រាជធានីភ្នំពេញ ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍កំពុងសហការគ្នា ដើម្បីប្រែក្លាយល្ខោនអូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោកមួយនេះ ឱ្យទៅជាកម្លាំងសាមគ្គីភាពដ៏មានឥទ្ធិពលមួយ ដោយរាល់ការលក់សំបុត្រនីមួយៗ នឹងត្រូវដក១០ភាគរយសម្រាប់ទៅបរិច្ចាគជួយដល់ជនរងគ្រោះ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ ក្រុមហ៊ុនរៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ ។

នៅក្នុងសេចក្ដីប្រកាសនោះបានឱ្យដឹងថា វណ្ណកម្មរឿង Don Giovanni របស់ Mozart ដែលនឹងបង្ហាញជូនអ្នកទស្សនានាពេលខាងមុខឆាប់នេះៗ គឺជា «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលនឹងចូលរួមចំណែកជួយដោយផ្ទាល់ដល់សហគមន៍ជនភៀសសឹកដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ។

ការចូលរួមជំនួយមនុស្សធម៌ ៖
ដើម្បីគាំទ្រការឆ្លើយតបផ្នែកមនុស្សធម៌ជាបន្ទាន់ ផលិតកម្មនឹងបរិច្ចាគប្រាក់ចំណេញទាំងអស់ (បន្ទាប់ពីបានទូទាត់ថ្លៃផលិតហើយរួចរាល់) របស់ខ្លួន ដល់អង្គការសប្បុរសធម៌ និងអង្គការនានាដែលជួយដល់អ្នកដែលកំពុងត្រូវការជំនួយ ។

ក្រៅពីនេះ ផលិតកម្មបានសម្រេចដក ១០% លើតម្លៃសំបុត្រទាំងអស់ដែលលក់បាន ចាប់ពីវេលានេះតទៅ យកទៅបន្ថែមលើប្រាក់ចំណេញរបស់ខ្លួន ដើម្បីបង្កើនកញ្ចប់ថវិកាជំនួយ ។

ការផ្តល់ជូនអ្នកមានបំណងចង់ចូលរួមទស្សនា ៖
ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន អ្នករៀបចំកម្មវិធីបានប្រកាសបញ្ចុះតម្លៃ ១០% លើសំបុត្រដែលនៅសល់ទាំងអស់ ។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ក្រុមគ្រួសារ ក្រុមហ៊ុន និងអ្នកស្រឡាញ់វប្បធម៌ចូលរួមបានកាន់តែច្រើន រួបរួមគ្នាជុំវិញវប្បធម៌ មេត្តាធម៌ និងសកម្មភាពមនុស្សធម៌ ។

ព័ត៌មានអំពីកម្មវិធី ៖
ការសំដែង ៖ ល្ខោនអូប៉េរ៉ា Mozart’s Don Giovanni – មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព
• កាលបរិច្ឆេទ ៖ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៦ និង ៣០ នាទីល្ងាច
ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ២ រសៀល ។
• ទីតាំង ៖ សាលមហោស្រពណាបា នៃណាហ្កាវើលដ៍ ២ រាជធានីភ្នំពេញ

មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ សង្ឃឹមថា អ្នកទាំងអស់គ្នា ក្រុមហ៊ុន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសមាគមវប្បធម៌នានានឹងចូលរួមតាមរយៈតន្ត្រី ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ ។
សម្រាប់សំបុត្រ និងព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ ៖ www.phnompenhopera.com ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ