ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នំក្រឡានគឺជានំប្រពៃណីខ្មែរ និងមានប្រវត្តិគួរ​ឱ្យ​ចាប់អារម្មណ៍

9 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ ក្រឡានត្រូវគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរនៅ

ខេត្តបាត់ដំបង៖ ក្រឡានត្រូវគេចាត់ទុកជានំប្រពៃណី និងជាផលិតផលទេសចរណ៍មួយផងដែរនៅស្រុកឯកភ្នំ ដោយសារវាមានរសជាតិឈ្ងុយឆ្ងាញ់ ពេញនិយម និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ និងយូរលង់ណាស់មកហើយ សម្រាប់អ្នកភូមិសំរោងក្នុង ភូមិនរា និងភូមិតាគោម ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

នំក្រឡាផលិតចេញពីអង្ករដំណើប លាយជាមួយសណ្ដែកខ្មៅ ខ្ទិះដូង និងគ្រឿងផ្សំមួយចំនួនទៀត រួចញាត់ចូលបំពង់ឫស្សី និងដុត ។

បើតាមឯកសារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នំក្រឡានមានឱជារសឈ្ងុយឆ្ងាញ់ និងមានតម្លៃចាប់ពី១០០០រៀល ឡើងទៅ យោងតាមទំហំតូច ឬធំ ។ អ្នកភូមិសំរោងក្នុង នៅតែប្រកាន់ភ្ជាប់នូវរូបមន្តបុរាណដើម្បីធ្វើ និងចម្អិននំប្រភេទនេះ ។ ជារៀងរាល់ព្រឹក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាវត្តសំរោងក្នុង តែងតែចំណាយពេលទស្សនា ឈ្វេងយល់ និងសាកល្បងភ្លក្សរសជាតិនំក្រឡាននេះ ។

បច្ចុប្បន្នក្នុងខេត្តបាត់ដំបង គេសង្កេតឃើញ មានលក់នំក្រឡាននេះ នៅតាមទីផ្សារ ចំណតរថយន្ត និងនៅតាមរមណីយដ្ឋាន និងទីប្រជុំជន ផ្សេងៗទៀត ។

នំក្រឡានគឺជានំប្រពៃណីខ្មែរមួយ ដែលយកអង្ករដំណើបច្រកចូលក្នុងបំពង់ឫស្សី ព្រមទាំងបិទឆ្នុកដោយប្រើសំបកដូង ឬស្លឹកចេក ហើយយកវាដុតរោលពីខាងក្រៅជុំវិញសំបកឫស្សី ។

ពាក្យក្រឡានមានប្រភពចេញពីជនជាតិភាគតិចកូឡារបស់ប្រទេសភូមា ដែលបានរត់ភៀសខ្លួន និងបានរស់នៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ ។ ជនជាតិដើមភាគតិចកូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរយើង ដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា) ។

ជនជាតិកូឡាពីសម័យមុន ប្រកបរបរទទួលទានដោយការរករ៉ែ (ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ)…។ នៅពេលដែលពួកគេទៅព្រៃ ម្ដងៗ ពួកគេមិនចាំបាច់យកទៅជាមួយឆ្នាំង ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ ផុយ ស្រួយ ងាយបាក់បែក ។ នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឫស្សីណាដែលមានប្រហោង ធំៗ យកមកដាំស្ល ដោយដាក់បំពង់ឫស្សីបញ្ឈររួចដុតភ្លើងជាការស្រេច ។

ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យនោះ ក៏យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឫស្សីមានរសជាតិឆ្ងាញ់ខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតា ។ នៅពេលដែលពួកគេត្រឡប់ពីព្រៃវិញ ពួកគេបានផ្សព្វផ្សាយពីវិធីចង្អិនអង្ករដំណើបក្នុងបំពង់ឫស្សីដល់អ្នកភូមិ ។

ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថានំក្រឡាន ឱ្យស្រដៀងនឹងឈ្មោះជនជាតិភាគតិចកូឡា ។ ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតនៅក្រឡាន មានការវិវឌ្ឍជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ៕ (ដោយ ៖ ស.ភ.រ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ