទះចរាចរណ៍ ត្រូវ​មានច្បាប់​អនុគ្រោះ​ឬ​ពន្យារពេល​បាន តែ​មិន​អាច​ធ្វើ​ឱ្យ​ខុស​ពី​បទបញ្ជា​អន្តរជាតិ​ទាំង​ស្រុង​បាន​ឡើយ ។ ដូច្នេះ​អាជ្ញាកណ្ដាល ចៅក្រម មិន​ត្រឹមតែ​ជា​អ្នក​បង្កើត​ច្បាប់​ប្រកួត​នោះ​ទេ គឺ​មាន​តួនាទី​ការពារ​និង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត ក្រៅពី​ការពារ​បាន​ហើយ​ត្រូវ​តែ​ចេះ​ធ្វើការ​វាយតម្លៃ​ថា​តើ​ការ​អនុវត្ត​របស់​ខ្លួនឯង​ត្រឹមត្រូវ​ឬ​អត់ មាន​ភាព​យុត្តិធម៌​ឬ​អត់ ។ លោក​ថា តួនាទី​អាជ្ញាកណ្ដាល
មាន​៤​គឺ ៖

ទី​១-​បង្កើត​បទបញ្ញត្តិ​ផ្សេង​ៗ​បន្ថែម​ពីលើ​បទបញ្ជា​ប្រកួត​អន្តរជាតិ

ទី​២-​អនុវត្ត​បទបញ្ជា​ឱ្យ​បាន​ត្រឹមត្រូវ ឱ្យ​មាន​តម្លាភាព សុចរិត​ភាព មិន​លំអៀង​ទៅ​លើ​បក្សពួក សាច់ញាតិ

ទី​៣-​គឺ​ការពារ​ច្បាប់​ពី​ឥទ្ធិពល​ណា​មក​រារាំង​ឱ្យ​បាន​នូវ​អ្វី​ដែល​យើង​បង្កើត​ឡើង​ឱ្យ​មានគុណ​តម្លៃ និង

ទី​៤-​ត្រូវ​ចេះ​វាយតម្លៃ​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ការ​អនុវត្ត​ច្បាប់​របស់​យើង​។

លោក​បញ្ជាក់​ថា ការ​សិក្សា​ថ្ងៃនេះ​ខុស​ពី​ការ​សិក្សា​របស់​គ្រូបង្វឹក និង​អាជ្ញាកណ្ដាល ។

លោក​​បាន​ក្រើនរំលឹក​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវ​តែ​ខិតខំ​យកចិត្តទុកដាក់ និង​មាន​វិន័យ ។ សព្វ​ថ្ងៃនេះ អាជ្ញាកណ្ដាល​អន្តរជាតិ​របស់​យើង​នៅ​មិន​ទាន់​មាន​កម្រិត​ខ្ពស់​នោះ​ទេ ដូច្នេះ​ត្រូវ​តែ​ប្រឹងប្រែង​សិក្សា​ជា​បន្ត​ទៀត ដើម្បី​ឱ្យ​យើង​មាន​ចៅក្រម អាជ្ញាកណ្ដាល​កម្រិត​ខ្ពស់​ដែល​ជា​ថ្នាក់​មួយ​អាច​ចាត់ចែង​ការ​ប្រកួត និង​រក​ឱ្យ​បាន​មុន​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ព្រោះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​យើង​ត្រូវការ​ចៅក្រម​អាជ្ញា​កណ្ដាល​ដែល​មាន​កម្រិត​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ