ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់រាយ​ទូរស័ព្ទ​ចម្រុះ​ពេញ​និយម​នៅ​ប្រទេស​វៀតណាម ចាប់ផ្ដើម​ចូល​ទីផ្សារ​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​លក់រាយ​ទូរស័ព្ទ​ និង​គ្រឿងបន្លាស់​យីហោ​មក​ពី​ប្រទេស​វៀត​ណាម ​និង​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​នោះ បាន​សម្លឹង​មើល​ពី​សក្ដានុពល​ក្នុង​ការ​បើក​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​ឱ្យ​បាន​១០​​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៨​នេះ ។​ ​បើ​តាម​ការ​បញ្ជាក់​របស់​លោក…

រាជធានី​ភ្នំពេញ ៖ ហាង​លក់រាយ​ទូរស័ព្ទ​ និង​គ្រឿងបន្លាស់​យីហោ​មក​ពី​ប្រទេស​វៀត​ណាម ​និង​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេស​នោះ បាន​សម្លឹង​មើល​ពី​សក្ដានុពល​ក្នុង​ការ​បើក​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​ឱ្យ​បាន​១០​​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៨​នេះ ។​

​បើ​តាម​ការ​បញ្ជាក់​របស់​លោក Tran Kinh Daonh ម្ចាស់​ភាគហ៊ុន​ និង​អគ្គនាយក​ក្រុម​ហ៊ុន MWG JSC ដែល​គ្រប់គ្រង​ហាង​លក់រាយ​ទូរ​ស័ព្ទ និង​គ្រឿងបន្លាស់ BigPhone បាន​ឱ្យ​ដឹង​ថា ការ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា របស់ BigPhone មិន​មាន​បំណង​ណាមួយ​ផ្ដួល​​គូរ​ប្រជែង​របស់​ខ្លួន​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ BigPhone នឹង​ពង្រីក​ខ្លួន​ឱ្យ​បាន​ល្បី​ និង​មាន​ប្រជាប្រិយ​នៅ​ក​ម្ពុជា​ឱ្យ​ដូច​នៅ​ប្រទេស​វៀតណាម​ដែរ ដោយ​ទាញ​ឱ្យ​អាជីវកម្ម​លក់​រាយ ទូរស័ព្ទ​នៅ​កម្ពុជា​កាន់តែ​ពេញ​និយម ។

​លោក Tran Kinh Daonh បន្ត​ថា ៖ «ហាង BigPhone នៅ​ក្នុង​ប្រទេស​វៀតណាម ជា​ហាង​​ដែល​មាន​ប្រជាប្រិយ​ និង​មានការ​ទទួលស្គាល់​ពី​ប្រជាជន​វៀតណាម​យ៉ាង​ខ្លាំង ជាក់​ស្ដែង​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​២០១៧ ​របស់ BigPhone ក្នុង​ប្រទេស​វៀតណាម​ ទទួល​បាន​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ដែរ​ ប្រាក់​ចំណេញ​សុទ្ធ​នៅ​ក្នុង​ឆ្នាំ ២០១៧​ កន្លង​ទៅ​នេះ ក៏​ទទួល​បាន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ » ។

​លោក Tran Kinh Daonh ម្ចាស់​ភាគហ៊ុន​ និង​អគ្គនាយក​ក្រុមហ៊ុន MWG JSC បន្ត​ទៀត​ថា ​ដោយឡែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៨​នេះ BigPhone នឹង​បើក​ឱ្យ​បាន​១០​ទីតាំង​ដោយ​គ្រោង​នឹង​ចំណាយ​​​ប្រាក់​ប្រមាណ​១,៥​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​តាម​បណ្ដា​​វិ​ថី​ធំ​ៗ និង​តំបន់​មាន​សក្ដានុពល​ខ្ពស់​ និង​សង្ឃឹមថា ក្នុង​១​ខែ នឹង​ទទួល​បាន​ចំណូល​​មុន​ចំណេញ​យ៉ាង​ហោច​ណាស់ ៧​ម៉ឺន ទៅ​៨​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ហាង ។

​លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ « យើង​សង្ឃឹម​ទៅ​លើ​អាជីវកម្ម​របស់​យើង នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ទទួល​បានការ​គាំទ្រ ព្រោះ​យើង​បាន​បើក​នៅ​តែ​តាម​បណ្ដោយ​មហា​វិថី​ធំ​ៗ​នៅ​ក្នុង​ក្រុងភ្នំពេញ ដើម្បី​ឱ្យ​អតិថិជន​ងាយស្រួល​ចូល​រក​ទំនិញ​ណា​ដែល​ពួក​គាត់​ត្រូវការ​» ។

​លោក​បន្ថែម​ថា ថ្វី​ត្បិត​តែ​ហាង BigPhone ជា​ប្រែ​ន​មក​ពី​វៀតណាម តែ​រាល់​ទំនិញ​ និង​ផលិតផល​ដែល​ដាក់​លក់​នៅ​ក្នុង​ហាង​នេះ ​គឺជា​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ល្បី​ៗ និង​មាន​ការ​សហការ​នាំ​ចូល​ដោយ​ក្រុមហ៊ុន​នាំ​ចូល​ក្នុងស្រុក​របស់​កម្ពុជា ហើយ​ក៏​មាន​គ្រប់​ម៉ាក​គ្រប់​​ម៉ូ​ដែល​ទូរ​ស័ព្ទ​ទាំងអស់ ដែល​កំពុង​ចរាចរនៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ដូចនេះ​ហើយ​​ហាង BigPhone អាច​ទទួល​ស្វាគមន៍​ភ្ញៀវ​គ្រប់​ឋានៈ​ និង​វណ្ណៈ ។​

​លោក​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​វៀតណាម មាន​ក្រុមហ៊ុន​លក់​ទូរ​ស័ព្ទ​ជា​ច្រើន ក៏​ប៉ុន្តែ​ហាង BigPhone នៅ​តែ​ទទួល​បានការ​គាំទ្រ និង​មាន​កំណើន​លក់​ជា​បន្តបន្ទាប់ ដោយ​ឡែក​​នៅ​កម្ពុជា​វិញ លោក​មើលឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​លើ​ទូរ​ស័ព្ទ​មិន​មាន​ច្រើន​ដូច​នៅ​​វៀតណាម​ទេ ដូចនេះ​ហើយ​លោក​មាន​ក្តី​រំពឹង​ខ្ពស់​លើ​ការ​លក់ និង​កំណើន​ប្រចាំឆ្នាំ​របស់​ខ្លួន ។

​លោក Tran Kinh Daonh ថា​៖ «​ត្រឹម​រយៈពេល​៣​ឆ្នាំ យើង​បាន​ពង្រីក​សាខា​គ្រប់​ខេត្ត​ក្រុង​​ទូ​ទាំង​ប្រទេស​ចំនួន​៦៨​ខេត្ត​-ក្រុង ហើយ​កម្ពុជា​វិញ ដែល​មាន​ត្រឹមតែ​២៥​ខេត្ត​-ក្រុង យើង​គិត​ថា ៣​ឆ្នាំ​ក្រោយ យើង​នឹង​ពង្រីក​ហាង​របស់​យើង​ឱ្យ​បាន​គ្របដណ្ដប់​ទូ​ទាំង​ប្រទេស​​ដែរ » ។​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន MWG JSC បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ BigPhone នៅ​កម្ពុជា​បាន​បើក​ដំណើរការ​ចំនួន​៤​កន្លែង​រួច​ហើយ និង​គ្រោង​បើក​ដំណើរការ ៤​ហាង​ទៀត​នៅ​ពេល​ខាង​មុខ​នេះ ដោយ​ក្នុង​ហាង​នីមួយ​ៗ​ត្រូវ​បោះទុន​ប្រមាណ​​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​ទំហំ​ធំ​ៗ​ និង​ទូលាយ ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ដើរ​រក​ទំនិញ​ដែល​ខ្លួន​ត្រូវការ ។​

​សូម​បញ្ជាក់​ថា ​ជាមួយនឹង​ការ​បើក​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បាន​រៀបចំ​​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​វៀតណាម ​និង​ក្នុងស្រុក​ខ្មែរ​ធ្វើ​ទស្សនកិច្ច​នៅ​ហាង​របស់ BigPhone ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​កំសាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ក្រុង​ភ្នំពេញ​​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ