ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ខ្មែរ ពលករ និង​និស្សិត​ខ្មែរ​នៅ​ជប៉ុន​ប្រមាណ១៥០០​នាក់​ប្រមូលផ្តុំ​គ្នា​ប្រឆាំង​ការ​វា.យ​ប្រហារ​ដ៏​ឃោរឃៅ​របស់​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​រង​ទុ.ក្ខ

6 ម៉ោង មុន

ជប៉ុន ៖ សហគមន៍​ខ្មែរ ពលករ និង​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ប្រមាណ ១ ៥០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ចំនួន…

ជប៉ុន ៖ សហគមន៍​ខ្មែរ ពលករ និង​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ប្រមាណ ១ ៥០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ចំនួន ៦​ទីតាំង នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដើម្បី​សម្តែង​មតិ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​បំផុត ចំពោះ​ទ​ង្វើ​អមនុស្សធម៌​ដ៏​សាហាវឃោរឃៅ​យង់ឃ្នង​របស់​យោធា​ថៃ ដែល​បាន​បើក​ការ​វាយប្រហារ​គ្មាន​រើស​គោលដៅ និង​ប្រើប្រាស់​អាវុធ​គ្រប់​ធុន​ក្នុង​ការ​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា​។

ការ​ប្រមូលផ្តុំ​របស់​សហគមន៍​ខ្មែរ​ទាំង​៦​ទីតាំង​រួម​មាននៅ​ទីក្រុង​តូ​ក្យូ​២​ទីតាំង ខេត្ត​អូ​សា​កា ខេត្ត​អាយ​ឈិ ខេត្ត​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ខេត្ត​ហ្វូ​គូ​អូ​កា​។ តាម​រយៈ​ការ​ប្រមូលផ្តុំ​នេះ ក៏​មានការ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​សហរដ្ឋអាមេរិក និង​ម៉ា​ឡេ​ស៊ី​ប្រចាំ​ប្រទេស​ជប៉ុន និង​ក្រសួងការបរទេស​ជប៉ុន ដើម្បី​អំពាវនាវ​ឱ្យ​ថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន​របស់​យោធា​ថៃ និង​ចាត់វិធានការ​បន្ទាន់ និង​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​នេះ​ឱ្យ​បញ្ឈប់​សកម្មភាព​យ៉ាង​គឃ្លើន​របស់​ខ្លួន​។

ទោះបីជា​អាកាសធាតុ​ត្រជាក់​ស្ទើរ​សូន្យ​អង្សារ និង​មាន​ភ្លៀង​ធ្លាក់​នៅ​ទីតាំង​មួយ​ចំនួន ក៏​អ្នកចូលរួម​ទាំងអស់​បាន​ស្រែក​យ៉ាង​ក្លៀវក្លា​នូវ​ពាក្យស្លោក និង​កាន់​បដា​ដែល​បង្ហាញ​ការ​គោរព​ដឹងគុណ​ដល់​វីរ​កងទ័ព​កម្ពុជា​ដែល​បានការ​ពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ខ្មាំង និង​គាំទ្រ​ពេញទំហឹង​ចំពោះ​ការ​សម្រេចចិត្ត​របស់ រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ថ្កោលទោស ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​របស់​យោធា​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​ការ​បំផ្លាញ​សាលារៀន វត្ត​អារាម និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​របស់​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​។

សហគមន៍​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ទាមទារ​ឱ្យ​សហរដ្ឋ​អាម៉េរិក ម៉ា​ឡេ​ស៊ី និង​សហគមន៍​អន្តរជាតិ ចូលរួម​តាមដាន និង​ដាក់​សម្ពាធ​ដល់​យោធា​ថៃ​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ​យ៉ាង​សាហាវឃោរឃៅ​នេះ​ជា​បន្ទាន់ ដើម្បី​ធានា​ដល់​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន និង​សន្តិភាព​នៅ​ក្នុង​តំបន់​ទាំងមូល​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ បងប្អូន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ក៏​បាន​ប្រមូលផ្តុំ​គ្នា​សម្តែង​មតិ​ថ្កោលទោស​ថៃ​ដែល​បាន​បើក​ការ​វាយប្រហារ​ដ៏​កំរោល រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា ចំនួន ២​ទីតាំង​ផង​ដែរ គឺ​នៅ​ទីក្រុង​តូ​ក្យូ និង​ខេត្ត​អូ​សា​កា ប្រទេស​ជប៉ុន​៕ អត្ថបទ៖សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ