ខេត្តមណ្ឌលគិរី ៖ មហាសោកនាដកម្មដ៏រន្ធត់មួយបានកើតឡើងជាថ្មីនៅលើទឹកដីមណ្ឌលគិរី ក្រោយមន្ត្រីការពារព្រៃឈើ០៣នាក់ត្រូវបានបាញ់សម្លាប់នាចុងខែមករា បង្កការភ្ញាក់ផ្អើលពេញប្រទេស ទើបស្ងប់ស្ងាត់បានបន្តិច ស្រាប់តែមានគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យទីតាំងផ្សារតែមួយគត់ក្នុងក្រុងសែនមនោរម្យ រលាយបាត់ស្រមោល ខណៈតូបលក់ដូរ និងផ្ទះចំនួន២២០ខ្នងឆេះហ្មត់ រួមនឹងមនុស្សប្រុសស្រីចំនួន៥នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាល។
លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា អណ្តាតភ្លើងដែលបានវាយប្រហារតូប និងផ្ទះក្នុងទីប្រជុំជនផ្សារក្រុងសែនមនោរម្យ បានរលត់ទាំងស្រុងហើយ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត រថយន្តពន្លត់អគ្គិភ័យដែលប្រមូលយកពីបណ្តាស្រុក-ក្រុងក្នុងខេត្តចំនួន០៨គ្រឿង ធ្វើការបាញ់ទឹកពន្លត់ភ្លើងអស់ប្រមាណជា២០០ជើង ចាប់តាំងពីកើតហេតុដំបូងកាលពីម៉ោង១និង២០នាទីយប់ រហូតដល់ថ្ងៃត្រង់ថ្ងៃទី១០ កុម្ភៈ ២០១៨ ទើបអាចទប់ទល់ជាមួយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានជាស្ថាពរ តែទោះជាយ៉ាងណា ផ្ទះ និងតូបក្នុងផ្សារជាង៩០% បានឆេះសល់តែផេះតែប៉ុណ្ណោះ។
ហើយក្នុងអគ្គិភ័យនេះ បានសម្លាប់មនុស្ស២នាក់ និងរបួសធ្ងន់៣នាក់ ចំពោះទ្រព្យសម្បត្តិដែលបាត់បង់ស្នងការដ្ឋានកំពុងធ្វើស្ថិតិ ចំណែកឯគ្រួសារសពអាជ្ញាធរខេត្តមណ្ឌលគិរី សាខាកាកបាទក្រមខេត្ត ព្រមទាំងឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ បានជួយឧបត្ថម្ភជាទឹកប្រាក់មួយចំនួន ដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោកកាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឲ្យដឹងថា តូបនិងផ្ទះប្រមាណ២២០ត្រូវឆេះទាំងស្រុង ហើយជនរងគ្រោះដែលស្លាប់ចំនួន២នាក់ ១- ឈ្មោះ សេង ប៉ូ ភេទប្រុស អាយុ២៦ឆ្នាំ ជាអាជីវករ ២-ឈ្មោះ តូច ណាវីន ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្ស ស្លាប់ក្នុងអណ្តាតភ្លើង។ ចំពោះជនរងគ្រោះរងរបួសធ្ងន់ ១-ឈ្មោះ ង៉ូវ ពិសី ភេទស្រី អាយុ២១ឆ្នាំ ២- ឈ្មោះ ម៉ក់ សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ និង៣-ឈ្មោះ ម៉ក់ សេងវ៉ុន ភេទប្រុស អាយុ៤៩ឆ្នាំ អ្នកទាំង៣កំពុងស្ថិតក្នុងការជួយសង្គ្រោះពីមន្ទីរពេទ្យបង្អែកខេត្ត និងគ្លីនិកឯកជន។
ចំណែកឯតូបលក់ដូរក្នុងផ្សារសរុបមានចំនួន២៧៩តូប ឆេះអស់ចំនួន២២០តូប មានប្រជាពលរដ្ឋសរុប២៧៩គ្រួសារស្មើនឹង៩៩៥នាក់ ហើយចំពោះគ្រួសារមានទ្រព្យសម្បត្តិដែលត្រូវភ្លើងឆេះចំនួន៦១០នាក់។ រីឯមូលហេតុធ្វើឲ្យមានអគ្គិភ័យនេះឡើង គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី នេះបើយោងទៅតាមការបញ្ជាក់របស់លោកអធិការក្រុងសែនមនោរម្យ។
យោងតាមការវាយតម្លៃមិនទាន់ផ្លូវការរបស់អាជ្ញាធរទំហំនៃការខូចខាតដែលបណ្តាលមកពីអណ្តាតភ្លើងក្នុងករណីខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋដែលជាអាជីវករប្រកបតរបរលក់ដូរក្នុងផ្សារ បាត់បង់ទ្រព្យសម្បត្តិសរុបខ្ទង់លានដុល្លាឯណោះ។
គួររំលឹកថា ផ្សារក្រុងសែនមនោរម្យខាងលើនេះ ដែលមានទីតាំងក្បែររង្វង់មូលគោព្រៃ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ត្រូវបានអគ្គីភ័យវាយប្រហារនៅម៉ោងប្រមាណជា២រំលងអាធ្រាតុ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។ អគ្គិភ័យមួយនេះ បានលេបត្របាក់តូប និងផ្ទះជាច្រើនក្នុងផ្សារស្ទើរតែទាំងស្រុង ខណៈរថយន្តពន្លត់អគ្គិភ័យមិនអាចចូលគៀកធ្វើការពន្លត់ទាន់ពេលវេលាទេ ព្រោះតែផ្លូវចូលតូចចង្អៀត បានត្រឹមតែបាញ់កាត់មុខភ្លើងកុំឲ្យរៀលដាលបន្តតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ