ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​របស់​ប្រជាពលរដ្ឋ​លើ​អ្នកតា​ឃ្លាំងមឿង​ខេត្តពោធិ៍សាត់

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជំរំ​សៀម​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ខាងលិច​ទីរួមខេត្ត​ប្រហែល​៦​គីឡូ​ម៉ែត្រ ។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​រង្វង់​មូល​ថ្មី​(​កំពុង​ស្ថាបនា​)​ចូល​តាម​ផ្លូវជាតិ​លេខ​៥៥​ចម្ងាយ​​ប្រហែល​មួយ​គីឡូ​ម៉ែ​ត​ទៀត​ទើប​ដល់…

ខេត្តពោធិ៍សាត់ ៖ បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជំរំ​សៀម​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ខាងលិច​ទីរួមខេត្ត​ប្រហែល​៦​គីឡូ​ម៉ែត្រ ។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​រង្វង់​មូល​ថ្មី​(​កំពុង​ស្ថាបនា​)​ចូល​តាម​ផ្លូវជាតិ​លេខ​៥៥​ចម្ងាយ​​ប្រហែល​មួយ​គីឡូ​ម៉ែ​ត​ទៀត​ទើប​ដល់ ។ សព្វ​ថ្ងៃនេះ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង បាន​ក្លាយជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​អ្នកដំណើរ​ឆ្លងកាត់​ពី​ទី​ជិត​ឆ្ងាយ ក៏​ដូច​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ចេញចូល​ទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​រាល់ថ្ងៃ ។ អ្វី​ដែល​ល្បី​រន្ទឺ​នេះ​គឺ​ដោយសារ​អ្នកតា​ឃ្លាំងមឿង​ជា​មេទ័ព​ម្នាក់​ដែល​មាន​មហិទ្ធិឫទ្ធិ ខ្លាំងពូកែ​កាលពី​សម័យ​ដើម ហ៊ាន​ហក់​ចូល​ក្នុង​រណ្ដៅ​ចម្រូង​ពលី​ជីវិត រួច​ហើយ​បាន​កេណ្ឌ​ទ័ព​ខ្មោច​ទៅ​ប្រយុទ្ធ​ជាមួយ​ទ័ព​សៀម រហូត​ដណ្ដើម​បាន​ទឹកដី​មក​វិញ ។

ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់​ក៏​ដូច​សាធារណជន​ទូទៅ​មាន​ជំនឿ​លើ​អ្នកតា​ឃ្លាំងមឿង​ខ្លាំង​ណាស់ ព្រមទាំង​បាន​ធ្វើបុណ្យ​ឡើងរោង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ដើម្បី​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ និង​សុំ​ទឹកភ្លៀង​សម្រាប់​ធ្វើស្រែ​ចម្ការ ។


លោក​លី ប៉ុ​ណ្យ នាយករង​រដ្ឋបាល​ខេត្តពោធិ៍សាត់​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នកធ្វើការ​រដ្ឋ​ចាប់ពី​ឧត្តមមន្ត្រី​រហូត​ដល់​មន្ត្រីរាជការ​ដែល​ត្រូវ​បាន​ទទួល​ការ​តែង​តាំងពី​ព្រះមហាក្សត្រ ពី​រាជរដ្ឋាភិបាល ពី​ចៅ​ក្រសួង​ឱ្យមក​កាន់​ជា​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក និង​ជា​ប្រធាន​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្តពោធិ៍សាត់​នោះ តែងតែ​រៀបចំ​ពិធីសែនព្រេន​ថ្វាយ​អ្នកតា​ឃ្លាំងមឿង​ដើម្បី​បង្ហាញមុខ និង​សុំ​ពរ​ជ័យ​ពី​អ្នកតា ឱ្យ​ជួយ​ក្នុង​ការ​ដឹកនាំ និង​បំពេញភារកិច្ច​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​សុខដុមរមនា ។


ចំណែក​អ្នក​រកស៊ី​ចាប់ពី​ឧកញ៉ា​រហូត​ដល់​អ្នក​រកស៊ី​ធម្មតា សុទ្ធតែ​ទៅ​រៀបចំ​ពិធីសែនព្រេន​ថ្វាយ​អ្នកតា​ឃ្លាំងមឿង ដើម្បី​សុំ​ឱ្យ​អ្នកតា​ជួយ​ដល់​ការ​រកស៊ី​របស់​ពួក​គាត់​ឱ្យ​ចម្រុងចម្រើន និង​ធ្វើ​ពិធី​លាបំណន់​ពី​អ្នកតា​វិញ​បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​ហើយ​នោះ ។ មាន​អ្នកខ្លះ​ក៏​ទៅ​បន់អ្នកតា​សុំ​លេខ​ឆ្នោត​ដើម្បី​ចាក់​កន្ទុយលេខ​ផង​ដែរ ប៉ុន្តែ​មិនសូវ​ទទួល​បាន​ជោគជ័យ​ទេ​ព្រោះ​មេ​លក់​កន្ទុយ​លេខ ក៏​ទៅ​បន់អ្នកតា​ឱ្យ​ជួយ​ដូច​គ្នា ។

ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដែល​មាន​គ្រោះភ័យ​ក្នុង​គ្រួសារ ឬ​ផ្ទាល់ខ្លួន តែងតែ​ទៅ​បន់អ្នកតា​ឱ្យ​ជួយ​បរវៀស​ចៀស​ឆ្ងាយ​នូវ​ទុក្ខ​កង្វល់​ទាំងនោះ ។
ចំពោះ​តង្វាយ​សែនព្រេន​តាម​សៀវភៅ​ឯកសារ​មហា​បុរស​ខ្មែរ​ភាគ​២ គឺ​របៀប​ដែល​នឹង​គោរព​អ្នកតា​ឃ្លាំងមឿង​មាន​ដូច​តទៅ ៖

១.​ដល់​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ មេ​ស្មឹង​ត្រូវ​តែងខ្លួន​ឱ្យ​មាន​មនុស្ស​ពាក់​ស្នែងទន្សោង​តាម​របៀប​ពញា​មឿង កាលដែល​លោក​នៅ​រស់​ដើរ​បរបាញ់​សត្វព្រៃ ។ ត្រូវ​ឱ្យ​មាន​ភ្លេង​លេង​ច្រៀង​រាំ​ថ្វាយ​ក្នុង​វេលា​ព្រឹក ។ សាស្ត្រា​ច្បាប់​ដើម​មិន​មាន​បង្គាប់​ឱ្យ​លេងភ្លេង​បទ អ្វី​ៗ​ទេ ប៉ុន្តែ​តាម​ពាក្យ​ចចាមអារ៉ាម​ថា​បទ​ភ្លេង​ត្រូវ​លេង​តាម​របៀប​លៀងអារក្ស ។

២.​របៀប​តង្វាយអ្នកតា​ឃ្លាំងមឿង​គឺ ​៖ ចំអាប​២​គូ ប្រាក់​៥​ស្លឹង សំពត់​ស​១ អាវ​កាស​៥ ស្លាធម៌​៤ ស្លាជម​៤ ទឹកអប់​៤ ក្បាលដំរី​មួយគូ​(​បច្ចុប្បន្ន​ដាក់​ក្បាល​ជ្រូក​ជំនួស​ព្រោះ​ពុំ​មាន​ដំរី​) មាន់​ស្ងោរ​០១​គូ ផ្លែ​ឈើ​៤​តោក ដែល​ក្នុង មួយ​តោក​ៗ​មាន​អង្ករ​ទ្រាប់​បាត​ចំនួន​មួយ​នាឡិ ស្លា​២​ពាន និង​ស្រា​២​ដប ។ នេះ​ជា​តង្វាយ ព្រមទាំង​របៀប​ដែល​ត្រូវ​រៀបចំ​ឱ្យ​ពួក​លេងល្បែង​នោះ​សប្បាយ​ច្រើន​ផង ។

៣.​តង្វាយ​ថ្វាយ​អ្នកតា​កន្ទោងខៀវ (​អ្នក​ម្នាង​ខៀវ​)​គឺ​រៀប​ដូច​អ្នកតា​ឃ្លាំងមឿង​ដែរ ខុស​គ្នា​តែ​ត្រង់​តង្វាយអ្នកតា​កន្ទោងខៀវ​ត្រូវ​មាន​កន្ទោង​ធំ​មួយ​ដាក់​បង្អែម ចំអាប និង​ពងមាន់​៧ ។

៤.​ក្នុង​ថ្ងៃ​ឡើងអ្នកតា​នោះ​មេស្រុក និង​អ្នកស្រុក​ទាំង​៤​ទិស​ត្រូវ​យក​ទឹក​ទៅ​ជូន​ចៅហ្វាយស្រុក ហើយ​ចៅហ្វាយស្រុក​ពេល​ទទួល​ទឹក​នោះ​បាន​ហើយ​ត្រូវ​លើក​ចាក់​ឱ្យ​ចំ​ក្បាលដំបូក​អ្នកតា​ឃ្លាំងមឿង ។ បើ​ទឹក​នោះ​ហូរ​ទៅ​ទិស​ខាង​ណា​ច្រើន​ជាង ទំនាយ​ទាយ​ថា​ភ្លៀង​ច្រើន​នៅ​ទិស​ខាង​នោះ ។

ឯ​ត្រង់​ដី​ដែល​ហៅ​ថា​កន្លែង​នាង​ពេញ​នោះ ក្នុង​មួយ​ឆ្នាំ​មេស្រុក និង​អ្នកស្រុក​ត្រូវ​យក​កន្ទោង​ធំ​មួយ ដាក់​ពង​ទា​៧ និង​បង្អែមចំអាប​ទៅ​ដាក់​ថ្វាយ​នៅ​ត្រង់​ទីនោះ​ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ បើ​ខានមិនបាន​ដាក់​ទេ​នោះ​អ្នកស្រុក​អ្នក​ភូមិ​នឹង​កើត​ជំងឺ​តម្កាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ