រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យបញ្ឈប់ការប្រើអំពើហិង្សាដាក់គ្នារវាងថៃ-កម្ពុជា ដែលនៅតាមព្រំដែន និង ត្រូវចេះរួបរួមសាមគ្គី។ការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ធ្នូ ២០១២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធតំបន់ឧស្សាហកម្មសេដ្ឋកិច្ចពិសេស និងរោងចក្រជប៉ុនយ៉ាហ្សាគី នាងកុក ។
ពិធីនេះបានរៀបចំឡើងនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមផងដែរពីសមាជិកព្រឹទ្ឋសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គការអន្តរជាតិ តំណាងស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ និងសាស្ត្រាចារ្យ-សិស្សានុសិស្ស ជាច្រើនកុះករ ក្នុងនោះក៏មានការចូលរួមពីអភិបាលខេត្តត្រាត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ប្រទេសថៃជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្វើឡើងនៅគ្រាដែលមានព័ត៌មានពីដងភ្នំដងរែក ខេត្តឧត្តរមានជ័យមកថា កាលពីរសៀលថ្ងៃទី៨ធ្នូ ២០១២កន្លងមកនេះទាហានឈុតខ្មៅថៃ បានធ្វើការបាញ់ស្រោចមកលើប្រជាពលរដ្ឋខ្មែរ ដែលកំពុងស៊ីឈ្នួលកាប់ឈើគ្រញូង និងអូសឈើក្នុងទឹកដីថៃ នៅចំណុចភូមិទឹកភ្នែក បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរ ស្លាប់និងរបួសជាច្រើននាក់ ។
ជាមួយគ្នានេះដែរក្នុងឱកាសសម្ពោធតំបន់ឧស្សាហកម្មសេដ្ឋកិច្ចពិសេស និងរោងចក្រជប៉ុន យ៉ាហ្សាគី នាងកុក ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីព្រឹកថ្ងៃចន្ទនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានថ្លែងការអបអរសាទរចំពោះគណបក្សប្រជាធិបេតយ្យសេរី របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ ដែលបានឈ្នះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញផងដែរ ៕
ចែករំលែកព័តមាននេះ