ទីក្រុងបាងកក ៖ អ្នកវិភាគផ្នែកអចលនទ្រព្យបាននិយាយថា បណ្តាញផ្លូវរថភ្លើងចំនួន១១ខ្សែថ្មីៗនៅជុំវិញទីក្រុងបាងកក នឹងផ្លាស់ប្តូរបរិស្ថានអចលនទ្រព្យ និងការរស់នៅក្នុងទីក្រុង នារយៈពេល១០ឆ្នាំខាងមុខនេះ ។
លោក Surapong Laoha-Unya នាយកដំណើរការក្នុងក្រុមហ៊ុន Bangkok Mass Transit System Plc និយាយថា បណ្តាញផ្លូវរថភ្លើងថ្មីៗនេះនឹងផ្លាស់ប្តូរបរិស្ថានអចលនទ្រព្យ ដូចនឹងការជះឥទ្ធិពលនៃរថភ្លើងអាកាសកាលពី១៨ឆ្នាំមុន ។
ខ្សែរថភ្លើងថ្មីៗរួមមាន ខ្សែពណ៌ទឹកក្រូចរត់ពី Taling Chan ទៅ Thailand Cultural Centre និងទៅ Min Buri, ខ្សែផ្កាឈូក រត់ពី Khae Rai ទៅ Min Buri, ខ្សែលឿង រត់ពី Lat Phrao ទៅ Samrong និងខ្សែត្នោត រត់ពី Khae Rai ទៅ Lam Sali ។
លោក Surapong បាននិយាយកាលពីថ្ងៃពុធថា ៖« តម្លៃដីក្នុងទីតាំងនៅតាមបណ្តាយខ្សែរថភ្លើងអាកាស និងរថភ្លើងផ្សេងៗបានកើនឡើងជាមធ្យមប្រមាណ១០%ក្នុង១ឆ្នាំ ខណៈតម្លៃដីក្នុងទីក្រុងបាងកក កើនឡើងជាមធ្យមតែ៣%ប៉ុណ្ណោះ » ។
ចំណែកទីតាំងមានប្រជាប្រិយភាពដូចជា Nana, Asok, Phrom Phong និង Ari វិញ តម្លៃដីបានកើនឡើងខ្ពស់ជាង១០%ទៅទៀតក្នុង១ឆ្នាំ ។
លោក Surapong បន្តថា ចំនួនផ្ទះថ្មីៗដែលបានដាក់លក់នៅក្រុងបាងកកបានធ្លាក់ចុះ ប៉ុន្តែខុនដូនៅជិតខ្សែរថភ្លើងកំពុងតែកើនឡើង ជាមួយអត្រាលក់ជាមធ្យមកើនជាង៧០% ។
ក្នុងរយៈពេល៧ឆ្នាំខាងមុខ ចំនួនខ្សែរថភ្លើងនឹងកើនឡើង៣ដង ។ លោក Tritecha Tangmatitham នាយកគ្រប់គ្រងក្រុមហ៊ុន Supalai Plc និយាយថា ៖« ខុនដូដែលបានដាក់លក់ក្នុងក្រុងបាងកក មានចំនួនច្រើននាប៉ុន្មានឆ្នាំកន្លងមកនេះ » ។
លោកបន្ថែមថា ខ្សែរថភ្លើងពណ៌ទឹកក្រូច លឿង និងផ្កាឈូក នឹងបង្កើតទីតាំងថ្មីៗទៀតសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ ។
លោក Chatchai Payuhanaveechai នាយកប្រតិបត្តិ និងប្រធានធនាគារ Government Savings Bank ថ្លែងថា តម្លៃដីកើនឡើងដោយសារតែខ្សែរថភ្លើង គឺអាចនឹងផ្លាស់ប្តូរតម្រូវការខុនដូក្នុងក្រុង ព្រោះតម្លៃកើនឡើង ។
យោងតាមការស្រាវជ្រាវរបស់ធនាគារនេះឲ្យដឹងថា ចំនួនលំនៅឋានថ្មីៗដែលបានដាក់លក់ក្នុង Greater Bangkok បានកើនឡើង៣,៥%កាលពីឆ្នាំមុន ខណៈតម្រូវការលំនៅឋានកើនឡើង៥,៥% និងតម្លៃលំនៅឋានកើនឡើង១១% ៕
ចែករំលែកព័តមាននេះ