រាជធានីភ្នំពេញ៖ តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ បានចេញមុខឆ្លើយតបវិញភ្លាមៗ ជុំវិញពីការរិះគន់របស់មហាជនមួយចំនួន ពាក់ព័ន្ធទៅនឹងសម្លេងរបស់នាង បន្ទាប់នាងបានចេញផ្សាយនូវបទចម្រៀងមួយបទ កាលពីពេលថ្មីៗនេះ ។

ទំនងជាក្តៅស្លឹកត្រចៀក ទូច ស្រីល័ក្ខ បានចេញជាវីដេអូឃ្លីបបង្ហោះលើបណ្តាញសង្គម ជាមួយនឹងការបញ្ចេញគណនេយ្យហ្វេសប៊ុកមួយដែលបានរិះគន់មកលើរូបនាងថា សម្លេងរបស់នាង បើប្រឡងវិញគឺគ្មានអ្នកណាចុចយកឡើយ ។
តាមរយៈការរិះគន់ខាងលើនេះ ទូច ស្រីល័ក្ខ បានឆ្លើយតបវិញថា ចំពោះអ្នកនាងមិនចាំបាច់ទៅដាក់ប្រឡងនៅកន្លែងណាទេ ព្រោះអ្នកនាងចេញពីសាលា និងចេញមកពីការប្រឡងដូចគ្នា ។
អ្នកនាងថា បងបានដាក់ពាក្យប្រឡងផ្នែកចម្រៀងបុរាណនៅសាលាបឋមសិក្សាទួលគោក ហើយបងបានជាប់ជ័យលាភីលេខ១នៅទូទាំងរាជធានីភ្នំពេញ ដោយទទួលបានពានប័ណ្ណសរសើរ និងស្រោមសំបុត្រពីថ្នាក់ដឹកនាំថែមទៀតផង ។

នាងបញ្ជាក់ថា កាលដែលយើងចេញពីសិល្បៈមួយ មិនមែនអោយតែល្បីតាម Tik Tok មួយនឹងគេមិនហៅថា សិល្បៈនោះឡើយ ដោយសិល្បៈពិតប្រាកដ គឺគេចេញពីសាលាត្រឹមត្រូវ និងមានការទទួលស្គាល់ មិនមែនចេះតែចេញច្រៀងអោយតែសម្លេងពីរោះ ដោយមិនដឹងចេញពីខាងណា ។
អ្នកនាងបន្ថែមថា ការដែលមកចេញពីសាលាហើយចេញច្រៀង គឺមិនមែនចេះតែលំៗ និងចេះតែថានោះឡើយ ពោលគឺសុទ្ធតែការប្រឹងប្រែងខំរៀន និងត្រង់ស្តាប់ ទម្រាំតែនាងបានឈរមកដល់ថ្ងៃនេះ គ្រាន់តែបងប្អូនខ្លះនៅមិនទាន់ស្គាល់អត្តសញ្ញាណរបស់នាង ។

អ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ថា កាលពីអំឡុង២០ឆ្នាំមុន មហាជនប្រាកដជាស្គាល់នាងថា គឺជាតារាចម្រៀងដែលសិចស៊ី តារាបង្ហាញម៉ូត និងជាពិធីការិនីម្នាក់ផងដែរ ។
នាងបន្តថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារនាងមិនវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរទើបធ្វើអោយស្នាដៃដែលនាងបានសាងរយៈពេលជិត២០ឆ្នាំបានបាត់បង់ទាំងស្រុង ។ ទើបតែពេលនេះ នាងសម្រេចងើបឡើងជាថ្មី ដើម្បីបង្ហាញស្នាដៃអោយបងប្អូនបានឃើញជាថ្មី ខណៈពេលបច្ចុប្បន្ននាងក៏បានទទួលការគាំទ្រពីបងប្អូនឡើងវិញផងដែរ ។
នាងបញ្ជាក់ថា បងប្អូនប្រាកដជាបានដឹងនាង គឺជាតារាចម្រៀងដែលច្រៀងពូកែលេងទឹកមុខ និងច្រៀងចេញពីចិត្តដែលនោះ គឺជាស្ទាយរបស់នាង ៕



ចែករំលែកព័តមាននេះ