ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ២នាក់រៀបរាប់ពីរបៀបចារសាស្ត្រាស្លឹករឹត

9 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ អតីត​ព្រះសង្ឃ​ចំនួន​៥​នាក់​រស់នៅ​ភូមិ​ត្នោត​ជ្រុំ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប

0:00
0:00

ខេត្តសៀមរាប​ ៖ អតីត​ព្រះសង្ឃ​ចំនួន​៥​នាក់​រស់នៅ​ភូមិ​ត្នោត​ជ្រុំ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប កំពុង​បង្រៀន​ជំនាញ​ចារ​ស្លឹករឹត​ដល់​យុវជន​មួយ​ចំនួន​ដែល​មានចិត្ត​ស្រលាញ់​ផ្នែក​នេះ ។ អ្នកជំនាញ​២​នាក់​ក្នុង​ចំណោម​នោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ពី​របៀប​ចារសាស្ត្រា​ស្លឹករឹត​នេះ ។

លោក​ព្រៀន ជ្រូក អាយុ​២៧​ឆ្នាំ មាន​បងប្អូន​ចំនួន​៤​នាក់ ស្រី​២​នាក់ ធ្លាប់​បួស​រៀន​នៅ​វត្ត​«​នាមរូប​» នៅ​ភូមិ​ដូន​អ៊ុ​ន ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប អំឡុង​ឆ្នាំ​២០១៤ ។ ទន្ទឹម​រៀន​ធម៌អាថ៌ លោក​បាន​រៀន​ជំនាញ​ចារសាស្ត្រា​ស្លឹករឹត​ពី​អតីត​ព្រះ​គ្រូ​ចៅអធិការ​ដុក ឌឿ​ម ។ ពេល​សឹក​មក​វិញ​នៅ​ឆ្នាំ​២០២១ លោក​ជ្រូក​យក​ផ្ទះ​របស់​ខ្លួន​ធ្វើ​ជា​កន្លែង​បង្រៀន​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ពី​ជំនាញ​ចារ​គម្ពីរ​សាស្ត្រា​ស្លឹករឹត ក្នុង​គោលបំណង​ឱ្យ​មាន​អ្នក​បន្តវេន និង​ថែរក្សា​យូរអង្វែង​តទៅ​ទៀត ។

ថ្មី​ៗ​កន្លង​មក​លោក​ព្រៀន ជ្រូក ឱ្យ​ដឹង​ថា យុវតី និង​យុវជន​១០​ទៅ​២០​នាក់​ប៉ុណ្ណោះ​ដែល​ចាប់អារម្មណ៍​ជំនាញ​ចារសាស្ត្រា​ស្លឹករឹត ។

លោក​ព្រៀន ជ្រូក រំឭក​ថា ក្នុង​ពេល​បួស​រៀន​នៅ​វត្ត​«​នាមរូប​» បាន​រៀន​ចារ​ស្លឹករឹត​នេះ ដោយ​គេ​ស្លឹករឹត​ពី​អ្នកស្រុក​អង្គរ​តម្លៃ​ពី​១០​ម៉ឺន​រៀល​ទៅ​១៦​ម៉ឺន​រៀល ។ លាង​ទឹក​ឱ្យ​ស្អាត​រួច​ដាក់​ហាលថ្ងៃ ទើប​យក​ស្លឹករឹត​ច្រៀក​ឱ្យ​តូច​ល្មម​។ បន្ទាប់​មក​យក​ខ្សែ​នីឡុង​អូស​ជា​បន្ទាត់ រួច​យក​ឈើ​មក​កៀប​ឱ្យ​វា​តឹង ។ នៅ​ពេល​យប់​ដាក់​ហាល​ទឹកសន្សើម​ឱ្យ​លាត​ល្អ ទើប​យក​វា​ទៅ​ជូត​ឱ្យ​ស្អាត និង​ចង​ជា​ដុំ​ចំនួន​៥០​ទៅ​១០០​សន្លឹក ។

ពេល​ចារ​រួច​ហើយ យក​ក្រណាត់ ឬ​ក្រដាស​លុប ឬ​ជូត​នឹង​ជ័រទឹក​លាយ​ជាមួយ​ម្រេញ​ភ្លើង ឬ​ធ្យូង ដើម្បី​ឱ្យ​ចេញ​ជា​អក្សរ ។

បច្ចុប្បន្ន​លោក​ព្រៀន ជ្រូក កំពុង​ប្រឹងប្រែង​បង្ហាត់បង្រៀន​ចារសាស្ត្រា​ស្លឹករឹត​ដល់​យុវជន​-​យុវតី​ដោយ​ឥត​គិតថ្លៃ ។ លោក​ថ្លែង​ថា​«​ខ្ញុំ​ចង់ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានឃើញ និង​ស្គាល់​ពី​តម្លៃ​របស់​សាស្ត្រា​ស្លឹករឹត​ដែល​បុព្វបុរស​ខ្មែរ​បាន​ប្រើប្រាស់ ចារ​ជា​គម្ពីរ​ប្រវត្តិសាស្ត្រ និង​ក្បួនច្បាប់ ផ្សេង​ៗ​ជា​ច្រើន​ជា​យូរលង់​មក​ហើយ​។ ការ​ខិតខំ​បង្រៀន​ជំនាញ​ចារសាស្ត្រា​ស្លឹករឹត​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​មានចំណេះ​ដឹង​បន្ត ដោយសារ​តែ​បច្ចុប្បន្ន​ជំនាញ​ចារសាស្ត្រា​ស្លឹករឹត បាន​បាត់បង់​ទៅ​ស្ទើរតែ​ទាំងស្រុង​នៅ​ក្នុង​សង្គម​ខ្មែរ​សម័យ​ថ្មី ។

ជំនាញ​ចារសាស្ត្រា​ស្លឹករឹត គឺ​ត្រូវ​មានចិត្ត​អត់ធ្មត់​ធ្វើ​អារម្មណ៍​យើង​ឱ្យ​ស្រលាញ់ និង​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​ខ្លាំង ។ ដូច្នេះ​អ្នក​ដែល​ចង់​សិក្សា​រៀនសូត្រ​ពី​ជំនាញ​ចារសាស្ត្រា​ស្លឹករឹត​ទាល់តែ​មានចិត្ត​ស្រលាញ់​ចង់​ចេះ ចង់​ដឹង​ច្បាស់លាស់​ទើប​អាច​ធ្វើ​បាន​» ។

លោក​ព្រៀន ជ្រូក លក់​សាស្ត្រា​ស្លឹករឹត​ក្នុង​១​ដុំ​តម្លៃ​២០០​ទៅ​៣០០​ដុល្លារ ។ លោក​បាន​សំណូមពរ ដល់​អ្នក​ស្រលាញ់​សិល្បៈ​វប្បធម៌​ទាំង​ក្នុង​និង​ក្រៅប្រទេស ជួយ​ទិញ​សាស្ត្រា​ស្លឹករឹត​ដែល​លោក​ខិតខំ​ចារ​នេះ​ផង ។

រីឯ​លោក​ហេង យុន អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ចំនួន​២​នាក់ ចាប់ផ្ដើម​ចារសាស្ត្រា​ស្លឹករឹត​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ។ លោក​ចេះ​ជំនាញ​នេះ​ពី​គ្រូ​ជាមួយ​លោក​ព្រឿ​ន ជ្រូក​ដែរ ។ ក្រៅពី​របរ​នេះ​លោក​ធ្វើ​ជា​អាចារ្យការ​ផង​ដែរ ។

លោក​ហេង យ៉ុ​ន បញ្ជាក់​ថា ស្លឹករឹត​ដែល​លោក​ប្រើប្រាស់ គឺ​លោក​បាន​ទៅ​កាប់​នៅ​ក្នុង​ព្រៃអង្គរ និង​ទិញ​ពី​អ្នក​អង្គរ​ក្នុង​១​ដុំ ពី​១០​ទៅ​១៥​ម៉ឺន​រៀល ។

លោក​យក​ស្លឹករឹត​លាង​ទឹក​ឱ្យ​ស្អាត​រួច​កាត់​តម្រឹម​ដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត​រយៈពេល​១៥​ថ្ងៃ ។ បន្ទាប់​ពី​ហាល​ទឹកសន្សើម​ឱ្យ​ស្លឹក​រលាត​ហើយ ជូត​ឱ្យ​ជ្រះ​ជាតិ​ម្សៅ​ទើប​យក​ចង ជា​ដុំ​ៗ និង​កៀប​ឱ្យ​តឹង ។ បន្ទាប់​ពី​ឆ្អើរភ្លើង​រួច​ទើប​ដោះ​ចេញ​វិញ ។

ក្រោយមក​យក​ពុ​ម្ភ ឬ​ខ្នាត​ចោះ​ប្រហោង​តូច​ៗ​ចំនួន​២​ក្នុង​មួយ​សន្លឹក ទើប​យក​កៀប​ចូល​ឃ្នាប​ពុ​ម្ភ​វិញ ដើម្បី​ឈូស​វា​ឱ្យ​ស្អាត​កើតជា​សន្លឹក​តាម​ទំហំ​ខ្នាត​ដែល​យើង​ចង់បាន ។ បន្ទាប់​ពី​ឈូស​ជា​ស្លឹក​ហើយ យក​ចង​ជា​បាច់​ក្នុង​១​ដុំ​ចំនួន​១០០​សន្លឹក ។

ស្លឹករឹត នីមួយ​ៗ​ត្រូវ​វាយ​ជា​បន្ទាត់​ទាំង​សងខាង រួច​ហើយ​ទើប​ចាប់ផ្តើម​សរសេរ ឬ ចារ​ជា​អក្សរ​តាម​បន្ទាត់​នោះ ។ ការ​សរសេរ ឬ​ចារ​បាន​មួយ​ខ្សែ ឬ​មួយ​គម្ពីរ យក​ទៅ​លុប ឬ​ជូត​នឹង​ជ័រទឹក​ដែល​លាយ​ជាមួយ​ម្រេញ​ភ្លើង ទើប​បោសសំអាត​នឹង​កន្ទក់​ដើម្បី​ឱ្យ​វា​ចេញ​ជា​អក្សរ​។ បន្ទាប់​មក​បាញ់ថ្នាំ​ពណ៌​ទឹកមាស ឬ​ទឹកប្រាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ