ខេត្តបន្ទាយមានជ័យ ៖ ផ្លូវមួយខ្សែប្រវែងជាង៨.០០០ម៉ែត្រ ដែលពលរដ្ឋនៅភូមិចំនួន២ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក តែងតែរអ៊ូរទាំថាពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ទាំងដឹកកសិផលរកទីផ្សារ ទាំងពេលដឹកអ្នកជំងឺមិនបាននារដូវវស្សា ១៥ឆ្នាំមកនោះ នៅថ្ងៃទី១១ កុម្ភៈ ២០១៨នេះ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញដើម្បីក្រាលគ្រួសក្រហម។ ពិធីបើកការដ្ឋានផ្លូវមួយខ្សែខាងលើធ្វើឡើងនៅចំណុចភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុក ស្វាយចេក ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយជ័យ អមដោយអាជ្ញាធរដែនដី យោធាការពារព្រំដែនគោក5៥០៣ និងពលរដ្ឋជាច្រើននាក់។ លោក យី ភារម្យ មេភូមិបឹងស្នោប្រាប់គណៈធិបតីក្នុងពិធីថា ពលរដ្ឋភូមិរបស់លោកមានចំនួន ៣៥៤គ្រួសារស្មើនឹង១.២៣២នាក់។
លោកបន្តថា ពលរដ្ឋក្នុងភូមិជួបការលំបាកជាងគេគឺផ្លូវធ្វើដំណើរ ពេលទៅណាមក ណាមិនរួចទាំងការដឹកកសិផលទៅរកទីផ្សារ និងពេលពលរដ្ឋជួបបញ្ហាដូចជាមានជំងឺ ឬស្ត្រីឈឺពោះឆ្លងទន្លេដឹកទៅពេទ្យ មិនបាន។ លោកមេភូមិបន្តថា ការលំបាកនេះកើតមានរៀងរាល់រដូវវស្សារយៈពេល១៥ឆ្នាំមកហើយ ពោលផ្លូវមានតែដី គ្មានគ្រួស ឬថ្មសូម្បីតែបន្តិច។ ថ្លែងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវមួយខ្សែខាងលើ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តប្រាប់ថា ក្រោយពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងកាលំបាកនានារបស់ពលរដ្ឋ ក្នុងភូមិបឹងស្នោ និងភូមិចក់ពួក និងដោយមើលឃើញពីទុក្ខលំបាកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានជួយជួសជុល ផ្លូវចាស់មានស្រាប់មួយខ្សែនេះដោយក្រាលគ្រួសក្រហមទទឹង១២ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥៨ ក្រវ៉ាត់ព្រំដែន ទៅដល់ភូមិបឹងស្នោ និងភូមិចក់ពួកតែម្តង។
លោកឧត្តមសេនីយ៍ស្នងការបន្តថា ទាំងថវិការ និងសម្ភារធ្វើការអភិវឌ្ឍន៍ផ្លូវមួយខ្សែនេះជាកាគិតគូចាត់ចែងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងមានការចូលរួមចំណែកជួយពីឯកឧត្តម សេង ស៊ីណារិន្ទ គណៈកម្មាធិការថ្នាក់កណ្តាលមជ្ឈឹមបក្សផងដែរ។ លោកឧត្តមស្នងការបញ្ជាក់ថា កន្លងមកមុនអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសន្យាជួយផ្លូវមួយខ្សែខាងលើ ទើបពេលនេះចាប់ផ្តើមដំណើរការជួសជុលដើម្បីសម្រួលដល់ការលំបាក របស់ពលរដ្ឋក្នុងភូមិទាំង២ខាងលើ។ មុនបញ្ចប់កម្មវិធីបើកការដ្ឋានជួសជុលផ្លូវលោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការចែកសារ៉ុងដល់ពលរដ្ឋក្នុងភូមិចំនួន២៥០នាក់ដោយម្នាក់ៗទទួលបានសារ៉ុងចំនួន១ផងដែរ៕
https://youtu.be/-DDeJSdB24U
ចែករំលែកព័តមាននេះ