ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិហារ​សសរ​១០០បច្ចុប្បន្នលើសពី១០០

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ វិហារ​សសរ​១០០​មាន​ន័យ​ថា «​ប្រាសាទ​មាន​សសរ​១០០» ។ វត្ត​វិហារ​សសរ​១០០​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​មាត់ទន្លេ​មេគង្គ​ត្រើយ​ខាងកើត ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ​ចម្ងាយ​ពី​ទីរួមខេត្ត​ក្រចេះ​៣៦​គីឡូម៉ែត្រ ។ ដើម្បី​ទៅ​ដល់ទី​នោះ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៧…

ខេត្តក្រចេះ ៖ វិហារ​សសរ​១០០​មាន​ន័យ​ថា «​ប្រាសាទ​មាន​សសរ​១០០» ។ វត្ត​វិហារ​សសរ​១០០​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​មាត់ទន្លេ​មេគង្គ​ត្រើយ​ខាងកើត ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ​ចម្ងាយ​ពី​ទីរួមខេត្ត​ក្រចេះ​៣៦​គីឡូម៉ែត្រ ។ ដើម្បី​ទៅ​ដល់ទី​នោះ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៧ ចាស់​ជា​ផ្លូវ​កៅស៊ូ​សល់​ពី​សម័យ​សង្គមរាស្ត្រនិយម តាម​បណ្តោយ​មាត់ទន្លេ ពី​ទីរួមខេត្ត​ក្រចេះ និង​ឆ្ពោះទៅ​ដល់​ស្រុក​សំបូរ ។

បើ​ទោះបីជា​តឹកតាង​ចាស់​ត្រូវ​បាត់បង់​អស់ និង​ជំនួស​មក​វិញ​ដោយ​សំណង់​ថ្មី​រចនាបថ តាម​បែប​សម័យ​ទំនើប​ក៏​ដោយ ប៉ុន្តែ​ទី​អារាម​ដែល​កើត​ចេញពី​ទី​បញ្ចុះសព​បុត្រី​សំណព្វ​របស់​ស្តេច​អង្គ​ច័ន្ទ​រាជា​ទី​២​នា​សម័យ​ចេ​ន​ឡា​គឺ​«​វត្ត​សសរ​១០០» បាន​រក្សា​កិត្តិនាម និង​បាន​ទាក់ទាញ លំហូរ​ភ្ញៀវ​ទេសចរ​ចូល​គោរព​បូជា​សុំ​សេចក្តីសុខ និង​សិក្សា​ពី​ប្រវត្តិ​វ​ត្តិ​ដ៏​ចំណាស់​នេះ​មិន​ដែល​លស់​ថ្ងៃ​ឡើយ ពិសេស​ភ្ញៀវ​បរទេស​ក៏​ចាប់អារម្មណ៍​ដែរ​។

វត្ដ​វិហារ​សសរ​១០០​ស្ថិត​នៅ​ក្បែរ​មាត់ទន្លេ​មេគង្គ វត្ត​នេះ​បាន​ស្ថាបនា​ឡើង​នៅ​ចំ​ទីតាំង​រាជវាំង​នគរ​ស​ម្ភ​បុ​រៈ​នៃ​អាណាចក្រ​ចេ​ន​ឡា​ក្នុងស្រុក​សំបូរ នា​សម័យ​ព្រះបាទ​អង្គ​ច័ន្ទ​រា ជាទី​២​​ក្នុង​សត​វត្ស​​ទី​១៦​ដើម្បី​ឧទ្ទិស​ដល់​បារមី​វិហារ​សសរ​១០០ ដើម្បី​ថែរក្សា​ព្រលឹង​ព្រះ​នាង វរ​ភ័ក្ត្រ​ឬ​ក្រពុំ​ឈូក​​ជា​បុត្រី​របស់​ព្រះ​អង្គ​ដែល​ត្រូវ​ក្រពើ​នេន​ធន់​ស៊ី ។ ព្រះ​វិហារ​សសរ​១០០​សង់​បែរមុខ​ទៅ​ទិស​ខាង​ជើង​ខុស​ពី​ព្រះ​វិហារ​ដទៃ​ទៀត ។

តើ​វិហារ​សសរ​១០០ មាន​ប្រវត្តិ​បែប​ណា ?
បើ​តាម​រឿងព្រេង​បាន​តំណាល​ថា វិហារ​សសរ​១០០ បាន​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១៦ រជ្ជកាល​ព្រះបាទ​ច័ន្ទ​រាជា​ទ្រង់​គង់នៅ​អតីត​រាជធានី​ឧត្តុង្គ​។ ទ្រង់មាន​ព្រះរាជ​បុត្រី​មួយ​អង្គ​ព្រះ​នាម​វរ​ភ័ក្ត្រ ។ នៅ​ពេល​ដែល​ព្រះរាជ​បុត្រី​ប្រឈួន ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​ទៅ​និមន្ត​ព្រះ ចៅអធិការ វត្ត​នាគ​សែន​(​មា​នទី​តាំងនៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​) មក​ដើម្បី ព្យាបាល​ជំងឺ​របស់​ព្រះរាជ​បុត្រី ។ នៅ​ពេល​ដែល​ព្រះ​ចៅអធិការ​មិន​នៅ នេន​ធន់ ជា​សិស្ស​សំណព្វ​របស់​គាត់​បាន​លួច រៀន​វិជ្ជា​មន្តអាគម ស្ងាត់​ៗ ហើយ​បាន​កាឡាខ្លួន​ទៅ​ជា​សត្វ​ក្រពើ​ហៅ​ថា «​ក្រពើ​នេន​ធន់​» ។ ពេល​ដែល​គ្រូ​បាន​មក​ដល់​វិញ នេន​ធន់​បាន​ក្លាយទៅជា​ក្រពើ និង​មិន​អាច​ត្រលប់​មក​ក្លាយជា​មនុស្ស​វិញ​បាន​ទេ ។ ក្រោយមក​គាត់​តែងតែ​ដឹក​គ្រូ​នៅ​លើ​ខ្នង​ដើម្បី​ទៅ​ព្យាបាល​ជំងឺ​បុត្រី​របស់​ស្តេច​ជា​រឿយ​ៗ​។ ថ្ងៃមួយ​មាន​ក្រពើ​មួយ​ឈ្មោះ​សុពណ៌​កាឡី​ចង់​ផ្ចាញ់​នេន​ធន់ ក៏​បាន​បង្អាក់ដំណើរ​នេន​ធន់ នៅ​ពេល​កំពុង​តែ​ដឹក​គ្រូ​មក​ពី​វាំង​វិញ​។

រឿងព្រេង​បាន​តំណាល​ទៀត​ថា ក្រពើ​ទាំង​ពីរ​បាន​ចាប់ផ្តើម​វាយប្រហារ​គ្នា ។ នេន​ធន់​មិន​អាច​រក​វិធី​ជួយ​គ្រូ​បាន ក៏​សម្រេចចិត្ត លេប​គ្រូ​ចូល​ក្នុង​ពោះ ដើម្បី​រក្សា​សុវត្ថិភាព​មួយ​រយៈ​។ ការ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​៣​ថ្ងៃ ៣​យប់​ហើយ​ចុង​ក្រោយ​សុពណ៌​កាឡី​បាន​ចាញ់ និង​ស្លាប់​បាត់​ទៅ និង​បាន​ក្លាយទៅជា​ភ្នំ ដែល មានឈ្មោះ​ថា ភ្នំ​សុពណ៌​កាឡី មក​ដល់​សព្វថ្ងៃ ។ នៅ​ពេល​នេន​ធន់ ខ្ជាក់​គ្រូ​ចេញ​មក​ពី​ពោះ​វិញ គាត់​បាន​សុគត​បាត់​ទៅ​ហើយ ។ នេន​ធន់​មាន​អារម្មណ៍​សោកស្តាយ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់ បុត្រី​របស់​ស្តេច ដោយ​គិត​ថា​មក​ពី​នាង ជាដើម​ហេតុ​ធ្វើ​ឲ្យ​គ្រូ​របស់​គាត់​ស្លាប់ ។ នេន​ធន់ លួច​លេប​បុត្រី​របស់​ស្តេច​ចូល​ក្នុង​ពោះ​ដែល​កំពុង​តែ​លេង​នៅ​មាត់ទឹក​ក្នុង​ព្រះរាជវាំង ។ ចំណែក​ព្រះ​អង្គ​ច័ន្ទ​រាជា​បញ្ជា​ឲ្យ​គេ​ទៅ​តាម​នេន​ធន់ រហូត​ចាប់​បាន​នេន​ធន់​នៅ​កន្លែង​មួយ​ហៅ​ថា សំបូរ ហើយ​ក៏​បាន​វះ​ពោះ​ក្រពើ​នោះ​ដើម្បី​យក​បុត្រី​ចេញ​មក​ក្រៅ ។ ព្រះ​អង្គ​បាន​សម្រេចចិត្ត​បញ្ចុះសព​របស់​នាង​នៅ​ស្រុក​សំបូរ ហើយ​សាងសង់​វត្ត​សសរ​១០០​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​របស់​បុត្រី ។

វិហារ​សសរ​១០០​បាន​ក្លាយទៅជា​កន្លែង​សក្ការៈបូជា​មួយ​សម្រាប់​ប្រជាជន​ក្នុង ខេត្តក្រចេះ​មក​ទល់​សព្វថ្ងៃ ។ បន្ថែម​ពីលើ​នេះ​ទៀត បើ​តាម​រឿងតំណាល​ទៀត​ថា ការ​សង់​សង់​ព្រះ​វិហារ​សសរ​១០០ ពី​អង្គ​ច័ន្ទ​រាជា​ទី​២ កាលសម័យ​នោះ គឺ​បាន​ធ្វើ​ឡើង​ដោយ​មានការ​បូជា ជីវិត​ពី​នារី​ក្រមុំ​ព្រហ្មចារី​ចំនួន​១០០​នាក់​ផង​ដែរ ។ អ្នកបម្រើ​ចំនួន​១០០​នាក់​សុ​ទ្ឋ​សឹង​ក្រមុំ ព្រហ្មចារី​ជា​អ្នកបម្រើ​របស់​ព្រះ​នាង​វរ​ភ័ក្ត្រ បាន​ស្ម័គ្រចិត្ត​បូជាជីវិត​ទៅ​ជាមួយ​ព្រះ​នាង​ដែរ ហើយ​ត្រូវ​បាន​គេ​យក​អ្នកបម្រើ​ទាំងនោះ​ទៅ​ដាក់​នៅ​ព្រះ​វិហារ​នោះ​ដែរ ។ ដូច្នេះ​មាន​ន័យ​ថា សសរ​ទាំង​១០០​ដើម​នោះ​គឺ​តំណាង​ឲ្យ​អ្នកបម្រើ​ទាំង​១០០​នាក់​របស់​ព្រះ​នាង ។

វត្ត​សសរ​១០០ កាលសម័យ​អង្គ​ច័ន្ទ​រាជា​ទី​២ មាន​បណ្ដោយ​៣០​ម​x១០​ម ចំណុះ​សសរ​១០០ តម្កល់​លើ​ខឿន ដែល​មាន​កម្ពស់​ជាង​១​ម៉ែត្រ គេ​សង់​បែរមុខ​ទៅ​ទិស​ខាងជើង ។ ចាស់ទុំ​ខ្លះ​ដំណាល​ថា ព្រះ​វិហារ​នេះ​ធំ​សម្បើម​ណាស់ មុន​នឹង​លើក​សសរ​ទាំង​១០០​បញ្ឈរ​ឡើង រណ្ដៅ និ​មួយ​ៗ​សុទ្ធតែ​កល់​ក្រាល​ដោយ​នារី​ព្រហ្មចារី​ចំនួន​១០០​នាក់ ។ មុន​នឹង​លើក​សសរ​នេះ​ឡើង​ព្រះរាជា​ទ្រង់​ឲ្យ​ធ្វើ​ពិធី​មួយ​ហៅ​ថា «​ពិធី​បូជាយញ្ញ​» ឧទ្ទិស​ដល់​អ្នកតា​ម្ចាស់​ស្រុក​នៅ​ទីនោះ ។ ពិធី​នេះ​គេ​ឲ្យ​ក្រមុំ​ព្រហ្មចារី​ចំនួន​១០០​នាក់ តាក់តែង​គ្រឿងអលង្ការ យ៉ាង​ស្អាតបាត​ពាក់​អង្កាំ​នៅ​តាម​ដៃ កជើង​ហើយ​អង្គុយ​បែរមុខ​ឆ្ពោះទៅ​រក​រណ្ដៅ​ទាំង​១០០ ដោយ​កៀក​ជិត​មាត់​រណ្ដៅ​ដៃ​ប្រណម្យ​ឡើង​កាន់​គ្រឿង​សក្ការបូជា ឯ​ក្រុម​ពេជ្ឈឃាត ទាំង​១០០​នាក់​ឈរ​ពីក្រោយ​ខ្នង ដៃ​កាន់​ដាវ​យ៉ាង​មុត​ប្រុង​ចាំ​ស្ដាប់​សញ្ញា​គង​ជ័យ​ដែល​ក្រុម​បុរោហិត​បាន​គោះ​។ គេ​ទាំងឡាយ​ប្រុង​ចាំ​ស្ដាប់​សញ្ញា​ទាំងនោះ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ពេល​ឮ​សញ្ញា​គង​បន្លឺ​ស័ព្ទ​គ្រប់​៣​ដង ពេជ្ឈឃាត​ទាំងនោះ វាត់​ដាវ ព្រម​ៗ​គ្នា​មួយ​ខ្វាច់​បណ្ដាច់​ក នាង​ៗ​ទាំងនោះ ហើយ​រុញ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​សសរ​១០០ ក្នុង​គោលបំណង​ឲ្យ​នាង​ទាំងនោះ​នៅ​ថែរក្សា សសរ​ទាំង​១០០ មួយ​ៗ​ម្នាក់​ជា​អមតៈ ។ នៅ​ពីមុខ​វិហារ​សសរ​១០០ ស្តេច​បានឱ្យ​គេ​ធ្វើ​ចេតិយ​មួយ​យ៉ាង​ធំ ហើយ​ដើរ​ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​២០​នាក់ មក​សម្លាប់​យក​ក្បាល​ធ្វើ​ជា​គ្រឹះ​ចេតិយ ហើយ​ឱ្យ​សាង​រូ​បក្ស​ត្រី​ក្រពុំ​ឈូក​ឈរ​លើ​ចេតិយ​ដោយ​តម្រូវ​ឲ្យ​គេ​ឱ្យ​គេ​យក​ស្បែក​ក្រពើ​នេន​ធន់​ទៅ​ពន្លះ​ឆ្កាង​ទាំងអស់​នៅ​ក្បែរ​ចេតិយ​នោះ ។

តាម​សេចក្តី​តំណាល​របស់​អ្នកស្រុក​ជំនាន់​ដើម​ថា កាល​ណោះ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន ដើរ​កាត់មុខ​ចេតិយ​នោះ​ទេ បើ​ស្ត្រី​មាន​ផ្ទៃពោះ​ដើរ​កាត់មុខ​នឹង​ត្រូវ​ស្លាប់​ភ្លាម ។ រហូត​ដល់​ក្រោយ​ទៀត​ឲ្យ​តែ​មាន​ពិធី​បុណ្យសព​គេ​តែង​ចង​ទង់ក្រពើ​ជា​និច្ច ។ បច្ចុប្បន្ន​ដោយសារ​ស្បែក​ក្រពើ​ថ្លៃ​ទើប​គេ​យក​ក្រណាត់​កាត់​ជា​រាង​ក្រពើ​មក​ធ្វើ​ជំនួស​វិញ ។ ក្រោយ​ជួប​គ្រោះ​ធម្មជាតិ និង​ស្ថានភាព​បច្ចុប្បន្នរយៈពេល​ក្រោយមក​ព្រះ​វិហារ​ត្រូវ​បាន​បំផ្លាញ​ដោយ​រន្ទះបាញ់ ដែល​បាន​ធ្វើ​ឲ្យ​សសរ ២២​ដើម​ឆេះ​អស់ ហើយ​ព្រះពុទ្ធ​បដិមា​ប្រឡាក់​ដោយ​ផ្សែងភ្លើង ។ ដោយសារ​គ្រោះ​ធម្មជាតិ នោះ​ប្រជាជន​នៅ​ទីនោះ​បាន​ស្ថាបនា​ព្រះ​វិហារ​នេះ​ឡើង​វិញ ប៉ុន្តែ​មាន​សសរ​តែ​៧៨​ដើម​ទេ​។
រហូត​មក​ដល់​ឆ្នាំ​១៩៨៧ ព្រះ​វិហារ​សសរ​១០០ ត្រូវ​បាន​រុះរើ​សាងសង់​ឡើង​វិញ​ដោយ​មាន​បណ្ដោយ​៣៥​ម៉ែត្រ​ទទឹង​១៨​ម៉ែត្រ កម្ពស់​២៣​ម៉ែត្រ និង​សសរ​១១៦​ដើម ។ ព្រះ​វិហារ​សសរ ១០០ ថ្មី​នេះ​ត្រូវ​បាន​ស្ថាបនា​រួចរាល់ និង​បញ្ចុះសីមា​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​១៩៩៨ ។ រហូត​​មក​ទល់​សព្វថ្ងៃ​ដោយ​មាន​ជំនឿ​លើ​បារមី​ព្រះ​នាង​វរ​ភ័ក្ត្រ ថា​ពូកែ​សក្តិ​សិទ្ធិ​ពុទ្ធ បរិស័ទ​ទាំង​នៅ​ក្នុងភូមិ​និង​ក្រៅ​ភូមិ តែងតែ​នាំ​គ្នា​យក​ផ្កា​ភ្ញី​ធូប​ទៀន និង​គ្រឿង​ដ​តង្វាយ​ផ្សេង​ៗ បែ​បន់​មិន​លស់​មួយ​ថ្ងៃ ទាំង​នៅ​មុខ​ចេ​តិ​ព្រះ​នាង​វរ​ភ័ក្ត្រ ឬ​ព្រះ​នាង​ក្រពុំ​ឈូក និង​ព្រះ​អង្គ​ធំ​ដែល​បាន​ដាក់​តម្កល់​លើ​ព្រះ​វិហារ​សរសរ​១០០ ។

មាន​វ័យ​៧៥​ឆ្នាំ លោកតា​អាចារ្យ​ឈ្មោះ អ៊ុ​ក ឌឿ​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មាន​ប្រសាសន៍​ថា ដោយ​មាន​ជំនឿ​លើ​បារមី​ក្នុង​វត្ត ពលរដ្ឋ​តែងតែ​នាំ​គ្នា​បែ​បន់​ជា​រៀងរាល់ថ្ងៃ ។ ការ​បែ​បន់​របស់​អ្នក​ភូមិ និង​អ្នក​នៅ​ក្រៅ​ភូមិ​មាន​ច្រើន​នៅ​ក្នុង​ថ្ងៃសីល ។ មិនតែប៉ុណ្ណោះ​សូ​ម្បី​តែ​ជនបរទេស​ដែល​កាន់សាសនា​ព្រះពុទ្ធ​ក៏​បាន​ចូល​មក​អុជ​ធូប​និង​បែ​បន់​ដូច​គ្នា​ដែរ ។ លោកតា​អាចារ្យ ក៏​ដូច​ជា​អ្នក​ភូមិ​បាន​រៀបរាប់​ដូច​គ្នា​ថា វត្ត​នេះ​មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ​ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ជំនឿ​ក្នុង​ការ​បែ​បន់ ដែល​ផ្តល់​មក​វិញ​ដូច​អ្វី​ដែល​គេ​ប៉ងប្រាថ្នា ។ អ្វី​ដែល​ចម្លែក​នោះ នៅ​ក្នុងស្រុក​សំបូរ មាន​ព្រះ​វិហារ ធំ​ៗ​ចំនួន​៤ ដែល​ត្រូវ​បាន​សាងសង់ តាំងពី​សម័យ​ដើម ។ វិហារ​ទាំង​៤​នោះ ត្រូវ​បាន​សាងសង​បែរមុខ​ទៅ​ទិស​ផ្សេង​គ្នា​គ្រប់​៤​ទិស ។ ដោយឡែក​វិហារ​ធំ​សរសរ​១០០ ត្រូវ​បាន​សាងសង់​បែរមុខ​ទៅ​ទិស​ខាងជើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ